​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ បាន​ថ្លែងថា ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​នៅ​ឆ្នាំ​ ២០២៦ ខាងមុខ ជា​ឱកាស​សម្រាប់​កម្ពុជា​អាច​បង្ហាញ​មុខមាត់​រប​ស់​ខ្លួន​បែប​ថ្មី​ទៅកាន់​ឆាក​អន្តរជាតិ ពី​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ប្រាប់​ពិភពលោក​ថា កម្ពុជា​មិនមែនជា​ប្រទេស​ហែកហួរ​គ្នា​ដោយ​សង្គ្រាម​ទៀត​នោះទេ​។


លោក​បានលើកឡើង​បែបនេះ​តាមរយៈ​សន្និសីទកាសែត​នៅ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ​២០២៤ ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅកាន់​បារាំង និង​ស្វ៊ី​ស កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក​ តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ បាន​ថ្លែងថា៖ «​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី​មាន​សមាជិក​រហូត​ជិត ១០០​ ប្រទេស បើសិនជា​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ធ្វើ​នៅ​កម្ពុជា នោះ​នឹងមាន​គណៈប្រតិភូ​ជិត ១០០​ ប្រទេស​មក​ចូលរួម​នៅ​កម្ពុជា ដែលជា​លទ្ធភាព​អាចឱ្យ​ពិភពលោក​ឃើញ​កម្ពុជា​ក្នុង​គន្លង​ថ្មី ដែល​នេះ​ជា​អ្វីដែល​សម្តេច​តេ​ជោ​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​តែង​គិត​ប្រាថ្នា​»​។​


​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​កម្ពុជា​បែប​ថ្មី កម្ពុជា​មិនមែនជា​ប្រទេស ហែកហួរ​ដោយ​សង្គ្រាម​ទៀត​ទេ កម្ពុជា​មិនមែនជា​ប្រទេស​ក្រ​រហាម​ដូច​កាល​ចាក​ចេញពី​សម័យ​ខ្មែរក្រហម ភ្លាមៗ​ទេ កម្ពុជា​ពិតមែនតែ​នៅ​ជា​ប្រទេស​ដែល​ត្រូវការ​ជំនួយ​បរទេស​នៅឡើយ ក៏ប៉ុន្តែ​កម្ពុជា​គួរតែមាន​ការផ្លាស់ប្ដូរ​នៅក្នុង​ស្មារតី​របស់​បណ្ដា​បរទេស​»​។​

​លោក​បាន​បន្តថា កិច្ចប្រជុំ​នៅ​ឆ្នាំ​ ២០២៦ អាចជា​លទ្ធភាព​បើកផ្លូវ​ឱ្យ​ពិភពលោក​សម្លឹង​ឃើញ​កម្ពុជា​ក្នុង​ផ្លូវ​ថ្មី ចំពោះ​កម្ពុជា​ដែល​កំពុង​ក្លាយជា​ទីតាំង​នៃ​ការធ្វើ​វិនិយោគ ហើយ​កម្ពុជា​នឹង​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ពេញមុខ​មាត់​ដូច​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ សំខាន់​ស្ថិរភាព​សង្គម​កម្ពុជា​។​


​លោក ជ័យ តិច អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម បាន​ប្រាប់​ឱ្យដឹងថា សន្និសីទ​ហ្វ្រ​ង់​កូ​ហ្វូ​នី​រៀបចំ​ធ្វើ​រៀងរាល់ ២ ​ឆ្នាំ​ម្តង ដែល​ក្នុង​ឆ្នាំ​ ២០២៤ នេះ​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​កម្ពុជា​ជជែក​ជាមួយ​ភាគី​បារាំង​ដើម្បី​បើក​លទ្ធភាព​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​ ២០២៦ ខាងមុខ ដែល​អាច​ពង្រឹង​សាមគ្គីភាព​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​ហ្វ្រ​ង់​កូ​ហ្វូ​នី​ជិត ៥០ ​ប្រទេស ក្នុងនោះ​មាន​ប្រទេស​ធំៗ​តួយ៉ាង បារាំង កាណាដា និង​ស្វ៊ី​ស ប្រទេស​នៅ​អាស៊ី​មួយចំនួន និង​បណ្តា​ប្រទេស​ពី​តំបន់​អាហ្វ្រិក ជាដើម​។​

​លោក​សង្កត់ធ្ងន់ថា​៖ «​បើ​យើង​ធ្វើជា​ម្ចាស់ផ្ទះ វា​ជាការ​ពង្រឹង​ផ្នែក​ការទូត លើក​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ជាពិសេស​ពង្រឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​។ បន្ថែម​ពីនេះ គឺ​ផលប្រយោជន៍​ទំនាក់ទំនង​វប្បធម៌ និង​ទេសចរណ៍ ដែល​កម្ពុជា​អាច​ទទួល​ជំនួយ​បន្ថែម​លើ​ការអភិរក្ស​សម្បត្តិ​វប្បធម៌​។ យើង​ក៏​អាច​ផ្សាយ​សក្តានុពល​ផ្នែក​ទេសចរណ៍​យើង​ទៅលើ​ពិភពលោក​»​។​

​លោក ជ័យ តិច ថ្លែងថា កិច្ចប្រជុំ​កំពូល​ខាងមុខនេះ ក៏​ជាការ​បើកផ្លូវ​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម ដែល​បណ្តា​ប្រទេស​សមាជិក​អាច​ស្វែងយល់​ពី​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ហើយ​កម្ពុជា​ក៏​នឹង​អាច​ទទួល​ជំនួយ​លើ​វិស័យ​អប់រំ​ពាក់ព័ន្ធ​ចំណេះ​ភាសា​បារាំង ជាមួយនឹង​ជំនួយការ​អភិវឌ្ឍ​នានា​ផ្សេងទៀត​ពី​បណ្តា​ប្រទេស​អ្នកមាន ជា​សមាជិក ជាពិសេស​នោះ​គឺ​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ដែលជា​មុខព្រួញ​នៃ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​។

លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ចំ​ជា​កិត្តិយស​ធំធេង​របស់​កម្ពុជា​ដែល​អាច​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​សម្រាប់​ទាំង​ឆាក​តំបន់ និង​ពិភពលោក ហើយ​ជា​ឆ្អឹងខ្នង​ធំ​សម្រាប់​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​បារាំង និង​ទំនាក់ទំនង​កម្ពុជា​-​សហភាព​អឺរ៉ុប ខណៈ​បារាំង​អាចជា​ស្ពាន​ចម្លង​សម្រាប់​កម្ពុជា​។

​លោក​បាន​បន្ថែមថា ការធ្វើជា​ម្ចាស់ផ្ទះ​នេះ កម្ពុជា​អាចធ្វើ​ការផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ប្រទេស​ខ្លួន​ទៅកាន់​ពិភពលោក​បានដឹង ជាពិសេស​ជុំវិញ​រូបភាព​ទេសចរណ៍ ខណៈ​មាន​គណៈប្រតិភូ​ច្រើន​ចូលមក​កម្ពុជា ក្នុងនោះ​មាន​វត្តមាន​អ្នកសារព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ដែរ​។

លោកថ្លែង​ដោយ​ចង់ឱ្យ​រដ្ឋាភិបាល​ប្រើប្រាស់​កិច្ចប្រជុំ​នេះ ដើម្បី​ជំរុញ​វិស័យ​អប់រំ​ភាសា​បារាំង​នៅ​កម្ពុជា ខណៈ​វា​មានការ​ធ្លាក់ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​បើ​អាច​កែខៃ​កម្ពុជា​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​ភាសា​បារាំង​កម្រិត​តំបន់​មួយ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា ថ្នាក់ដឹកនាំ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​បារាំង បានលើកឡើង​នូវ​ការយកចិត្តទុកដាក់​ដ​ល់​ការលើកកម្ពស់​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​កម្ពុជា​ជា​សមាជិក​ស្ថាបនិក​ដ៏​សកម្ម​មួយ និង​រួមគ្នា​ជំរុញ​វត្តមាន​ភាសា​បារាំង​នៅ​កម្ពុជា ដែលមាន​អ្នក​និយម​និយាយ​ភាសា​បារាំង​ច្រើនជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​។

​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានបង្ហាញ​ជំហរ​គាំទ្រ​ពេញទំហឹង ចំពោះ​បេក្ខភាព​កម្ពុជា​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​ទីក្រុង​ភ្នំពេញ ឆ្នាំ​ ២០២៦ ខាងមុខ​។​

​ចំណែក​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ដែរ​ថា កម្ពុជា​កំពុង​ត្រៀមខ្លួន​រៀបចំ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ផងដែរ​។ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការជំរុញ និង​លើកកម្ពស់​ភាសា​បារាំង​ដែលជា​អាទិភាព​សំខាន់​មួយ​របស់​បារាំង លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រា​ប់លោក ម៉ា​ក្រុង នូវ​គំនិត​ផ្តួចផ្តើម​ផ្ទាល់​របស់លោក​ថា ភាគី​បារាំង​អាច​ពិនិត្យ​លទ្ធភាព បង្កើត​មជ្ឈមណ្ឌល​វប្បធម៌ និង​ភាសា​ប្រចាំ​តំបន់​នៅ​កម្ពុជា តាមរយៈ​ការលើកទឹកចិត្ត​ដល់​ការវិនិយោគ​តាម​រូបមន្ត​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ (PPP)៕