​ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានបាន​ថ្លែងថា បើទោះបី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទំនើប​មានការ​រីក​ចម្រើន​ខ្លាំង និង​បាន​ដើរតួនាទី​ជំនួស​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​ក្នុងការ​ផ្តល់ព័ត៌មាន តាមរយៈ​បណ្តាញ​សង្គម​នានា​ដើម្បី​ជា​ប្រភពព័ត៌មាន​របស់ខ្លួន​ក៏ដោយ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​នៅតែ​ដើរតួនាទី​សំខាន់ មិនអាច​ចោល​បាន នៅក្នុង​បរិបទ​ឌី​ជី​ល​ដែលមាន​ព័​ត៌​មាន​ពិត និង​ព័ត៌មាន​ក្លែងក្លាយ​នៅ​លាយឡំ​គ្នា​។​


​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​ដូចនេះ បាន​ធ្វើឡើង​ក្នុងឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ​២០២៤ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៤ នា​សាលប្រជុំ​ចតុម្មុខ​មង្គល ទីស្តីការក្រសួង​ព័ត៌មាន​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា អ្វីដែល​ក្រសួង​បានធ្វើ គឺ​ទទួលបាន​ការអបអរ​សាទរ និង​ស្វាគមន៍​ពី​សាធារណជន ជា​ពិសេស​នៅក្នុង​រយៈពេល​ចុងក្រោយ​នៃ​ការដាក់​វិធានការ​ចំពោះ​ការរៀបចំ​សណ្តាប់ធ្នាប់​នៅក្នុង​វិស័យ​ព័ត៌មាន គឺ​សំដៅលើ​ការផ្សព្វផ្សាយ​តាម​អន​ឡាញ ដោយ​បងប្អូន​អ្នកកាសែត​អន​ឡាញ​មួយចំនួន​បាន​បង្កើត​នូវ​បញ្ហា​។ ប៉ុន្តែ​យើង​បានដាក់​ចេញ​វិធានការ​បាន​ទាន់ពេលវេលា​»​។​


​ជាមួយគ្នា​នោះដែរ លោក នេត្រ​ ភក្ត្រា ក៏បាន​ប្រកាស​ចេញផ្សាយ​ឡើងវិញ​នូវ​កាសែត​កម្ពុជា ​«Kampuchea» ដោយ​គិត​មកដល់ពេលនេះ មាន​អាយុកាល ៤៥ ​ឆ្នាំ និង​ត្រូវបាន​ខកខាន​ចេញ ផ្សាយ​មួយរយៈ​មកហើយ​នោះ នឹង​ប្រែខ្លួន​ស្របតាម​បរិបទ​ឌីជីថល ដោយ​ត្រូវ​ផ្សាយ​ដោយ​ការបោះពុម្ព​ផង និង​អេឡិចត្រូនិក​ផងដែរ​។​

​លោក​បាន​អះអាងថា​៖ «​នៅ​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ១៩៧៩ គឺជា​ថ្ងៃកំណើត​នៃ​កាសែត​កម្ពុជា​។ ឥឡូវនេះ យើង​បានចាប់ផ្តើម​ឱ្យ​ដំណើរការ​ឡើងវិញ​នៅក្នុងនាម​ជា​សារព័ត៌មាន​របស់​ជាតិ ខណៈដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បុរាណ​មួយចំនួន​ត្រូវបាន​បិទទ្វារ​»​។​


​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា​៖ «​ផ្ទុយទៅវិញ ក្រសួង​ព័ត៌មាន​ដែល​យើង​មាន​ស្ថាប័ន​កាសែត​កម្ពុជា​យើង គឺជា​សំឡេង​របស់​ជាតិ យើង​ត្រូវតែ​បន្ត​ទៅមុខ ដើម្បី​ជា​មោទនភាព​របស់​កម្ពុជា​យើង​ផង ដោយ​យើង​មាន​កាសែត​ជាតិ​មួយ ហើយក៏​ជាការ​ធ្វើឱ្យ​សំឡេង និង​ជា​អ្នក​នាំសារ​របស់​រាជរដ្ឋាភិបាល​របស់​យើង​ទៅកាន់​សាធារណជន​ផងដែរ​»​។​

​បើតាម លោក នេ​ត ភក្ត្រា ចាប់ពីពេលនេះ ក្រុមការងារ​ក្រសួង​នឹង​ពិនិត្យមើល​ដើម្បី​ឈានទៅរក​ការបោះពុម្ព ខណៈដែល​បច្ចុប្បន្ន កំពុង​ចាប់ផ្តើម​ផ្សព្វ​ផ្សាយ​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ជាមុនសិន ដែល​គ្រោង​នឹង​សរសេរ​ជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង​។​

​លោក ពុ​យ គា ប្រធាន​ក្លិប​អ្នក​​កាសែត​កម្ពុជា​ថ្លែងថា ការវិវឌ្ឍ​ដ៏​ឆាប់​​រហ័ស​នៃ​សារព័ត៌មាន​ឌីជីថល បាន​បណ្តាលឱ្យ​ប្រទេសមួយ​ចំនួន​រួម​ទាំង​កម្ពុជា​ផងដែរ កាត់បន្ថយ​ជា​អតិបរមា​នូវ​ការតាមដាន​ព័ត៌មាន​បែប​ប្រពៃណី​ (​កា​សែត ទស្សនា​វ​ដ្តី​...)​។​

​លោក​ថ្លែងថា​៖ «​នៅក្នុង​បរិបទ​កម្ពុជា ទោះបីជា​ឃើញ​នៅមាន​សារព័ត៌មាន​មួយចំនួន​តូច​ដែរ ដែល​នៅមាន​ការបោះ​ពុម្ព​ផ្សាយ​ជា​កាសែត​។ មិនទាន់ ទាស់​អ្វី​នោះទេ ដែល​យើង​អាច​រក្សា​នូវ​សារព័ត៌មាន​បែប​ប្រពៃណី​នេះ ព្រោះ​អាច​ថា​ជា​អត្តសញ្ញាណ​មួយ​ដែរ គ្រាន់តែ​ថា ចំនួន​អ្នក​អាន យើង​មិន​រំពឹងថា​មាន​អ្នក​អាន​ច្រើន​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​អ្នក​ដែល​ចាស់ៗ ដែល​គាត់​ពិបាក​ក្នុងការ​ប្រើប្រាស់​បច្ចេក​​វិទ្យា​ឌីជីថល​តាមដាន​ព័ត៌មាន គឺ​គាត់​នៅ​អាន​កាសែត​នៅឡើយ​ទេ​គ្រាន់តែ​ថា ចំនួន​តិច​តួច ដូច្នេះ​បើជា​និមិត្តរូប​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​វា​បើ​ដាក់​ក្នុង​ទីផ្សារ​តែម្តង គឺ​ពិបាក​»​។​

​សូមជម្រាបថា អង្គសន្និបាត​របស់​ក្រសួង​ព័ត៌មាន​នេះ មានការ​ធ្វើ​បទ​បង្ហាញ​ពី​ថ្នាក់ដឹកនាំ និង​អគ្គនាយក​នៃ​អគ្គនាយក​​ដ្ឋា​ន​ទាំង​ ៥ ចំណុះ​ក្រសួង​ព័​ត៌​មាន ដែល​រួមមាន​៖​អគ្គនាយក​​ដ្ឋា​ន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​, អគ្គ​នាយកដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍​,​អគ្គនាយកដ្ឋាន​វិទ្យុ​ជាតិ​, អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​អគ្គនាយកដ្ឋាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា ​(AKP) ដើម្បី​ពិនិត្យ​និង​វាយ​​តម្លៃ​លើ​សមិទ្ធផល​នានា ដែល​សម្រេចបាន​នាពេល​កន្លងមក​។​

​ក្នុងនោះ​ក៏មាន​ការចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​យោបល់ និង​ចែករំលែក​បទពិសោធន៍​ល្អៗ ដើម្បី​រិះរក​ដំណោះស្រាយ​សម​ស្រប ចំពោះ​បញ្ហា​ប្រឈម​នានា និង​បាន​ដាក់ចេញ​នូវ​ទិសដៅ​ការងារ សម្រាប់​ការ​អនុវត្ត​បន្ត​សំដៅ​លើកកម្ពស់​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ ឡើង​ថែមទៀត​ក្នុង​ឧ​ត្ត​ម​ប្រ​យោជន៍​ជាតិ និង​ប្រជាជនកម្ពុជា​។​

​អង្គសន្និបាត​នេះ​ធ្វើឡើង​រយៈពេល​ ២ ​ថ្ងៃ​ ពីថ្ងៃ​ទី​ ២២ ដល់​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ ​២០២៤ ហើយ​តាម​គម្រោង​នៅក្នុង​ពិធី​បិទ​សន្និបាត ដែល​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​ ២៣ ខែមករា ឆ្នាំ ​២០២៤ ​នៅ​សណ្ឋាគារ​រ៉េ​​ស៊ី​ដង់​សុខា នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​៕