​ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្រមសីលធម៌ វិជ្ជាជីវៈ​របស់​អង្គ​ភាព​សារព័ត៌មាន ​និង​អ្នក​សារព័ត៌​​មាន​គឺ​សំខាន់​ណាស់ ​ដើម្បី​រក្សា​នូវ​តម្លៃ​នៃ​វិជ្ជាជីវៈ​ ទៅលើ​ការងារ​ណាមួយ​ ហើយ​អ្នកសារព័ត៌មាន​គឺជា​ប្រតិ បត្តិ​ករ​ដ៏​សំខាន់​នៅក្នុង​វិស័យ​ព័ត៌មាន​។​


​លោក​បាន​ថ្លែង​ដូចនេះ​កាលពី​ថ្ងៃទី​​ ២៣ ខែមករា ឆ្នាំ ​២០២៤ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ​២០២៤ របស់​ក្រសួង​ព័ត៌មាន​។ លោក​បាន​មានប្រសាសន៍ថា​៖«​យើង​រៀបចំ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដើម្បី​អី​? ដើម្បី​បង្កើត និង​រក្សា​តម្លៃ​នៃ​វិជ្ជាជីវៈ មិន​ថា ជា​ពេទ្យ មិន​ថា ជា​អ្នកកាសែត មិន​ថា ជា​វិស្វករ សុទ្ធ​តែមាន​ក្រមសីលធម៌​ទាំង​អស់ ហើយ​មិនមែន​មានតែ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​ក្រម​ប្រតិបត្តិ​គឺមាន​ទាំងអស់ ព្រោះ​ជំនាញ​ខុសគ្នា ការទទួលខុសត្រូវ​ខុសគ្នា សិទ្ធិសេរីភាព​ខុសៗ​គ្នា​ដែល​ទាមទារ​ឱ្យមាន​បទដ្ឋាន​មួយ មាន​ព្រំដែន​មួយ ដើម្បី​យើង​អាច​ដឹង​លម្ហ​នៃ​សិទ្ធិសេរីភាព​របស់​យើង​ធ្វើ​ដល់​ណា ​និង​ទទួលខុស​ត្រូវ​អ្វីខ្លះ​ ដើម្បី​កុំឱ្យ​ប៉ះពាល់​សិទ្ធិ​​អ្នកដទៃ ឬ​សន្តិសុខ​សង្គម​»​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បន្តថា​៖ «​ការរៀបចំ​ក្រមសីលធម៌​ព័​ត៌​​មាន​នេះ​គឺ​ដូចគ្នា អ្នកសារព័ត៌មាន​គឺជា​ប្រតិបត្តិ​ករ​ដ៏​សំខាន់​ណាស់​នៅក្នុង​វិស័យ​ព័ត៌មាន ដែល​កិច្ច​​ការ​ទាំងអស់នេះ​ត្រូវ​ចាំបាច់​ថែរក្សា​ដោយ​អង្គភាព​ព័ត៌មាន និង​ស្ថាប័ន​ព័ត៌មាន និង​អ្នក​សារព័ត៌​មាន​ផ្ទាល់​តែម្តង​»​។​


​លោក​ក៏បាន​លើកឡើង​ដែរ​ថា វិស័យ​ព័ត៌មាន ជា​កាតាលីករ​យ៉ាងសំខាន់ នៅក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែក ចាយ​អំពី​សង្គម​ជាតិ និង​ការបង្ហាញ​ពី​តថភាព​សង្គម និង​ការអភិវឌ្ឍ​ជាក់ស្តែង​ក្នុង​ដំណើរ​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កន្លងមក​។ វិស័យ​ព័​ត៌​មានបាន​រួមចំណែក​ដោយ​ផ្អែកលើ​មុខងារ​សំខាន់ៗ​ដូចជា​៖​ចូល​រួម​ពង្រឹង​លទ្ធិប្រជាធិប តេយ្យ​ផ្អែក​តាម​មូលដ្ឋាន​នីតិរដ្ឋ​,​បញ្ជូន​ព័​ត៌​មាន​ពិត និង​រហ័ស​ទាន់ពេល​, ផ្តល់ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង​, ជា​ឆ្មាំ​ត្រួតពិនិត្យ​សង្គម​ដ៏​ស្មោះត្រង់ និង​ចូលរួមចំណែក​កែលម្អ​សង្គម​តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ ប្រកប ដោយ​តម្លាភាព និង​ជា​អ្នកផ្តល់​ធាតុ​ចូល នៅក្នុង​ការ​រៀបចំ​គោលនយោបាយ យុទ្ធ​សាស្ត្រ និង​ផែនការ​សកម្មភាព របស់​រាជរដ្ឋាភិបាល​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ៖«​សារព័ត៌មាន គឺជា​អំណាច​ទី​ ៤ ដែល​អំណាច​នេះ​ប្រើប្រាស់​ត្រូវ​គឺមាន​សារៈ​សំខាន់​ណាស់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ សម្រាប់​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សម្រាប់​ផ្តល់​ថាមពល​ឱ្យ​ប្រជាជន​យើង​ធ្វើការ​សម្រេចចិត្ត ក៏ដូចជា​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់ចេញ​វិធាន​ឱ្យមាន​ប្រសិទ្ធភាព​»​។​


​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជំរុញ​ឱ្យ​មន្ទីរ​ព័ត៌មាន​តាម​បណ្តា​រាជធានី​ខេត្ត​ពង្រឹង​ការផ្សព្វផ្សាយ​ពី​ខេត្ត​ខ្លួន និង​ធ្វើការ​ជិតស្និទ្ធ​ជា​​មួយ​មន្ទីរ​ស្ថាប័ន ដែលមាន​ទម្ងន់​ក្នុងការ​បញ្ជា​ពន្លត់​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ទាន់ពេលវេលា​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូមឱ្យ​អភិបាល​រាជធានី ខេត្ត ក៏ដូចជា​ប្រធាន​ស្ថាប័ន​ទាំងអស់ ត្រូវ​ប្រើ​វិធានការ​ហ្នឹង​ឱ្យបាន​ច្រើន ជាពិសេស​អ្វីដែល​ពាក់ព័ន្ធ​នឹង​ដែន​សមត្ថកិច្ច​របស់ខ្លួន គឺ​ត្រូវ​ចាត់ចែង​កិច្ច​ការឱ្យ​លឿន​»​។​

​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ក៏បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ក្រសួង​ព័ត៌មាន​ដែរ​ថា ក្រសួង​ព័ត៌មាន​បាន​ខិតខំ និង​អនុវត្ត​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុស​ត្រូវ​ដោយបាន​ផ្តោតលើ​ការពង្រឹង និង​វិសាលភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​តាមរយៈ​យន្តការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បុរាណ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទំនើប​ជាតិ និង​ឯកជន​ដើម្បី​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទិស​ទី​ទទួលបាន​ព័ត៌មាន​ពិត​តាម​តម្រូវការ និង​ទាន់​ហេតុការណ៍ ក្រោម​ទម្រង់ «​ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណា​ក៏បាន​»​។​

​លោក​បាន​ថ្លែងថា​៖ «​ក្រសួង​ព័ត៌មាន​ដាក់ចេញ​ទិសដៅ​យុទ្ធ​សាស្ត្រ​ចំនួន ​៥ ដែល​រួមមាន​៖ ការធ្វើ​ទំនើបកម្ម​ស្ថាប័ន និង​ការ​​កសាង​រដ្ឋបាល​ទំនើប​,​ការពង្រឹង​បទដ្ឋាន​បច្ចេកទេស និង​ការទទួលខុសត្រូវ​វិជ្ជាជីវៈ​,​ការ​អភិ​​វ​ឌ្ឍ​ធនធានមនុស្ស និង​បណ្តុះ​ស្មារតី​មនសិការ​វិជ្ជាជីវៈ​,​ការរៀបចំ​ប្រព័ន្ធ និង​យន្តការ​គ្រប់គ្រង​លម្ហ​ព័ត៌មាន និង​សន្តិសុខ​ព័​ត៌​​មាន និង​ការបង្កើន​ភាពជា​ដៃគូ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ស័ក្តិ​សិទ្ធ​ភាព​»​។​

​បើតាម​លោក​នេត្រ ភក្ត្រា អង្គ​ភាព​សារព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ដែល​នេះ​បានបង្ហាញ​ពី​លម្ហ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​កាន់តែ​រីក​ធំធាត់​ប្រកប​ដោយ​សុខ​ភាពល្អ​។​

​បច្ចុប្បន្ននេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ប្រពៃណី និង​ទំនើប ដែល​បាន​ចុះ​បញ្ជិកា​នៅ​ក្រសួង​ព័​ត៌​​មាន​មាន​ចំនួន​ជាង​ ២ ​ពាន់​អង្គភាព រួមមាន​៖ គេហទំព័រ និង​ទូរទស្សន៍​អន​ឡាញ ចំនួន ​៩៣៣ ​អង្គភាព កាសែត​ចំនួន​ ៤៤៧​ អង្គភាព សមាគម​សារព័ត៌មាន​ចំនួន ៥២​ អង្គភាព​ទស្សនា​វ​ដ្តី​ ១៩៤ ​អង្គភាព ព្រឹត្តិបត្រ ២១ ​អង្គភាព រោង​ពុម្ព​១១៣ អង្គភាព​។ 

​សៀវភៅ ២២ ​អង្គភាព ទីភ្នាក់ងារសារព័ត៌មាន​បរទេស និង​ការិយាល័យ​តំណាង ២៧ ​អង្គភាព ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជ កម្ម ២ ​អង្គភាព ស្ថានីយ​​វិទ្យុ ​FM រាជធានី​ភ្នំពេញ និង​ខេត្ត ២៨៣ ​អង្គភាព និង​វិទ្យុ ​AM ភ្នំ​​ពេញ​ ១ ​អង្គភាព​ទូរទស្សន៍​ផ្សាយ​ផ្ទាល់ ១៩​ ស្ថានីយ និង​ផ្សាយ​បន្ត​ ១៦៥​ ស្ថានីយ ស្ថានីយទូរទស្សន៍​ឌីជីថល ​១២ ​ស្ថានីយ និង​ទូរ​ទស្សន៍​អន​ឡាយ ​១០ ​ស្ថានីយ ទូរទស្សន៍​ខ្សែកាប​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​ ១៤​ ស្ថានីយ​។​

​ចំណែក​អ្នកសារព័ត៌មាន មាន​ចំនួន​ប្រមាណ​ ១ ​ម៉ឺន​នាក់​ដែល​ក្នុងនោះ អ្នក​ដែល​បានស្នើ​សុំ​បណ្ណ​សម្គាល់​អត្តសញ្ញាណ​មាន​ចំនួន​ជិត ៤​ ពាន់​នាក់​៕