​ព្រះ​វិហារៈ លោក​ ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​បានឱ្យដឹង​ថា សហគមន៍​កសិកម្ម​ចំនួន​ ១០ ​ក្នុង​ខេត្តព្រះវិហារ បាននិងកំពុង​មមាញឹក​ក្នុងការ​ប្រមូល​ផល​ដំឡូង​មី​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន​ដៃគូ ដែល​បាន​ចុះកិច្ចសន្យា ដោយ​ទទួលបាន​តម្លៃ​ល្អ ខណៈដែល​គុណភាព​កម្រិត​ជាតិ​ម្សៅ​ខ្ពស់​ល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ​។​

​លោក ពឹង ទ្រី​ដា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២២ ខែមករា​ថា ឆ្នាំនេះ​ប្រជា​សហគមន៍​សប្បាយចិត្ត​ដោយ​លក់​ដំឡូង​មី​ទទួលបាន​តម្លៃ​ល្អ ដែល​សហគមន៍​កសិក​ម្ម​ចំនួន ១០ ​ក្នុង​ខេត្តព្រះវិហារ កំពុង​ប្រមូល​ផល​ដំឡូង​មី​សរីរាង្គ​លក់​ជូន​ក្រុមហ៊ុន Thai Wha ជាមួយ​សាជីវកម្ម​សហគម​ន៍ក​សិ​កម្ម​កម្ពុជា (CACC) ទៅតាម​កិច្ចសន្យា លើ​បរិមាណ ៦​ ម៉ឺន​តោន ដែលមាន​ក្រុម​កសិករ​អ្នក​ផលិត​ចំនួន ​១ ៤១២ ​គ្រួ​​សារ បាន​ចុះកិច្ចសន្យា​រួមគ្នា តាមរយៈ​សហគម​ន៍ក​សិ​កម្ម​ពួកគេ​លក់​ដំឡូង​មី​ជូន​ក្រុមហ៊ុន​ទាំងនេះ​។​


​លោក​ប្រាប់ថា​៖ «​គិត​ត្រឹម​ថ្ងៃនេះ ​(២២ មករា​)​ តម្លៃ​ទទួលបាន​ដល់ដៃ​កសិករ ៣៨០ ​រៀល ក្នុង ​១ ​គីឡូក្រាម ដោយ​ក្រុមហ៊ុន CA-CC ថ្លឹង​ទម្ងន់​ដោយ​ជញ្ជីង​ត្រឹមត្រូវ (​មិន​ស៊ី​គីឡូ​)​ និង​មិនមាន​កាត់​ភាគរយ​ទម្ងន់ ខណៈដែល​ដំឡូង​មី​របស់​បងប្អូន​ប្រជា​​សហគមន៍​យើង ក៏មាន​កម្រិត​ជាតិ​ម្សៅ​ខ្ពស់​ល្អ​ផងដែរ ដោយមាន​កម្រិត​មាន​ពី ២៧ ភាគរយ រហូតដល់ ៣០ ​ភាគរយ តាម​បណ្តា​សហគមន៍​ផ្សេងៗ​គ្នា​»​។​

​លោក​បន្តថា យោងតាម​កិច្ចសន្យា​រវាង​ក្រុមហ៊ុន Thai Wha រួមជាមួយ CACC ដំឡូង​មី​ប្រជា​សហគមន៍​ត្រូវមាន​កម្រិត​ជាតិ​ម្សៅ​ចាប់ពី ២៦ ​ភាគ​​រយ​ឡើងទៅ​។ ឆ្នាំនេះ​លោក​ឃើញថា ដំឡូង​មី​មានតម្លៃ​ល្អ​ជាង​ឆ្នាំមុនៗ ទាំង​ដំឡូង​មី​ស្រស់ និង​ដំឡូង​មី​ក្រៀម​។​


​ជាមួយគ្នានេះ​លោក កាន់ គ​ន្ធី អគ្គ​នាយក​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​កម្ពុ​ជា ​(CACC)​ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ខាង​ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ជាមួយ​សហគមន៍​ចំនួន​ ១១ តែ​អនុវត្ត​បានតែ ៩​ សហគមន៍​ទេ ដោយសារ​សហគមន៍ ​២ ​ទៀត មាន​ទំហំ​តូច​ពេក ទើប​មិន​បន្ត​កិច្ចសន្យា​ជាមួយគ្នា​។ ខាង​ក្រុមហ៊ុន​ប្រមូល​ទិញ​តែ​ដំឡូង​មី​សរីរាង្គ​ប៉ុណ្ណោះ ដោយ​ដំឡូង​មី​ដែល​ប្រជាកសិករ​ដាំ​ដុះ​ត្រូវអនុវត្ត​ទៅតាម​លក្ខខណ្ឌ​កំណត់​របស់​ក្រុមហ៊ុន​។

ដំឡូង​មី​ដែល​ប្រមូល​ទិញ​បាន​ត្រូវ​ក្រុមហ៊ុន Thai Wha ដែលជា​ដៃគូ​សហការ​នាំយកទៅ​កែច្នៃ​នៅ​រោងចក្រ​នៅ​ប្រទេស​ថៃ វៀតណាម ជាដើម ខណៈដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​កំពុង​សាងសង់​រោងចក្រ​កែច្នៃ​មួយទៀត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ផងដែរ​។​

​លោក​បញ្ជាក់ថា​៖ «​កសិករ​ដាំ​ដុះ​ដំឡូង​មី​សរីរាង្គ​លក់​មកឱ្យ​យើង ទទួលបាន​តម្លៃ​ខ្ពស់ ដោយ​អ្វីដែល​ពិសេស​គឺ​យើង​មិនបាន​កាត់​គីឡូ​ទៅលើ​ដំឡូង​មី​ទាំង​នោះទេ ដែល​ផ្ទុយ​ពី​ដំឡូង​មី​ទូទៅ ត្រូវ​ឈ្មួញ​កាត់​គីឡូ​អស់​ ១០​ ទៅ​ ១៥ ​ភាគរយ ដែល​ដី​តិច ឬ​ច្រើន​»​។ 

​លោក កាន់ គ​ន្ធី បន្តថា​៖ «​តាមពិត​តម្លៃ​ដំឡូង​មី​សរីរាង្គ​បាន​ខ្ពស់ ឬ​ទាប ក៏​អាស្រ័យទៅលើ​ទីផ្សារ​ដំឡូង​មី​ទូទៅ​ដែរ​មានន័យថា បើ​ដំឡូង​មី​ទូទៅ​លក់បាន​ថ្លៃ​ដំឡូង​មី​សរីរាង្គ​ក៏​លក់បាន​ថ្លៃ​ដែរ ដោយ​គេ​យក​តម្លៃ​ដំឡូង​មី​ធម្មតា បូក​នឹង​ការចំណាយ​នានា ទើប​ចេញ​ជា​តម្លៃ​ដំឡូង​មី​សរីរាង្គ​»​។

លោក​ថា ចំពោះ​កិច្ចសន្យា​ដំឡូង​មី​គឺ​មិនអាច​ដាក់​តម្លៃ​ថេរ​បានទេ ព្រោះថា តម្លៃ​គឺ​អាស្រ័យទៅលើ​ស្ថានភាព​ទីផ្សារ​ទូទៅ បើ​ដាក់​តម្លៃ​ថេរ វា​នឹងធ្វើ​ឱ្យមាន​បញ្ហា​រវាង​ក្រុមហ៊ុន​និង​កសិករ​នៅពេលដែល​តម្លៃ​ឡើង​ខ្ពស់​ពេក ឬ​ចុះ​ទាប​ពេក​។​

​លោ​ក អិល ឈិ​ញ ប្រធាន​សមាគមន៍​កសិក​រ​ដំឡូង​មី​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ដំឡូង​មី​ទូទៅ​នៅ​ឆ្នាំនេះ​បើ​គិត​ត្រឹម​ខែមករា និង​កុម្ភៈ គឺមាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំមុន​គឺ​ប្រមាណ​ពី​ ៣៦០​ រៀល​ទៅ ៣៧០ ​រៀល ក្នុង ១​ គីឡូក្រាម ប៉ុន្តែ​លោក​ថា នៅ​ខែមីនា​តម្លៃ​ដំឡូង​មី​អាច​នឹង​មានតម្លៃ​ខ្ពស់ជាង​នេះ​។​

​លោក​ថា​៖ «​កាលពីដើម​ខែមករា ដំឡូង​មី​បាន​ធ្លាក់​ថ្លៃ​បន្តិច នៅត្រឹម​ជាង ២០០ ​រៀល តែ​ឥឡូវ​បាន​ឡើងមក​ជាង ​៣០០​ រៀល​វិញ​ហើយ ដែល​តម្លៃ​វា​សមរម្យ​សម្រាប់​កសិករ​យើង​អាច​ចំណេញ​បាន​ខ្លះ​។ សហគមន៍​ចង់​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យដាំ​ដុះ​ដំឡូង​មី​ធម្មជាតិ មានន័យថា ពាក់កណ្តាល​សរីរាង្គ និង​ពាក់កណ្តាល​ទូទៅ ដោយ​ការចំណាយ​ក៏​មិន​ច្រើន ហើយ​ក៏មាន​ទីផ្សារ​ផងដែរ​«​។​

​បើតាម​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះ​វិហារ ខេត្ត​នេះ​មាន​ដាំ​ដុះ​ដំឡូង​មី​ប្រមាណ ៣,៥ ​ម៉ឺន​ហិកតា ដោយ​មកទល់នឹង​ពេលនេះ​ការប្រមូល​ផល គឺ​សម្រេចបាន ៤០​ ភាគរយ​ហើយ នៃ​ផ្ទៃដី​ដាំ​ដុះ​នេះ ដោយ​ដំឡូង​មី​ស្រស់ លក់បាន​តម្លៃ​ពី ៣៨០ ​រៀល ទៅ ៣៩០​ រៀល ​ក្នុង​ ១ ​គីឡូក្រាម​។​

​របាយការណ៍​ពី​ក្រសួងកសិកម្ម​ឱ្យដឹងថា ក្នុង​រយៈពេល ​១២ ​ខែ​ឆ្នាំ ​២០២៣ ការ​នាំចេញ​ដំឡូង​មី​ស្រស់ សម្រេចបាន​ក្នុង​បរិមាណ​ជិត ២​ លាន​តោន កើន​ជាង ២៦​ភាគរយ​,​ចំណិត​ដំឡូង​មី​ក្រៀម​ជិត ១,៣ ​លាន​តោន ថយចុះ​ជាង ៣៧ ​ភាគរយ​,​ម្សៅដំឡូង​មី​ ៣៦​ ពាន់​តោន ថយចុះ​ជាង ៤៥​ ភាគរយ និង​កាក​សំណល់​ដំឡូង​មី ក្នុង​បរិមាណ ៧៤ ​ពាន់​តោន កើនឡើង​ជាង ៧៥ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០២២៕