ភ្នំពេញៈ ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន ៤ កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិនៅក្នុងខេត្តចំនួន ៤ បន្ថែមពីថ្នាលបណ្តុះកូនឈើដែលមន្ទីរបរិស្ថានបាននិងកំពុងរៀបចំតាមភូមិសាស្ត្ររៀងៗខ្លួនដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន និងតាមសហគមន៍។
លោកអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងបរិស្ថានកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ថា ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង ៤ កន្លែងនឹងធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ ដែលអាចមានសមត្ថភាពបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗបាន។នេះបើយោងតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ២៣ មករា។
ប្រភពបានឱ្យដឹងថា នៅក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត បានថ្លែងថា៖ «បណ្តុះកូនឈើតូចៗជូនប្រជាពលរដ្ឋយ៉ាងតិចជាង ១ លានដើមដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិបណ្តុះ និងថែទាំកូនឈើឱ្យធំល្មមដើម្បីផ្តល់ឱ្យពលរដ្ឋយកទៅដាំតាមគេហដ្ឋាន និងថែទាំកូនឈើឱ្យធំសម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុងដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង»។
ជាមួយគ្នានោះលោកបានបន្ថែមថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ នឹងទាក់ទាញបានការសិក្សាស្រាវជ្រាវពីពូជឈើ ជីវចម្រុះ ជាពិសេសការបង្កើតបានទេសចរណ៍គោលដៅកម្សាន្តបៃតង។ ក្រៅពីថ្នាលបណ្តុះកូនឈើក្រសួងបរិស្ថានគ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរកន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡាទុកប្រគល់ជូនប្រជាពលរដ្ឋក្នុងតំបន់ឱ្យរកចំណូលបានតាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ដោយអនុវត្តតាមគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ។
ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម លោកជុំ ហួត បានថ្លែងនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ ថា ការបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន៤ ខេត្តនេះ វាបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរទូទៅបានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃព្រៃឈើ កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននៅជុំវិញ ព្រោះដើមឈើមានតួនាទីជួយព្យាបាលតាំងពីជំងឺផ្លូវចិត្ត ហើយវាបានជួយផ្តល់អុកស៊ីហ្ស៊ែនច្រើនផងដែរ និងល្អសម្រាប់ឱ្យយុវជន និងកូនខ្មែរជំនាន់ក្រោយ។
លោកបានថ្លែងថា៖«គម្រោងនេះគឺល្អណាស់ដែលធ្វើឱ្យយើងមានការចូលរួមថែរក្សាទាំងអស់គ្នា ពីព្រោះកាលណាយើងចូលរួមថែរក្សាការពារ វាធ្វើឱ្យធនធានធម្មជាតិអត់បាត់បង់ទៅណាទេ ហើយធ្វើឱ្យយើងរួចផុតពីមហន្តរាយឬគ្រោះធម្មជាតិ ព្រមទាំងធ្វើឱ្យប្រទេសយើងមើលទៅមានពណ៌បៃតងដោយសារមានធម្មជាតិជួយជ្រោមជ្រែង»។
បើតាមក្រសួងបរិស្ថាន គម្រោងរៀបចំស្ថានីយបណ្តុះកូនឈើនៅក្នុងភូមិសាស្ត្រទាំង ៤ នេះនឹងធ្វើឱ្យជំរុញភាពបៃតងដែលជាមុមដ៏សំខាន់មួយក្នុងចំណោមមុម ៣ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ រួមមាន ស្អាត បៃតង និងចីរភាព ដែលបាននិងកំពុងផ្សព្វផ្សាយ ព្រមទាំងអនុវត្តយ៉ាងសកម្មដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។
ក្រសួងបានបន្ថែមថា កន្លងមក ក្រសួងបរិស្ថានបានបង្កើតយុទ្ធនាការ ១០ តុលា ចែកជូនកូនឈើដល់ប្រជាពលរដ្ឋយកទៅដាំចំនួន ១ លានដើមក្នុង ១ ឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ នេះតទៅ ដែលក្នុងនោះយុទ្ធនាការរៀបចំឡើងដើម្បីដាំដើមឈើឱ្យច្រើនជាងការកាប់រួមទាំងវិធានការ ៤ ចំណុចរបស់ក្រសួងលើការពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិដើម្បីបង្កើនគម្របព្រៃឈើកម្ពុជាឱ្យបានចំនួន ៦០% នៅក្នុងឆ្នាំ ២០៥០៕