ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់និងត្រៀមវិធានការទប់ស្កាត់ «មហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយ ១ ក្តាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាពកម្ពុជា» ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងមានការប្រែប្រួល។
លោក ហ៊ុន ម៉ាណែត បានណែនាំបែបនេះតាមរយៈសារលិខិតផ្ញើជូនថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង និងយោធិនទាំងអស់ ទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា១៩៩៩-២៤ មករា ២០-២៤) នាថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។
តាមរយៈសារលិខិតនេះលោកបញ្ជាក់ថា៖ «ទោះបីជាយើងមានមោទនភាពចំពោះស្នាដៃនិងសមិទ្ធផលជាច្រើនដែលសម្រេចបានមកហើយយ៉ាងណាក្ដី ប៉ុន្តែយើងទាំងអស់គ្នាក៏សុទ្ធតែបានជ្រួតជ្រាបថា ឆ្នាំ ២០២៤ នេះ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលតិចតួច ឬដោយប្រយោលពីស្ថានការណ៍អសន្តិសុខរបស់ពិភពលោកក៏ដោយ បញ្ហាអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទនៅតែជាកម្មវត្ថុដ៏សំខាន់ប្រកបដោយគ្រោះថ្នាក់»។
លោក ហ៊ុន ម៉ាណែត បានបន្តថា៖ «គួបផ្សំនឹងភាពផុយស្រួយដែលបង្កឡើងដោយការវិវឌ្ឍ ប្រែប្រួលនៃសភាពការណ៍អន្តរជាតិ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់មហាអំណាច ការប៉ុនប៉ងជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងបញ្ហាបដិវត្តន៍ពណ៌ ព្រមទាំងការគំរាមកំហែងលើឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងមហិច្ឆតារបស់ជនក្បត់ជាតិ និងអ្នកនយោបាយមួយក្តាប់តូច ដែលចាំបាច់ទាមទារឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រៀមវិធានការទប់ស្កាត់ប្រកបដោយភាពបត់បែន និងម្ចាស់ការ»។
បើតាម លោក ហ៊ុន ម៉ាណែត គោលដៅដ៏សំខាន់ ២ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ចដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសគឺគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនេះ ក៏កំពុងតែផ្តល់ឱកាសមួយសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ។
ក្នុងន័យនេះ លោកនាយករដ្ឋមន្ត្រីបានណែនាំឱ្យកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទក៏ដូចជាគ្រប់បណ្តាកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវតែបន្តជំរុញយកចិត្តទុកដាក់លើការងារកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងធ្វើយ៉ាងណា កសាងពង្រឹងអង្គភាពឱ្យបានរឹងមាំលើគ្រប់វិស័យដែលជាមូលដ្ឋានដ៏ចាំបាច់ធានាឱ្យការដឹកនាំបញ្ជា ការកសាងកម្លាំង និងការពង្រឹងប្រៀបការពារជាតិរឹងមាំ។
ជាមួយគ្នានោះដែរ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក៏បានផ្ញើលិខិតអបអរសាទរពិធីរំឭកខួបលើកទី២៥ ឆ្នាំនេះដែរ ដោយលោកលើកឡើងថា កងទ័ពជើងគោកបានអនុវត្តបានយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់បទល្មើស និងសកម្មភាពខុសច្បាប់។
លោក វង្ស ពិសេន ថា៖ «កងទ័ពជើងគោកក៏បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានាដូចជា បទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានបំណងបង្កអស្ថិរភាពនយោបាយសង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា»។
លោកបន្តថា កងទ័ពជើងគោកក៏បានរួមចំណែកក្នុងការងារមនុស្សធម៌ ដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានាក្នុងនោះកងទ័ពជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅកម្ពុជាផងដែរ។
លោក វង្ស ពិសេន បន្ថែមថា កងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធឧបទេសសិក្សាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិតដោយកំណត់ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោកបានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសនានាហើយក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងសកលលោកតាមរយៈការចុះអនុស្សរណៈយោគយល់ និងលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមបានថ្លែងថា សន្តិភាព គឺជាមូលដ្ឋាននៃការអភិវឌ្ឍ និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ មិនថា ប្រជាពលរដ្ឋកម្ពុជា ឬប្រជាពលរដ្ឋនៅលើពិភពលោកនោះទេ។ ដូច្នេះតួនាទីរបស់កងទ័ព គឺធ្វើយ៉ាងណារក្សាសន្តិភាពសុវត្ថិភាព និងបូរណភាពដែនដី ជូនប្រទេសជាតិ។
លោកបន្តថា ដោយឡែក បើមានក្រុមជ្រុលនិយមដែលមានបំណងធ្វើភេរវកម្ម ឬឱ្យមានអសន្តិសុខនៅក្នុងសង្គមដែលផ្ទុយទៅនឹងច្បាប់ កងទ័ពមានតួនាទីយ៉ាងសំខាន់អនុវត្តចាត់វិធានការ។ លោក ជ័យ តិច ថ្លែងថា៖ «កងទ័ពមានតួនាទីសំខាន់ ក្នុងការរក្សាសន្តិភាព និងបូរណភាពទឹកដីរបស់ប្រទេសយើង។
ដូចដែលយើងបានជ្រាបហើយ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍ និងការរស់រានមានជីវិតទេ។ ឧទាហរណ៍ដូចបច្ចុប្បន្ន ប្រទេសដែលមានសង្គ្រាម នៅមជ្ឈិមបូព៌ា នៅអ៊ុយក្រែន និងរុស្សី និងបណ្តាប្រទេសមួយចំនួនទៀត ទុក្ខសោកយ៉ាងណា យើងឃើញទាំងអស់គ្នាហើយ»។
លោកបន្តថា បើមានការបះបោរឬមានការបង្កអសន្តិសុខ និងការបាត់បង់បូរណភាពដែនដីរបស់កម្ពុជា កងទ័ពមានតួនាទីក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន៕