អាជ្ញាធរខេត្ត​ក្នុង​តំបន់​សមុទ្រ និង​ខេត្ត​ក្នុង​តំបន់​ព្រៃឈើ​បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ រោងចក្រ សហគ្រាស ក៏ដូចជា​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រោះ​អគ្គិភ័យ និង​ភ្លើង​ឆេះ​ព្រៃ ក្នុង​រដូវប្រាំង​នេះ ដែល​កើតឡើង​ដោយសារ​ការដុត​ព្រៃ ដុត​សំរាម និង​កា​រត​បណ្ដាញ​អគ្គិសនី​ជាដើម​។​


លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា ដោយសារ​បច្ចុប្បន្ននេះ ពិនិត្យឃើញ​អាកាសធាតុ​មាន​សភាព​ក្ដៅ​ហួតហែង ដែលជា​កត្តា​មួយ​បង្កឱ្យមាន​គ្រោះរាំងស្ងួត និង​គ្រោះមហន្តរាយ​អគ្គិភ័យ ក៏ដូចជា​ភ្លើង​ឆេះ​ព្រៃ​ជាដើម​។ ដូច្នេះ​ដើម្បី​រក្សាទ្រព្យ​សម្បត្តិ សុវត្ថិភាព និង​អាយុជីវិត មនុស្ស សត្វ រុក្ខជាតិ ក៏ដូចជា​រក្សា​ព្រៃឈើ​ឱ្យនៅ​ស្រស់បំព្រង សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ គ្រប់​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ រួម​នឹង​ប្រជាពលរដ្ឋ និង​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​បង្ការ និង​ទប់ស្កាត់​គ្រោះរាំងស្ងួត និង​គ្រោះមហន្តរាយ​អគ្គិភ័យ​។​

លោក​ក៏បាន​ណែ​នាំឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម សហការ​ជាមួយ​រដ្ឋបាល​ក្រុង​-​ស្រុក ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​ទឹក​ក្នុង​អាង ទំនប់ សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​ដោយ​សន្សំសំចៃ​ផងដែរ​។​


លោក សោម ពិសិដ្ឋ បាន​បញ្ជាក់ថា​៖ «​មន្ទីរ​បរិស្ថាន និង​មន្ទីរ​កសិកម្ម ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ពី​ការបង្ការ ទប់ស្កាត់​អគ្គិភ័យ​ឆាបឆេះ​ព្រៃ​ដល់​សហគមន៍​ព្រៃឈើ​ទូទាំង​ខេត្ត ជាពិសេស​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ទទួលខុសត្រូវ​លើ​ករណី​អគ្គិភ័យ​ដែល​កើត​នៅក្នុង​ទីតាំង​របស់ខ្លួន​»​។​

​លោក​ក៏បាន​ណែនាំ​ដល់​ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ត្រៀម​មធ្យោបាយ​សង្គ្រោះបន្ទាន់ នៅពេល​មាន​អគ្គិភ័យ និង​គ្រោះមហន្តរាយ​ផ្សេងៗ​ដែល​កើតឡើង​ក្នុងអំឡុង​រដូវប្រាំង​នេះ​។​


ដោយឡែក លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល ក៏បាន​ឱ្យដឹង​ដែរ​ថា ក្នុងនាម​ជា​អាជ្ញាធរខេត្ត កន្លងមក​លោក​តែងតែ​ចុះ​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ពី​គ្រោះ​អគ្គិភ័យ ដែល​កើត​ពី​បណ្តាញ​អគ្គិសនី ភ្លើង​ធូប ទៀន និង​ចង្ក្រាន​ជាដើម​។ 

លោក​បាន​ថ្លែងថា​៖ «​យើង​តែងតែ​ផ្សព្វផ្សាយ​រហូត​ពី​បញ្ហា​នេះ ខណៈដែល​យើង​ចុះ​នៅតាម​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ យើង​តែងតែ​និយាយ​ណែនាំ​ឱ្យ​ប្រយ័ត្ន​ជានិច្ច​ចំពោះ​ភ្លើង ទៀន ធូប ក៏ដូចជា​បណ្ដាញ​ខ្សែភ្លើង ជាពិសេស​គឺ​គួរ​ចៀសវាង​ការដុត​សំរាម និង​ចំបើង​ដែល​អាចធ្វើឱ្យ​ឆេះ​»​។ 

លោក​បាន​បន្ថែមថា ក្រៅពី​ការណែនាំ​ទាំងអស់​នេះហើយ​លោក​ក៏បាន​ដាក់ចេញ​វិធានការ​ការពារ និង​ត្រៀម​បង្ការ​ជួយសង្គ្រោះ​មួយចំនួន​ផងដែរ ក្នុងនោះ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ ក៏ដូចជា​ក្រុមហ៊ុន​ឯកជន ដែលមាន​ឡានទឹក ត្រូវមាន​វត្តមាន​ជាប្រចាំ ហើយ​ស្ថិត​នៅក្បែរ​ប្រជាពលរដ្ឋ​ជានិច្ច​។​

ចំណែក​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង បាន​ប្រាប់ឱ្យដឹង​ដែរ​ថា នៅ​ឆ្នាំនេះ ថ្នាក់ដឹកនាំ​ខេត្ត បាន​ណែនាំ​ឱ្យ​កងកម្លាំង​គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅតាម​មូលដ្ឋាន ត្រូវ​ត្រៀម​វិធានការ​ជួយសង្គ្រោះ​ជាបន្ទាន់​ក្នុងករណី​មាន​អគ្គិភ័យ​ដែល​កើតឡើង​ជាយថាហេតុ​។ ជាមួយគ្នានេះ អង្គ​ការដែល​ធ្វើការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​សត្វព្រៃ ក៏មាន​ត្រៀម​ឡានទឹក​សម្រាប់​ជួយ​បង្ការ​ពី​ករណី​ភ្លើង​ឆេះ​ព្រៃ​ផងដែរ​។​

លោក​បាន​បញ្ជាក់ថា​៖ «​ដូច្នេះហើយ​យើង​បានឱ្យ​អាជ្ញាធរ​ចុះទៅ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅកាន់​រោងចក្រ សណ្ឋាគារ ផ្ទះសំណាក់ ធនាគារ អង្គការ​សមាគម ក៏ដូចជា​ក្នុង​សហគមន៍ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ក្នុង​រដូវប្រាំង​នេះ​ពី​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ពី​ការផ្ទុះ​បណ្ដាញ​អគ្គិសនី ភ្លើងទៀន ធូប ដុត​ព្រៃ​ធ្វើ​ចម្ការ ក៏ដូចជា​ការបោះ​ចោល​ក​ន្ទុ​យ​បារី​ជាដើម​ដែរ​»​។​

​ក្រៅពីនេះ សមត្ថកិច្ច​នៅតាម​មូលដ្ឋាន ក៏ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ដោយ​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​ផល​លំបាក​នៃ​គ្រោះមហន្តរាយ​ដោយ​អគ្គិភ័យ ជាពិសេស​សមត្ថកិច្ច ត្រូវ​ហាមឃាត់​ដាច់ខាត​ចំពោះ​ការដុត​ស្មៅ​ជុំវិញ​បរិវេណ​ក្នុង​លំនៅឋាន ការដុត​សំរាម ដុត​ព្រៃ ហើយ​និង​ត្រូវ​ត្រួតពិនិត្យ​ឱ្យ​ច្បាស់លាស់​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន អំពី​កា​រត​បណ្ដាញ​អគ្គិសនី​។ នេះ​បើតាម​ការបន្ថែម​របស់​លោក សុខ សុ​ទ្ធី​។​

សូមបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ ទាំង​ក្រសួងបរិស្ថាន រួមជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានដាក់​ចេញ​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ក្រើនរំឭក​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជា​សហគមន៍​នៅតាម​តំបន់ការពារធម្មជាតិ​ត្រូវ​យកចិត្តទុកដាក់​ទប់​ស្កាត់ និង​ការពារ​កុំ​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​៕