ភ្នំពេញៈ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើង​ថា«កងទ័ព​គឺជាកម្លាំងមួយ​ដែលសំខាន់។ កងទ័ព​អាចផ្តើម​សង្រ្គាម កងទ័ពក៏ចូលរួម​សំខាន់នៅក្នុង​ការបញ្ចប់​សង្រ្គាម។ ទសវត្សរ៍​ទី៧០ រដ្ឋប្រហារ​គឺដោយសារតែ​កងទ័ព ដែលធ្វើ​ឱ្យប្រទេស​ធ្លាក់ចូល​ក្នុងភ្លើង​សង្រ្គាម ការប្រយុទ្ធគ្នា​បែកបាក់​ទឹកដី»។


ការលើកឡើងនេះ​ត្រូវបានធ្វើ​ឡើងក្នុង​ពេលលោកនាយក​រដ្ឋមន្ត្រី​អញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​រំឭកខួប​អនុស្សាវរីយ៍​លើក​ទី២៥ ថ្ងៃ​បង្កើតបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នៃកងយោធពល​ខេមរភូមិន្ទ​ថ្ងៃ២៤ មករា ១៩៩៩-២៤ មករា ២០២៤ នៅខណ្ឌ​កំបូល រាជធានី​ភ្នំពេញ នាព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

លោកបានមានប្រសាសន៍​ថា ទោះយ៉ាងណា​នៅក្នុង​ឆ្នាំ១៩៩៨ ក៏ដោយសារតែ​ការចូលរួម​របស់កង​ទ័ពគ្រប់​ភាគី ជាពិសេស​គឺកងទ័ព អតីតខ្មែរ​ក្រហម ទើបអាច​បញ្ចប់សង្រ្គាម​បានដោយ​ជោគជ័យ។ បើសិនជា​គ្មានការចូលរួម របស់​កងទ័ព មេបញ្ជាការ​តាមបណ្តា​អង្គភាព កងពល និងការចូលរួម​របស់មេដឹកនាំ​នយោបាយ របស់​អតីតអង្គការ​ចាត់តាំង​ខ្មែរក្រហម​នោះទេ សង្រ្គាមក៏​មិនអាច​បញ្ចប់​បានដែរ។ 


ហេង ជីវ័ន

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានបញ្ជាក់​ថា៖«ប្រទេស​ច្រើនណាស់ ដែលធ្លាក់​ក្នុងសង្រ្គាម​ដោយសារតែ​កងទ័ព​ធ្វើ​រដ្ឋប្រហារ ដោយសារតែ​កងទ័ព​បះបោរ​មិនស្តាប់​មេដឹកនាំ​នយោបាយ អ៊ីចឹងនៅ​ក្នុងដំណាក់កាល​នៃការអនុវត្ត​ជោគជយ​នៃនយោបាយ​ឈ្នះ ឈ្នះ​របស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន និងការចូលរួម​របស់​ប្រតិបត្តិករ​សំខាន់ៗ ក្នុងនោះ​កងទ័ព​ជាស្នូល កងទ័ព​គ្រប់ភាគី ទាំង​រាជរដ្ឋាភិបាល និងភាគី​ខ្មែរក្រហម ...ក្នុងនោះ​កម្លាំងធំ គឺកម្លាំង​ជើងគោក​ដដែលក្នុង​ការអនុវត្ត​ជោគជ័យ​នយោបាយ​ឈ្នះ ឈ្នះ នាឆ្នាំ១៩៩៨»។ 


លោកនាយក​រដ្ឋមន្រ្តី​ក៏បានថ្លែង​អំណរគុណ​ដល់កង​ទ័ពជើងគោក ដែលបានចូលរួម​គ្រប់ដំណាក់កាល​ទាំងអស់ ក្នុងការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា៕

ហេង ជីវ័ន

ហេង ជីវ័ន