​ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ អនុប្រធាន​ទី១ អាជ្ញាធរ​មីន​បាន​ស្នើឱ្យ​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការ​សហ​ប្រជា​​ជាតិ ​(UN)​ ជួយ​កៀរគរ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ដែល​មិនទាន់​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ចូលរួម​ជា​រដ្ឋ​ភាគី ខណៈដែល​កម្ពុជា​ធ្វើជា​ប្រធាន​និង​ម្ចាស់ផ្ទះ​នៅ​ចុងឆ្នាំ​នេះ​។​


​ការស្នើ​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា អគ្គ​​លេខាធិការ​រង​អង្គការសហប្រជាជាតិ​និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​សង្គមកិច្ច សម្រាប់​អាស៊ី​និង​ប៉ា​ស៊ី​ហ្វិ​ក​នៃ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៤​។​

​លោក​ លី ធុជ បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែមករា ថា តាងនាម​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ដែលជា​ប្រធាន​អាជ្ញាធរ​មីន​ផងដែរ​នោះ លោក​បានស្នើ​សុំឱ្យ​ UNESCAP​ ជួយ​កៀរ​​គរ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ដែល​មិនទាន់​ក្លាយជា​រដ្ឋ​​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ឱ្យចូល​រួម​ជា​រដ្ឋ​ភាគី​។​


​លោក​បាន​បញ្ជាក់ថា​៖ «​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​បោសសម្អាត​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រយៈពេល​ជាង​ ៣០ ​ឆ្នាំ ហើយ​បាន​ក្លាយជា​ប្រទេសមួយ​ដែល​បាន​រំដោះ​ផ្ទៃដី​មាន​មីន​និង​គ្រាប់​ច្រើនជាងគេ​លើ​ពិភពលោក​ក្នុង​ចំ​ណោម​ប្រទេស ​៣០​ ដែល​កំពុង​បោស​សម្អាត​មីន​ដូច​កម្ពុជា​»​។​

​លោក​បាន​បន្តទៀតថា​៖ «​ឆ្នាំ​ ២០២៥​ គឺជា​គោលដៅ​រួម​របស់​រដ្ឋាភិបាល ហើយ​ដែល​ប្រទេស​ជា​មិត្ត ដៃគូ​អភិ​​វឌ្ឍន៍​និង​គ្រប់ភាគី​ពាក់ព័ន្ធ​បាន​ចូល​​រួម​គាំទ្រ​ដល់​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា​និង​ដើម្បី​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​គ្មាន​មីន​»​។​


​ឆ្លៀតឱកាស​នោះដែរ លោក លី ធុជ ក៏បាន​លើកឡើង​ពី​ភាពជោគជ័យ​របស់​កម្ពុ​ជា​ក្នុង​ការទទួល​បានការ​គាំទ្រ​ពីរ​ដ្ឋ​ភាគី​អនុសញ្ញា​ហាម​ការប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​ (​អនុសញ្ញា​)​ ធ្វើជា​ប្រធាន​និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី ​៥ ​នៃ​អនុ​សញ្ញា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​២៥-២៩ ខែវិច្ឆិកា ឆ្នាំ​ ២០២៤ ខាងមុខ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំក្នុងនាម​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បានស្នើ​សុំ​ការ​​គាំទ្រ​ពី​ UN-ESCAP​ ក្នុង​កិច្ចការ​សកល​ភាវូបនីយកម្ម​នៃ​អនុសញ្ញា​អូ​តា​វ៉ា ដោយ​គាំទ្រ​ដល់​កម្ពុជា​កៀរគរ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ចូលរួម​គាំទ្រ និង​ចូលរួម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អូ​តា​វ៉ា​»​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ជំនួប​រវាង​លោក លី ធុជ និង​គណៈ​​ប្រតិភូ UN-ESCAP ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៣ ខែមករា លោកស្រី អា​មី​ដា សាល​ស៊ី​អា​ហ៍ អា​លី​សចា​បា​ណា បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ដែល​ទទួលបាន​គាំទ្រ​ធ្វើ​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​ ៥ ​នៃ​អនុសញ្ញា​អូ​តា​វ៉ា ឆ្នាំ ២០២៤​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា លោកស្រី​ក៏បាន​ប្តេជ្ញាចិត្ត​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​និង​គាំទ្រ​កម្ពុជា​ផងដែរ​។​ប្រភព​ដដែល​បានលើកឡើង​ដែរ​ថា អាជ្ញាធរ​មីន​សហការ​ជាមួយ​កម្មវិធី​និង​គំនិត​ផ្តួចផ្តើម ESCAP ដោយ​សហការ​ជាមួយ​កម្មវិធី ESCAP ដែលមាន​ស្រាប់​ឬ​គំនិត​ផ្តួចផ្តើម​ទាក់ទង​នឹង​ការរំសាយ​អាវុធ សន្តិសុខ និង​កិច្ចការ​មនុស្សធម៌ និង​ធ្វើការ​រួមគ្នា​ដើម្បី​រួមបញ្ចូល​ការពិភាក្សា​និង​សកម្មភាព​ដែល​ទាក់ទង​នឹង​អនុសញ្ញា​អូ​តា​វ៉ា​ក្នុង​ក្របខ័ណ្ឌ​ទាំងនេះ​។​

​អាជ្ញាធរ​មីន នឹង​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs) និង​ក្រុម​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការ​​រំសាយ​អាវុធ និង​កិច្ចខិតខំ​ប្រឹងប្រែង​មនុស្សធម៌ ដោយ​ប្រើប្រាស់​ឥទ្ធិពល និង​ធនធាន​របស់​ពួកគេ​ដើម្បី​គាំទ្រ​ដល់​សកលភាវូបនីយកម្ម​នៃ​អនុសញ្ញា​អូ​តា​វ៉ា​។​

​ទាក់ទង​នឹង​កិច្ចប្រជុំ​នៃ​អនុសញ្ញា​អូ​តា​វ៉ា​នេះដែរ លោក លី ធុជ បាន​ចូល​​រួម​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​នានា​នៃ​អនុសញ្ញា​អូ​តា​វ៉ា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វ៊ី​ស​ចាប់ពី​ថ្ងៃទី ២២ ​ដល់​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២៤​។ ​ក្នុងនោះ លោក លី ធុជ ក៏​នឹងចូលរួម​ដឹកនាំ​កិច្ចប្រជុំ​នេះ ហើយនឹង​ជួប​ពិ​ភា​ក្សា​ការងារ​ជាមួយនឹង​ក្រុមការងារ​នៃ​អង្គភាព​គាំទ្រ​ការអនុវត្ត​អនុ​ញ្ញា ​(ISU)​ និង​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គរាជទូត អគ្គរដ្ឋទូត​នានា ដើម្បី​ស្វែងរក​ការគាំទ្រ​បន្ថែម​ដល់​អនុសញ្ញា​អូ​តា​វ៉ា​នេះ​៕