អាជ្ញាធរ​ជាតិ​ព្រះវិហារ បានចាប់ផ្ដើម​ដំណើរការ​គម្រោង​ការងា​រ​ក្នុង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ ក្នុង​រមណីយដ្ឋាន​ប្រាសាទ​​កោះ​កេរ ដែល​ក្នុងនោះ​មានការ​សាងសង់​កន្លែង​សមាធិ និង​សាងសង់​ចំណត​ឡាន​ សម្រាប់​ភ្ញៀវទេសចរក៏ដូចជា​ផ្លាស់ប្ដូរ​ជណ្ដើរ​ឡើង​ប្រាសាទពី​ឈើ​ទៅ​ដែក​ផងដែរ​។​


លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែមករា​ថា  គម្រោង​ការងារ​ក្នុង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ គឺ​កំពុង​ចាប់ផ្ដើម​ធ្វើការ​ជួសជុល​ប្រាសាទ​ប្រាង្គ ជណ្ដើរ​ឡើង​ប្រាសាទ ក៏ដូចជា​រៀបចំ​សាងសង់​ចំណតរថយន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ 

នៅក្នុង​គម្រោង​ការងារ​នេះ លោក​ថា គឺមាន​ការអភិរក្ស​ទៅលើ​ប្រាសាទ​បាក់ ដោយ​ក្នុងនោះ​កំពុងដំណើរការ​ជួស​ជុស​ជញ្ជាំង​ប្រាសាទ និង​មានការ​អភិរក្ស​នៅ​ប្រាសាទបន្ទាយ ​២​ ជាន់ ដោយបាន​ប្រមូល​នូវ​រូបចម្លាក់​នៅក្នុង​ប្រាសាទ​យក​មក​​ទុក​ក្នុង​ការិយាល័យ ដើម្បី​ធ្វើការ​ចុះបញ្ជី​សម្រាប់ធ្វើ​ការអភិរក្ស​បន្ត​។​


​លោក​បាន​បន្តថា ដោយឡែក​ផែនការអភិវឌ្ឍន៍​វិញ ក៏​កំពុង​ចាប់ផ្ដើម​ជួសជុល​ជណ្ដើរ​ឡើង​ប្រាសាទពី​ឈើ ផ្លាស់ប្ដូរ​មកពី​ដែក ដើម្បី​ផ្ដល់​ភាពរឹងមាំ សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ដែល​ឡើង​ប្រាសាទ​។ ជាមួយគ្នានេះ ក៏មាន​ការសាងសង់​កា​រដ្ឋា​ន​ចំណត​សម្រាប់​ភ្ញៀវទេសចរ ដែល​ចំណត​ថ្មី​នេះ នៅ​ឆ្ងាយ​ពី​ប្រាសាទធំ​ប្រមាណ ៣០០​ ម៉ែត្រ ខណៈដែល​បច្ចុប្បន្ននេះ ចំណត​សម្រាប់​ភ្ញៀវទេសចរ គឺ​ស្ថិតនៅ​ខាងមុខ​ប្រាសាទ​។ ដូច្នេះ​ការបន្ត​ទុក​ចំណត​បែបនេះ វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​រចនា​សម្ព័ន្ធ​ប្រាសាទ ក៏ដូចជា​ខូច​សោភណភាព​របស់​ប្រាសាទ​។​

លោក ​គង់ ពុទ្ធិការ បញ្ជាក់ថា​៖ «​ទាំង​ការងារ​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​នៅក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ហ្នឹង គឺ​បានរួម​ចំណែក​ដើម្បី​ផ្ដល់​ភាពរឹងមាំ​ដល់​ប្រាសាទ​ផង និង​ផ្ដល់​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​ផង ដែល​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​ចាប់ផ្ដើម​អភិវឌ្ឍ​ហើយ​។ នៅក្នុង​ការងារ​ទាំងនោះ ក៏​មិនទាន់មាន​ផែនការ​ណាមួយ​បានបញ្ចប់​ឡើយ ខណៈដែល​ឥឡូវនេះ ទាមទារ​ឱ្យ​យើង​មានការ​ត្រួតពិនិត្យ​ជាប្រចាំ​»​។​


បើតាម​លោក គង់ ពុទ្ធិការ ជាមួយនឹង​ដំណើរការ​គម្រោង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​នៅក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​នេះ អាជ្ញាធរ​ជាតិ​ព្រះវិហារ ក៏មាន​គម្រោង​ចង់​សាងសង់​កន្លែង​ធ្វើ​សមាធិ និង​យូ​ហ្គា (Yoga)​ សម្រាប់​ភ្ញៀវទេសចរ​នៅក្នុង​រមណីយដ្ឋាន​នេះ​ផងដែរ​។ 

លោក​បាន​បន្ថែមថា ដូច្នេះ​មកដល់ពេលនេះ គម្រោង​សាងសង់​កន្លែង​ធ្វើ​សមាធិ កំពុង​ពិចារណា​ទៅលើ​ទីតាំង​មួយចំនួន​​រួមមាន​៖ នៅ​ទីតាំង​បរិវេណ​ត្រពាំង​អង្គ​ខ្នារ ដែលជា​កន្លែង​មួយ​ស្ងប់ស្ងាត់ ហើយ​ផ្សារភ្ជាប់​ជាមួយ​តម្លៃ​នៃ​ព្រះពុទ្ធសាសនា ហើយ​និង​កំពុង​សិក្សា និង​ពិចារណា នៅ​ទីតាំង​ក្នុង​បរិវេណ​ប្រាសាទធំ​ជាដើម​។​

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៤​នេះ លោក គង់ ពុទ្ធិការ ជាមួយនឹង​ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​នៅ​ប្រចាំការ​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ បាន​ចុះ​ពិនិត្យ តាមដាន និង​ពិភាក្សា​គម្រោង​ការងារ​ក្នុង​ផែនការ​អភិរក្ស និង​អភិវឌ្ឍន៍​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​៕