កម្ពុជា​-​វៀតណាម បាន​ព្រមព្រៀង​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​លើ​វិស័យ​សន្តិសុខ​រវាង​ប្រទេស​ទាំង​២ ក្នុង​នោះបាន​ឯកភាពគ្នា​មិន​ឱ្យមាន​កម្លាំងប្រដាប់អាវុធ ឬ​ចលនានយោបាយ​ប្រើប្រាស់​ទឹកដី​នៃ​ប្រទេស​១​ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​​ស្របច្បាប់​នៃ​ប្រទេស​១​ទៀត​នោះទេ​។ នេះ​បើ​យោងតាម​ជំនួប​ដាច់ដោយឡែក​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៤ រវាង​លោក លោក តូ ឡឹម សមាជិក​ការិយាល័យ​នយោបាយ មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ដែលជា​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ជាមួយ​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​


​យោងតាម​ខ្លឹមសារ​នៃ​ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក តូ ឡឹម ដែល​ចេញផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​ហ៊ុន សែន លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួង​នគរបាល​វៀតណាម នៅ​កម្ពុជា​នាពេលនេះ ពិតជា​បានរួម​ចំណែក​បន្ថែមទៀត ក្នុងការ​ពង្រឹង​នូវ​ទំនាក់ទំនង​រវាង​គណ​បក្ស រដ្ឋាភិបាល និង​ប្រជាជន នៃ​ប្រទេស​ទាំង​២ ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​»​។​

​ប្រភព​ដដែល​នេះ​បានឱ្យដឹងថា លោក តូ ឡឹម ក៏បាន​បញ្ជាក់​ផងដែរ​ថា គណបក្ស​កុម្មុយនីស្ត​វៀតណាម ក៏ដូចជា​ប្រជាជន​វៀតណាម គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សាទរ​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​គណបក្ស​ទាំង​២​។​


លោក តូ ឡឺម បានបញ្ជាក់​នៅក្នុង​ខ្លឺ​ម​សារ​នៃ​ប្រភព​ដដែល​នេះ​ថា​៖ «​ទំនាក់ទំនង​រវាង​វិស័យ​សន្តិសុខ​នៃ​ប្រទេស​ទាំង​២​គឺជា​សសរស្ដម្ភ​ដ៏​រឹងមាំ ដែល​យើង​ត្រូវតែ​បន្ត​ពង្រឹង​និង​ពង្រីក ឱ្យ​កាន់តែ​រីកចម្រើន​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស និង​ប្រជាជន នៃ​ប្រទេស​ទាំង​២»​។​

​ក្នុងជំនួប​រវាង​លោក តូ ឡឹម និង​លោក ស សុខា នៅ​ថ្ងៃ​ដដែល​នេះដែរ ភាគី​ទាំង​២ បាន​ពិនិត្យ​និង​វាយតម្លៃ​លើ​សមិទ្ធផល​កិច្ចសហប្រតិបត្តិការ​នា​ឆ្នាំ​២០២៣ រវាង​ក្រសួង​នគរបាល​វៀតណាម និង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​បាន​ចុះហត្ថលេខា​លើ​ផែនការ​ក​សហប្រតិបត្តិ​ការ​ឆ្នាំ​២០២៤​។​


លោក​ ប៉ែន បូ​ណា ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ថ្លែងឱ្យដឹងថា ការឯកភាព​រវាង​ភាគី​ទាំង​២ ចំពោះ​ការមិន​អនុញ្ញាត​ឱ្យមាន​កម្លាំង​អមិត្ត​ប្រើ​ទឹកដី​រៀងខ្លួន​មក​ប្រឆាំង​តបត​ប្រទេស​នីមួយៗ មាន​សារៈសំខាន់​ដែលជា​គោលនយោបាយ​កសាង​ភាពសុខដុមរមនា​រវាង​ប្រទេសជិតខាង​។​

លោក​ថា កន្លងមក​គណបក្សកាន់អំណាច​កម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់​ក្នុង​ការកសាង​ព្រំដែន​រវាង​ប្រទេសជិតខាង​ជា​ព្រំដែន​មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដែល​ទាមទារ​ឱ្យ​ប្រទេស​សងខាង​មិន​អនុញ្ញាតឱ្យ​ប្រទេស​ខ្លូន​ជាទី​ជម្រក​របស់​ក្រុមប្រឆាំង​នៃ​ប្រទេស​មួយទៀត​។​

លោក ប៉ែន បូ​ណា បាន​ប្រាប់ថា​៖ «​គោលនយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ឈរលើ​គោលការណ៍​បែបនេះ​[​កសាង​ព្រំដែន​មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ​] អ៊ីចឹង​ហើយ​កម្ពុជា​យើង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេសជិតខាង​ទាំងអស់ ដោយ​ប្រែក្លាយ​ព្រំដែន​ឱ្យទៅជា​ព្រំដែន​មិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដើម្បី​ភាពសុខសាន្ត​រួមគ្នា​។​

​លោក ​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លើកឡើងថា ទំនាក់ទំនង​នៃ​បក្ស​កាន់អំណាច​ទាំង​២ ជា​ទំនាក់ទំនង​យូរអង្វែង ហើយ​មានការ​ប្រស្រ័យ​ទាក់ទង​គ្នា​ស្អិតល្មួត​យូរយារ​មកហើយ ខណៈ​បាន​ជួយ​គ្នា​ទៅវិញទៅមក ហើយ​នៅ​បន្ត​ធ្វើការ​ជាមួយគ្នា​មកទល់​សព្វថ្ងៃ នៅ​ចំពោះ​មុខការ​កាន់អំណាច​រដ្ឋ​យូរយារ​ដូចគ្នា ខណៈ​កម្ពុជា​នៅតែ​បន្ត​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​វៀតណាម​ជា​ប្រទេស​សង្គមនិយម​ដឹកនាំ​ដោយ​គណបក្ស​តែ​១​គត់​គឺ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​។​

លោក​សង្កត់ធ្ងន់ថា​៖ «​ដ្បិតថា ប្រទេស​ទាំង​២ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ហើយ​ក្តី ប៉ុន្តែ​ត្រូវ​បង្កើន​ភាពជឿ​ទុកចិត្ត​គ្នា និង​តម្លាភាព​ចំពោះ​គ្នា ចំពោះ​ទំនាក់ទំនង​ការបរទេស កិច្ចការ​ព្រំដែន តួយ៉ាង​បញ្ហា​អធិបតេយ្យភាព​ជាដើម​»​។ 

​លោក​ថា ប្រទេស​ទាំង​២ ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់​នឹង​គ្នា​ចំពោះ​ទំនាក់ទំនង​ក្នុងនាម​អ្នកជិតខាង​ល្អ មិត្ត​ប្រកៀក​ស្មា​គ្នា ដើម្បី​ជំរុញ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត ចៀសវាង​ល្អ​តែ​ក្នុងន័យ​នយោបាយ ប៉ុន្តែ​មិនមាន​ក្នុង​សកម្មភាព​ជាក់ស្តែង​៕