​ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ ឌិ​ត ទីណា បាន​ណែនាំ​ឱ្យ​សមាគម​កសិកម្ម ត្រូវ​ពិនិត្យ​លទ្ធភាព​ចូលរួម និង​ធ្វើការ​ជាមួយ​គម្រោង និង​ដៃគូ​អភិវឌ្ឍ​នានា ដែលមាន​គោលដៅ​ច្បាស់លាស់ ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង ដោយ​ត្រូវ​ធ្វើការ និង​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ តាំងពី​ការផលិត​រហូត​ទីផ្សារ​។


ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងការ​ពិភាក្សា​អំពី​គម្រោង និង​ផែនការ​សកម្មភាព​រប​ស់​សមាគម​កសិកម្ម​ដើម្បី​អភិវឌ្ឍ​ជីវភាព នា​ថ្ងៃទី​ ២៣ ខែមករា​ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង ពី​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ដែល​នឹង​ដើរតួនាទី​យ៉ាងសំខាន់ លើ​ការបណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម និង​ទីផ្សារ​ឱ្យបាន​ដល់​កសិករ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។


ក្រៅពីនោះ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​អាទិភាព​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម គឺ​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប ដែលមាន​ធនធានមនុស្ស​និង​ថវិកា​គ្រប់គ្រាន់ មានការ​គ្រប់គ្រង​ដឹកនាំ​ច្បាស់លាស់ មាន​បច្ចេកទេស និង​ការចំណាយ​ថ្លៃដើម​ទាប មានគុណ​ភាព ព្រមទាំង​មាន​ផែន​ការផលិត​ជាក់លាក់ ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ «​ប្រការ​ចាំបាច់​មួយទៀត គឺ​ការធ្វើការ​រួមគ្នា និង​ទទួលខុសត្រូវ​រួមគ្នា ដើម្បី​ប្រជាពលរដ្ឋ ព្រោះ​យើង​មាន​គោលដៅ​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ជំរុញ​លើកកម្ពស់​វិស័យ​កសិកម្ម បង្កើន​ចំណូល​និង​ផលចំណេញ​ដល់​កសិករ ក៏ដូចជា​ធានាបាន​នូវ​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច​លើ​គ្រប់​អនុវិស័យ​ទាំងអស់​»​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​ដដែល​នេះ​៕