ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ និងអ​ង្គការ​​ភ្លែន​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា បាន​ចុះ​អនុស្ស​រណៈយោគ​យល់​គ្នាដើម្បី​គាំ​ទ្រ​ដល់​ដំណើរ​ការ​​ចង​ក្រង​ក្រុម​ឪពុកម្តាយ ក្នុង​ការ​គាំ​ពារ​កុមារ​តូចៗ ក៏​​ដូច​ជា​លើ​ក​​កម្ពស់​​​អនា​ម័យ​នៅរ​ដ្ឋបា​ល​ថ្នាក់​ក្រោ​មជា​តិ​។


ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​លោក សួស ប្រាថ្នា អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ​ ជា​មួយ​លោកស្រី គ្វីន​នេត វ៉ង នាយិកា​ប្រចាំ​ប្រទេស នៃ​អង្គការ​ភ្លែន​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៤​​។

​អគ្គនាយក​ដ្ឋាន​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ​ ​បាន​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ក្រោម​កិច្ចសហការ និង​គាំ​ទ្រ​ពី​អង្គការ​ភ្លែន អគ្គនាយក​ដ្ឋាន​រដ្ឋបាល ទទួល​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​រួមមាន​៖ ការ​បង្កើត​សៀវភៅ​ណែ​នាំ​ស្តី​ពី​ការ​គ្រប់​គ្រង​ដំណើរ​ការ​អប់​រំ​ឪពុកម្តាយ និងអាណាព្យាបាល ក្នុងកា​រ​គាំ​ពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​សម្រា​ប់​ឃុំ​-​សង្កាត់​, ការ​រៀប​ចំ​​វគ្គ​បណ្តុះ​បណ្តាល​ដល់​គ្រូ​បង្គោល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ព្រម​ទាំង​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ជា​ដើម​។ 


ក្រសួង​​បញ្ជាក់​​ថា​៖ «​ដូច្នេះ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជា​ការ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​ ដើម្បី​រួម​ចំណែក​អនុវត្ត​គោល​នយោបាយ​ជាតិ​ស្តី​ពី​ការ​គាំ​ពារ និង​អភិវឌ្ឍន៍​កុមារ​តូច  ក៏​ដូច​ជា​លើក​កម្ពស់​អនាម័យនៅ​​រដ្ឋបាល​ថ្នាក់​​ក្រោម​ជាតិ​ផង​ដែរ​»​។

លោក យី គឹមថាន នាយក​​រ​ង​​ប្រចាំ​​ប្រទេស នៃ​អង្គការ​ភ្លែន​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែមករា ​​​ថា ក្នុង​កិច្ចសហ​​ប្រតិបត្តិការ​ជាមួ​យ​នាយក​ដ្ឋាន​កិច្ច​ការ​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់គឺ​បាន​រួម​គ្នា​ធ្វើ​ការ​ទៅ​លើ​ការ​ពង្រឹង​​គោល​ការណ៍ក្នុ​ង​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​គ្រប់​គ្រង​ដំណើ​រ​​ការ​អប់​រំ​ឪពុក​ម្តាយ អាណាព្យាបាល​ក្នុង​ការ​គាំ​ពារ​ និង​អភិវឌ្ឍន៍​កុមារ​តូច​សម្រា​ប់ឃុំ​-​សង្កាត់​។ 


លោកថា ​ការ​រួម​​​គ្នាពង្រឹង​ទៅលើ​គោល​ការណ៍​ក្នុង​សៀវភៅ​នេះ គឺ​ដោយ​សារ​កន្លង​មក​អង្គការ​របស់​លោ​ក បាន​ជួយ​គាំ​ទ្រ​ដល់​ក្រសួងមហាផ្ទៃក្នុង​ការ​រៀប​ចំ​សៀវភៅ​នេះ ដូច្នេះ​ហើយ​គឺ​ទាម​ទារ​ឱ្យ​មាន​ការ​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​គ្រូ​បង្គោល​ថ្នាក់​ជាតិ ក៏​ដូច​ជា​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ឱ្យ​ពួក​គាត់​ទៅ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បន្ត​ទៅ​ដល់​ក្រុម​ប្រឹក្សាឃុំ​-ស​ង្កាត់ ឱ្យ​យល់​ពី​សៀវភៅ​ណែនាំ​នេះ។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ជា​មួយ​គ្នា​នេះ កន្លង​មក​ក៏​មាន​ខេត្ត​មួយ​ចំនួន បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ឱ្យ​​យល់​ពី​សៀវ​ភៅ​​ណែនាំ​នេះ ហើយ​ក៏​នៅ​មាន​​ខេត្ត​មួយ​ចំនួន​ទៀត មិន​ទាន់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដា​ល ហេតុ​នេះ​អង្គការ​ភ្លែន នឹង​គាំ​ទ្រ​ឱ្យ​នាយក​ដ្ឋាន​កិច្ច​ការរដ្ឋបាលក្រុង​​​-​ស្រុក ឃុំ-សង្កាត់ ធ្វើ​ការ​ចុះពិ​និត្យ ក៏​ដូច​ជា​ជួយ​គាំ​ទ្រ​ធ្វើ​យ៉ាង​ណា​ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ​​ទាំង​អស់​នោះ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ស្ដី​ពីរ​បៀប​នៃ​​ការ​ចង​ក្រង​ក្រុម​ឪពុក​ម្តាយ​នៅ​តាម​ឃុំ​-​សង្កាត់ ដើម្បី​ចូល​រួម​ចំណែក​គាំ​ពារ និង​អភិវឌ្ឍន៍​កុមារ​តូច​។

លោក យី គឹមថាន បាន​​ថ្លែង​ថា​៖ «​អ៊ីចឹង​! អនុស្សរណៈ​យោគ​យល់​ក្នុ​ងឆ្នាំ​២០២៤​នេះ គឺ​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ត​ពង្រឹង​សមត្ថភាព​ក្រុម​ប្រឹក្សាឃុំ បូក​រួម​ទាំង​ការ​ចុះ​ពិ​និត្យ តាម​ដាន​ទៅ​លើ​ការ​អនុវត្ត​​របស់​ក្រុម​ប្រឹក្សា​ឃុំ ​ហើយ​យើង​នឹង​ធ្វើ​សិក្ខាសាលា​ថ្នាក់​ជាតិ​ឆ្លុះ​បញ្ចាំង​អំពី​បទ​ពិសោធន៍ និង​បញ្ហា​ប្រ​ឈ​ម​ផ្សេងៗ ក្នុងកា​រ​អនុវត្ត​ទៅ​លើ​គោល​ការណ៍​ចងក្រ​ង​ក្រុម​ឪពុក​ម្តាយ​»​។

បើ​តាម​លោកយី គឹមថាន ក្រៅ​ពី​នេះ ក៏​ផ្ដោត​ទៅ​លើ​ស្តង់ដា​បង្គន់​អនាម័យ​នៅ​តាម​សាលា​ឃុំ-​សង្កា​ត់ ឱ្យ​មាន​លក្ខណៈ​បរិយាបន្ន ខណៈ​ដែល​កន្លង​មក​នៅ​តាម​ឃុំ​-​សង្កាត់ មិន​មាន​បន្គន់​អនាម័យ​នោះ​ទេ ដូច្នេះ​ហើយ​នៅពេ​ល​ប្រជាពលរដ្ឋ​ទៅយ​ក​សេវា​នៅ​សាលា​ឃុំ ឬ​ក៏​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់​ដែល​ជា​ស្ដ្រី នៅ​ពេល​ចង់​ប្រើ​បង្គន់​អនា​ម័យ​ម្ដងៗ គឺ​មិន​មាន​នោះ​ឡើយ​។ 

ហេតុ​នេះដើ​ម្បី​ដោះ​ស្រាយ​បញ្ហា​​នេះ ​លោកថា អង្គការ​ភ្លែន សហការ​ជា​មួយ​នាយក​ដ្ឋាន ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​បង្គន់​អនាម័យ​ប្រកប​ដោយ​បរិយាបន្ននៅ​តាម​ឃុំ​-​សង្កាត់​នីមួយៗ ក្នុង​នោះ​​នឹងគ្រោ​ង​សាកល្បង​សាងសង់​បង្គន់​នេះ​ចំនួន​៣ ក្នុង​ខេត្ត​សៀមរាប ដើម្បី​ជាគំ​រូ​សិក្សា​រៀន​សូត្រ​។

លោក​​ប​ញ្ជាក់​ថា៖​«​បន្ទាប់​មក​យើង​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​រចនា​ប័ទ្ម​របស់​បង្គន់​អនាម័យ​ប្រកប​ដោយ​បរិយាបន្ន​នៅ​តាម​ឃុំ​-សង្កាត់​ហ្នឹង ដើម្បី​អាច​ឱ្យប្រើ​​ទូទាំង​ប្រទេស ដូច្នេះ​យើង​ធ្វើ​ម៉េច​ឱ្យសា​លា​ឃុំ​នីមួយៗ មាន​បង្គន់​អនាម័យ​ដែល​មាន​លក្ខណៈ​បរិយាបន្ន​»​។

ចំណែក​ការ​សាងស​ង់​បង្គន់​អនាម័យ​នេះ​ដែរ វា​ក៏​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល ដែល​ចង់​ធ្វើ​ឱ្យប្រ​ទេស​កម្ពុជា អាច​គ្រប​ដណ្ដប់​អត្រា​អនាម័យ​នៅ​តាម​ជនបទ​រួម​មាន៖ សហគមន៍ សាលារៀន ស្ថាប័ន​សាធារណៈ ក៏​ដូច​ជា​កន្លែង​ធ្វើ​ការ​ផ្សេងៗ​ឱ្យ​បាន ១០០​ភាគរយ ក្នុង​ឆ្នាំ២០២៥​។ នេះ​ជា​ការ​បន្ថែម​របស់​លោក យី គឹមថាន​៕