ភ្នំពេញៈ គណបក្សនយោបាយដែលកំពុងកាន់អំណាចរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងប្រទេសរុស្ស៊ី បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌវេទិកាទ្វេភាគី វេទិកាពហុភាគី និងវេទិកាតំបន់ដើម្បីរួបរួមគ្នាការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ជាពិសេសពង្រឹងពហុភាគីនិយមឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងនៅក្នុងពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសខ្លឹមសារនៃជំនួបតាមប្រព័ន្ធវីដេអូប្រមាណ ២០ នាទីរវាងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ឌីមីទ្រី មេដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ នៅភូមិគ្រឹះតាខ្មៅ ខេត្តកណ្ដាល។
យោងតាមខ្លឹមសារនៃជំនួបដែលបានចេញផ្សាយតាមប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន បានឱ្យដឹងថា៖ «កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសឱ្យយើងអាចយោគយល់គ្នា និងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលយើងបានគោរពនៅក្នុងអង្គការសហប្រជាជាតិ»។
ប្រភពនេះបានឱ្យដឹងទៀតថា លោក ហ៊ុន សែន និងលោក ឌីមីទ្រី មេដវេដេវ បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួម ដែលមានទំនាក់ទំនងល្អនឹងគ្នា ២៥ ឆ្នាំកន្លងមកនេះ តាមរយៈការផ្លាស់ប្តូរការអបអរគ្នា និងការបង្កើតព្រឹត្តិការណ៍នានាក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នា ទៅតាមពេលវេលាសមស្រប។
ប្រភពនេះបានឱ្យដឹងថា មេដឹកនាំនៃគណបក្សទាំង ២ ក៏បានមើលឃើញផងដែរពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងបដិវត្តន៍ពណ៌ ដែលនេះគឺជាចំណុចមួយ ត្រូវរួមគ្នាគិតថា ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន។
ប្រភពនេះបញ្ជាក់ថា៖ «យើងនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់»។
ទន្ទឹមគ្នានេះ ភាគីរុស្ស៊ីបានគាំទ្រចំពោះការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហើយសាទរចំពោះការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាការរៀបចំអ្នកបន្តវេន ដែលត្រង់នេះ ភាគីរុស្ស៊ីបានកោតសរសើរចំពោះលោកហ៊ុន សែន ចំពោះការជ្រើសរើសយុវជនបន្តវេន។
ប្រមុខបក្សទាំង ២ ក៏បានឯកភាពគ្នាលើការកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌរដ្ឋសភា និងព្រឹទ្ធសភា ដែលភាគីរុស្ស៊ីយល់ថា បើសិនលោក ហ៊ុន សែន ត្រូវបោះឆ្នោតជាប្រធានព្រឹទ្ធសភានាពេលខាងមុខ នឹងអាចជាចំណែកជំរុញទំនាក់ទំនងរុស្ស៊ី-កម្ពុជាបន្ថែមទៀត។
ភាគីទាំង ២ ក៏បានបង្ហាញការគាំទ្រដល់គ្នាលើកិច្ចសហប្រតិបត្តិការ និងវេទិកាធំៗ របស់រុស្ស៊ី និងប្រទេសនានាទៀតផងដែរ តួយ៉ាងនៅអង្គការសហគមន៍ BRICS សហគមន៍អឺរ៉ាស៊ី សហគមន៍រុស្ស៊ី-មេគង្គ ដែលភាគីជឿជាក់ថា រដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួននឹងធ្វើកិច្ចសហការគ្នា ពិនិត្យលទ្ធភាពសហប្រតិបត្តិការជាក់ស្តែង។
ជាចុងក្រោយនៃកិច្ចសន្ទនានេះដែរ លោក ហ៊ុន សែន និងលោក ឌីមីទ្រី មេដវេដេវ បានឯកភាពគ្នាពិនិត្យមើលការងារប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើនកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតទៅតាមលទ្ធភាពជាក់ស្តែង។
ជុំវិញជំនួបនេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថាននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ជំនួបក្របខ័ណ្ឌបក្សលើកនេះ ជាជំនួបប្រពៃណីហើយជាការត្រួសត្រាយផ្លូវសម្រាប់ទំនាក់ទំនងរដ្ឋ និងរដ្ឋ ខណៈកន្លងមក កម្ពុជាជាសហស្ថាបនិក និងគាំទ្រលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផង ដែលទាមទារឱ្យមានការអះអាងពីជំហររៀងខ្លួនជាថ្មីលើទំនាក់ទំនងទ្វេភាគីជាប្រពៃណី និងការបង្កើនកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី។
លោក គិន ភា បានថ្លែងទៀតថា៖ «ទំនាក់ទំនងរវាងគណបក្សកាន់អំណាចនៃប្រទេស ២ មានសារៈសំខាន់ដោយសាររដ្ឋាភិបាលប្រទេសមួយៗកើតចេញពីគោលនយោបាយគណបក្ស បើបក្សមានទិសដៅបែបណា រដ្ឋាភិបាលនឹងមានទិសដៅបែបនោះ ជាក់ស្តែងទំនាក់ទំនងល្អរវាងបក្សកាន់អំណាចកម្ពុជា និងរុស្ស៊ី វាចូលរួមចំណែកជំរុញទំនាក់ទំនងរដ្ឋាភិបាលទាំង ២ ដែលតាមការប្រមើលមើល គណបក្សប្រជាជនកម្ពុជា និងគណបក្សរុស្ស៊ីរួបរួមនោះនឹងបន្តកាន់អំណាចយូរអង្វែងតទៅទៀត»។
លោក គិន ភា បានឱ្យដឹងថា ទំនាក់ទំនងនៃព្រះរាជាណាចក្រកម្ពុជា និងរុស្ស៊ីផ្នែកនយោបាយ និងសេដ្ឋកិច្ច មិនមែនជាដុំកំភួនអ្វីឡើយនៅពេលបច្ចុប្បន្ន ប៉ុន្តែរុស្ស៊ីសំខាន់សម្រាប់កម្ពុជាក្នុងផ្នែកយុទ្ធសាស្ត្រ ខណៈរុស្ស៊ីជាមហាអំណាចក្នុងពិភពលោក និងជាប្រទេសមានឥទ្ធិពលក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ហើយលោកថា បើអាចធ្វើយ៉ាងណាកម្ពុជាគួរជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្នែកថាមពលជាមួយរុស្ស៊ី៕