ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា វិស័យ​ព័ត៌មាន​គឺជាកាតាលីករ​យ៉ាងសំខាន់​នៅក្នុងការបង្កើត​ខ្លឹមសារ និងជាអ្នកចែកចាយ​ព័ត៌មាន អំពី​សង្គមជាតិ និងការបង្ហាញ​អំពី​តថភាព​សង្គម និងការអភិវឌ្ឍ។


ការមាន​ប្រសាសន៍នេះ​ ត្រូវបានធ្វើ​ឡើងក្នុងពេល​ធ្វើជា​អធិបតីភាព ពិធីបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារឆ្នាំ​២០២៣ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៤ របស់​ក្រសួងព័ត៌​មាននៅថ្ងៃ​អង្គារទី២៣ ខែមករានេះ។

លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើងថា ក្នុងការអភិវឌ្ឍ​ប្រទេសកន្លងមក វិស័យ​ព័ត៌មាន​បានរួមចំណែក​ដោយផ្អែក​លើមុខងារ​សំខាន់ៗ​ចំនួន៥ ក្នុងនោះរួមមាន៖១. ចូលរួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ ២. បញ្ជូន​ព័ត៌​មាន​​ពិត និងរហ័សទាន់​ពេល ៣.ផ្តល់ព័ត៌មាន បែបអប់រំ និងចំណេះដឹង ៤. ជាឆ្មាំ​ត្រួតពិនិត្យ តុល្យភាព​សង្គម​ដ៏ស្មោះត្រង់ និង៥ ចូលរួមចំណែក​ក្នុងការកែលម្អ​សង្គម​ តាមរយៈ​ការផ្តល់​ព័ត៌មាន​ពិតគ្រប់ជ្រុងជ្រោយ​ប្រកបដោយ​តម្លាភាព និងជាអ្នក​ផ្តល់ធាតុចូលក្នុង​ការរៀបចំ​គោលនយោបាយ​យុទ្ធសាស្រ្ត និងផែនការ​សកម្មភាព​របស់​រាជរដ្ឋាភិបាល។


លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា៖«អំណាច​សារព័ត៌មាន​គឺជាអំណាច​ទី៤។ អំណាចនេះ​ប្រើប្រាស់​ត្រូវគឺ​មានសារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង សម្រាប់​ថែរក្សា​សន្តិភាព ស្ថិរភាព សម្រាប់​ផ្តល់ថាមពល​ឱ្យប្រជាពលរដ្ឋ​យើងអាចធ្វើ​ការសម្រេចចិត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុងការដាក់​ចេញនូវវិធានការណ៍​ប្រសិទ្ធភាព»៕