ភ្នំពេញៈ លោក ​ឌិ​ត ទីណា រដ្ឋ​​មន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់​និង​នេសាទ ណែនាំ​ឱ្យ​សមាគម​កសិកម្ម ចូលរួម​ធ្វើការ​ជាមួយ​គម្រោង និង​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ខណៈ​ក្រសួង​នេះ និង​ក្រសួង​ពា​ណិ​ជ្ជ​កម្ម នឹង​រៀបចំ​ឱ្យមាន​ក្រុមការងារ​ពិ​សេសមួយ​ធ្វើការ​ពិនិត្យ​និង​ពិគ្រោះ​យោបល់ សំដៅ​រក​​វិធីសាស្ត្រ​លើកកម្ពស់​ការប្រើ​ប្រាស់​ប្រភេទ​ពូជស្រូវ​ក្នុងស្រុក​។​


​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងការ​ពិភាក្សា​អំពី​គម្រោង និង​ផែនការ​សកម្មភាព​រប​ស់​សមាគម​កសិកម្ម​ដើម្បី​អភិវឌ្ឍ​ជីវភាព នា​ថ្ងៃទី​ ២៣ ខែមករា​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​។ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ ដែល​នឹង​ដើរ​តួនាទី​យ៉ាងសំខាន់​លើ​ការបណ្តុះ​បណ្តាល និង​ផ្សព្វផ្សាយ​ព័ត៌មាន​កសិកម្ម និង​ទីផ្សារ​ឱ្យបាន​ដល់​កសិករ​ផងដែរ​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​។

​ក្រៅពីនោះ លោក​រដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​អំពី​គោលនយោបាយ​អាទិភាព​របស់​ក្រសួង និង​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​កសិកម្ម គឺ​ការបង្កើត​សហគមន៍​កសិកម្ម​ទំនើប ដែលមាន​ធនធានមនុស្ស​និង​ថវិកា​គ្រប់គ្រាន់ មានការ​គ្រប់គ្រង​ដឹកនាំ​ច្បាស់លាស់ មាន​បច្ចេកទេស និង​ការចំណាយ​ថ្លៃដើម​ទាប មានគុណ​ភាព ព្រមទាំង​មាន​ផែន​ការផលិត​ជាក់លាក់ ដែល​អាច​ផ្គត់ផ្គង់​តាម​តម្រូវការ​ទីផ្សារ​។


លោក ​ឌិ​ត ទីណា​ បញ្ជាក់ថា​៖«​ប្រការ​ចាំបាច់​មួយទៀត គឺ​ការធ្វើការ​រួមគ្នា និង​ទទួលខុស​ត្រូវ​រួមគ្នា​ដើម្បី​ប្រជាពលរដ្ឋ ព្រោះ​យើង​មាន​គោលដៅ​រួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ជំរុញ​លើកកម្ពស់​វិស័យ​ក​សិ​​កម្ម បង្កើន​ចំណូល និង​ផល​ចំណេញ​ដល់​កសិករ ក៏ដូចជា​ធានាបាន​នូវ​ប្រសិទ្ធភាព និង​និរន្តរភាព​សេដ្ឋកិច្ច​លើ​គ្រប់​អនុវិស័យ​ទាំងអស់​»​។ នេះ​បើ​យោងតាម​ក្រសួងកសិកម្ម​ដដែល​។​

​ជាមួយគ្នានេះដែរ ក្រសួង​ក​សិ​​កម្ម និង​ក្រសួងពាណិជ្ជកម្ម នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​ ២២ ខែ​មករា តំណាង​ក្រសួង​ទាំង​ ២ ​បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុងនោះ​ក៏មាន​ការ​ពិភាក្សា​ពី​ការបង្កើត​ក្រុមការងារ ដើម្បី​ពិនិត្យ​លើ​ការលើកកម្ពស់​ការប្រើប្រាស់​ពូជស្រូវ​ក្នុងស្រុក​ផងដែរ ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី ​៥ របស់​រដ្ឋាភិបាល​។​


​លោក ​យ៉ង សាំង​កុមារ រដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៣ ខែមករា​ថា ក្រសួង​ទាំង​ ២ បាន​ឯកភាពគ្នា​លើ​ការបែងចែក​ភារ​កិច្ច និង​ការទទួលខុសត្រូវ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម ទីផ្សារ និង​ថ្លៃ​កសិផល រួមទាំង​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​ដោយ​ត្រូវ​អ​ញ្ជី​ញ​អភិបាលរង​ខេត្ត​ទទួលបន្ទុក​កិច្ចការ​នេះ និង​មន្ទីរ​ពាក់​​ព័ន្ធ​ទាំង ​២ មក​ចូលរួម ដើម្បី​រៀបចំ​ក្រុមការងារ​ចម្រុះ​នៅតាម​ខេត្ត​ជាដើម​។​

​មូល​ហេតុដែល​ក្រសួង​ទាំង ​២ ​រួមគ្នា រៀបចំ​ក្រុមការងារ​ពិសេស​មួយ​ឡើង គឺ​ដើម្បី​ពិនិត្យ និង​ពិគ្រោះ​យោបល់ លើ​ការលើក​កម្ពស់​ការប្រើប្រាស់​ប្រភេទ​ពូជ​​ស្រូវ​ក្នុងស្រុក ខណៈដែល​កន្លងទៅ នៅលើ​ទីផ្សារ​មាន​លក់​អង្ករ​ដែល​ដាក់ឈ្មោះ​ប្រភេទ​ពូជស្រូវ​ក្នុងស្រុក ប៉ុន្តែ​តាមពិត​ជា​អង្ករ ដែល​ផលិត​ចេញពី​ពូជស្រូវ​បរ​ទេស​។ លោក​បាន​បញ្ជាក់ទៀតថា​៖«​នៅលើ​ទីផ្សារ យើង​ឃើញ​មាន​អង្ករ​លក់​ដាក់ថា ផ្ការំដួល ផ្កាម្លិះ នាងមិញ នាងខុន​ជាដើម ដែលជា​ពូជ​ក្នុងស្រុក ប៉ុន្តែ​យើង​សង្កេតឃើញថា ជាក់ស្តែង​មាន​ដាក់​លាយ​អង្ករ​ផ្សេងៗ ដែលមាន​តម្លៃ​ទាប ដើម្បី​ក្លែងបន្លំ និង​ដាក់​លក់បាន​តម្លៃ​ថ្លៃ​។ ដូច្នេះ​ក្រសួង​ទាំង​ ២​ នឹង​សហការគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​»​។​

​លោក​ យ៉ង សាំង​កុមារ បាន​បន្តទៀតថា ក្រៅពីនេះ​ក្រសួង​ទាំង​ ២​ បាន​ពិភាក្សា​លើ​ស្ថានភាព​ផលិតកម្ម​ដំណាំ​ស្រូវ ការប្រមូល​ទិញស្រូវ ការរក្សា​ទុក ការកែច្នៃ​ការនាំចេញ​អង្ករ សន្តិសុខ​ស្បៀង ការបែងចែក​ការងារ​អនុវត្ត​បន្ត​។ នៅក្នុង​នោះ​ក្រសួង​មាន​គម្រោង​នឹង​ចាប់ផ្តើម​ការងារ​ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​មុនគេ ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ខាង​រោង​ម៉ាស៊ីន​ស្រូវ​មានការ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ពី​ប្រភព និង​ភាព​សុទ្ធ​នៃ​ពូជស្រូវ ​មុននឹង​ឈាន ដល់​ការកែច្នៃ​ចេញ​ជា​អង្ករ​។​

​លោក​បញ្ជាក់ថា​៖«​យើង​ឃើញ​នៅលើ​ទីផ្សារ​អង្ករ ដែលមាន​ការ​ពេញនិយម​ជាងគេ​គឺ​អង្ករ​នាង​មិញ​,​នាងខុន​,​ផ្កា​ខ្ញី ,​ផ្ការំដួល​,​និង​ផ្កាម្លិះ ជាដើម​។ ដូច្នេះ​ក្រុម​ការ​ងារ​ពិសេស​នឹង​សហការ​ជាមួយ​ឈ្មួញ ផ្តល់​ការបញ្ជាក់​ឬ​ធានា​មួយ​ឱ្យ​ច្បាស់លាស់​ចំពោះ​ប្រភេទ​អង្ករ​នីមួយៗ ចៀសវាង​ការ​ក្លែង​បន្លំ​ពី​ជនខិលខូច​»​។

​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ពូជ​សុទ្ធ លោក ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម (CARDI) បាន​ប្រាប់​ឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ​ ២០២៣ ខាង​វិទ្យាស្ថាន​បាន​​បញ្ចេញ​ពូជ​សុទ្ធ​ផ្ការំដួល​ក្នុង​បរិមាណ​ប្រមាណ​ជាង ​២០ ​តោន ដោយ​ការបញ្ចេញ​ពូជ​សុទ្ធ​នេះ គឺ​ដើម្បីឱ្យ​សហគមន៍​យក​ប្រើ​ប្រាស់​ដាំ​ដុះ និង​ផលិត​បន្ត​ដើម្បី​ចែកជូន​ដល់​កសិករ​។​

​លោក​បញ្ជាក់ថា​៖«​កន្លងមក​យើង​មាន​បញ្ហា​មួយ​គឺ​ក្រោយពី​កសិករ​ផលិត​បានជា​ស្រូវ​មក តម្លៃ​ធ្លាក់ចុះ​ដោយ​ខាង​រោង​ម៉ា​​ស៊ីន​បញ្ជាក់ថា ការទម្លាក់​តម្លៃ​ស្រូវ​នេះ ដោយសារ​ស្រូវ​គ្មាន​​គុណភាព​។ ដូច្នេះ​ដើម្បី​កាត់បន្ថយ​បញ្ហា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​លោក​បានចេញ​ជា​គោលនយោបាយ​មួយ ដែល​ជំរុញ​ឱ្យ​កសិករ​ប្រើ​ប្រាស់​ពូជ​សុទ្ធ ដើម្បី​ផលិត​ជា​ស្រូវ​ចំណី​សុទ្ធ​លក់​ឱ្យ​រោង​ម៉ាស៊ីន តាមរយៈ​ការចុះកិច្ចសន្យា​ជា​​មួយ​គ្នា​ក្នុងតម្លៃ​មួយ​សមរម្យ​»​។​

​លោក​បាន​បន្ថែមថា ដើម្បី​ជំរុញ​ការប្រើប្រាស់​ពូជស្រូវ​ក្នុងស្រុក ដែល​ពូជ​សុទ្ធ ឱ្យ​បានជា​អតិបរមា វិទ្យាស្ថាន​បាន​ខិតខំ​ស្រាវជ្រាវ​រក​ពូជ​ល្អៗ​ ខណៈដែល​ក្រសួង​ព្យាយាម​ជំរុញ​ឱ្យ​កសិករ ងាក​មក​ដាំ​ដុះ​ប្រភេទ​ពូជស្រូវ​អង្ករ​ប្រណីត​វិញ ជាពិសេស​ពូជ​​ស្រូវ​ចំប៉ី ​៧០ ​ជាដើម ដែលជា​ពូជ​​ស្រូវស្រាល​ថ្មី ផលិត​ចេញពី​ពូជ​​ផ្ការំដួល សម្រាប់​បំពេញតម្រូវការ​ទីផ្សារ​។​

​លោក យ៉ង ប៉ាក់ អ្នកជំនាញ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ្រា​ហ្គី​ប៊ី Agribee (Cambod-ia) យល់ឃើញថា វា​ជា​ការល្អ បើសិនជា​ក្រសួង​ជំរុញឱ្យមាន​ការប្រើប្រាស់​ពូជ​សុទ្ធ​កាន់តែច្រើន​ជាពិសេស​បន្ថែម​ការត្រួត​ពិនិត្យ​អង្ករ​ដែល​ដាក់លក់​លើ​ទីផ្សារ ដែល​មានការ​ក្លែងបន្លំ​ពូជស្រូវ​។ 

​លោក​និយាយថា​៖«​នៅពេលដែល​កសិករ​ប្រើប្រាស់​ពូជ​សុទ្ធ អាច​នឹង​បន្ថែ​មការ​ចំណាយ​ថែមទៀត ដោយសារតែ​គាត់​ត្រូវ​ទិញ​ពូជស្រូវ​ពី​សហ​គម​ន៍ ដោយសារ​ការ​ទុក​ពូជ​របស់គាត់​នាពេល​កន្លងទៅ មិនមែនជា​ពូជ​សុទ្ធ​»​។​

​បើតាម​លោក ​យ៉ង ប៉ាក់ មិន​ត្រឹមតែ​ទីផ្សារ​ក្នុងស្រុក​ទេ កន្លងទៅ​ការនាំចេញ​អង្ករ​ពូជ​ផ្កា​​រំដួល ក៏បាន​ជួបប្រទះ​នឹង​បញ្ហា​ពូជ​សុទ្ធ​ឬ​មិន​សុទ្ធ​នៅលើ​ទីផ្សារ​អន្តរជាតិ​ដែរ ហើយ​លោក​ស្នើឱ្យ​មានការ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់​ចត់​លើ​បញ្ហា​នេះ​៕