ក្នុង​កិច្ចពិភាក្សា​រវាង​គណបក្ស​កាន់អំណាច​អាស៊ាន​ចំនួន​ ៧ និង​រុស្ស៊ី លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អំពាវនាវ​ឱ្យ​អាស៊ាន​ត្រូវ​រាប់អាន​គ្រប់ភាគី ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​តំបន់ នៅ​ចំពោះ​មុខការ​ប្រណាំងប្រជែង​របស់​មហាអំណាច​។​


លោក​ក៏បាន​អំពាវនាវ​ឱ្យ​ពិភពលោក​រួបរួមគ្នា លើកកម្ពស់​ពហុភាគី​និយម ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់​អន្តរជាតិ ខណៈ​ពិភពលោក​កាន់តែ​ផុយស្រួយ​និង​តានតឹង​ខ្លាំង​រហូត​មានការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​ដាក់គ្នា​។​

ការអំពាវនាវ​របស់​ប្រមុខ​គណបក្សកាន់អំណាច​ក​ម្ពុ​ជា​នេះ ធ្វើឡើង​តាមរយៈ​ការ​ថ្លែង​នៅក្នុង​កិច្ចប្រជុំតុមូល​អន្ត​រគ​ណ​បក្ស​នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២៤ តាម​ប្រព័ន្ធ​វីដេអូ​ក្រោម​ការផ្តួចផ្តើម​របស់​គ​ណ​បក្ស​រុស្ស៊ី​រួបរួម និង​មានការ​ចូលរួម​ពី​តំណាង​នៃ​គណបក្សកាន់អំណាច​ក្នុង​តំបន់​អាស៊ាន​ចំនួន​ ៦ ផ្សេងទៀត​ដូចជា គណបក្ស​កុម្មុយនីស្ត​វៀតណាម​, គណ​បក្ស Golkar ​ឥណ្ឌូនេស៊ី​, គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​, គណបក្ស​អង្គការ​ជាតិ​ម៉ា​ឡេ​រួបរួម ​(UMNO),​គណបក្ស​សហភាព​សាមគ្គីភាព​និង​អភិវឌ្ឍន៍​របស់​មី​យ៉ាន់​ម៉ា និង​គណបក្ស​ភឿ​ថៃ​។​


កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ “​តួនាទី​គណបក្សនយោបាយ​រុស្ស៊ី និង​បណ្តា​ប្រទេស​អាស៊ាន ក្នុងការ​បង្កើត​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី​ប្រកបដោយ​យុត្តិធម៌​”​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​

​ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល​អន្តរ​គណបក្ស លោក​ហ៊ុន សែន បាន​ផ្តើម​សាទរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​គណបក្សកាន់អំណាច​រុស្ស៊ី ក្នុង​ការបង្កើត​កិច្ចពិភាក្សា​តុមូល​អន្តរ​គណបក្ស​នេះ​ឡើង ដើម្បី​ជំរុញ​ការរួបរួម​ជាស​កល នៅ​ចំពោះមុខ​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ពី​ការ​ប្រណាំងប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ប្រទេស​មហាអំណាច នៅ​មួយរយៈ​ចុងក្រោយ​រហូត​មានការ​ប្រើប្រាស់​កម្លាំងប្រដាប់អាវុធ​។ 


​លោក​បាន​មានប្រសាសន៍ថា​៖ «​ពិភពលោក​បានដាក់​ចេញ​យុទ្ធសាស្ត្រ​ព​ន្លឿ​ន​ការផ្តាច់​ចេញពី​គ្នា ជាជាង​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដែល​នាំទៅរក​ការ​រង្គោះរង្គើ​នានា​នៃ​សណ្តាប់ធ្នាប់​អន្តរជាតិ ​ដែលមាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ជា​ឈ្នាន់​។ បញ្ហា​នេះ​នាំទៅរក​ភាពមិន​ទុកចិត្ត​គ្នា​ពី​សំណាក់​មហាអំណាច​ដែលនាំឱ្យ​មានការ​រាំងស្ទះ​ដល់​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល​ដែលជា​ប្រយោជន៍ និង​កង្វល់​រួម​។ តួយ៉ាង​ការ​រាលដាល​ជំងឺឆ្លង ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី​ជាច្រើន​»​។​

លោក​យល់ថា ចំពោះមុខ​នេះ អាស៊ាន​បានក្លាយ​ទៅជា​ទីលាន​ប្រកួតប្រជែង​របស់​មហាអំណាច​ដ៏​ក្តៅគគុក​ដោយ​វេទិកា​ដឹកនាំ​ដោយ​អាស៊ាន ត្រូវបាន​យកទៅ​ប្រើប្រាស់​ជំរុញ​របៀបវារៈ​រៀងៗ​ខ្លួន​ដែលនាំឱ្យ​មានការ​រាំងស្ទះ​ម​ជ្ឈ​ភាព​អាស៊ាន និង​នាំទៅរក​ភាព​តានតឹង​ក្នុង​តំបន់​។​

​លោក​ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា អាស៊ាន​មិនគួរ​ជ្រើសរើស​ភាគី​ណាមួយ​ផ្តាច់មុខ​ឡើយ ដោយ​ចាត់ទុក​រាល់​ភាគី​សុទ្ធតែជា​ដៃគូ​មិនអាច​ខ្វះ​បាន ដើម្បី​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​តំបន់ ដើម្បី​ម​ជ្ឈ​ភាព​អាស៊ាន និង​ប្រយោជន៍​របស់​ដៃគូ​អាស៊ាន​ផង​។​

លោក​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ​ចំពោះ​និន្នាការ​នៃ​ការប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្រោមលេស​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដើម្បី​អាចឱ្យ​បណ្តា​ប្រទេស​ដាក់ទណ្ឌកម្ម​ទាំង​នោះមក​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​ដទៃទៀត​ដែល​ទន់ខ្សោយ​ជាង​។​

លោក​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​លើកឡើង​ក្នុង​សន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ ថា ប្រវត្តិសាស្ត្រ​បាន​បង្រៀន​យើង​ច្រើនលើកច្រើនសា​ហើយ​ថា ការជ្រៀតជ្រែក ហើយ​អាក្រក់​ជាង​នេះ​គឺ​ការប្រើប្រាស់​មធ្យោបាយ​យោធា​ហើយ​ដាក់​បង្ខំ​ឱ្យ​ទទួលយក​ប្រព័ន្ធ​អភិបាលកិច្ច​ណាមួយ មិនមែនជា​ដំណោះស្រាយ​ល្អ​ទេ ដែល​កម្ពុជា​ធ្លាប់​ទទួលរង​សោកនាដកម្ម​នេះ​រួចហើយ​»​។​

​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​អំពាវនាវ​ឱ្យ​រក្សាបាន​ឥទ្ធិពល​និង​តួនាទី​របស់​អង្គការសហប្រជាជាតិ ជាពិសេស​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ជុំវិញ​គោលការណ៍​អធិបតេយ្យ និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រជាជាតិ​នីមួយៗ ការអនុវត្ត​ច្បាប់​អន្តរជាតិ​ដោយ​យុត្តិធម៌​គ្មាន​ស្តង់ដា​២ ចៀសវាង​បាត់បង់​ឥទ្ធិពល​សណ្តាប់ធ្នាប់​អន្តរជាតិ ហើយ​ត្រូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ការទូត ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងឡាយ​រួមទាំង​ជម្លោះ​ប្រដាប់អាវុធ​។​

លោក​ផ្តាំ​ថា ៖ «​គេ​មិនអាច​ដោះស្រាយ​បញ្ហា​ដោយ​សង្គ្រាម ដោយ​ទណ្ឌកម្ម​នយោបាយ ឬ​សេដ្ឋកិច្ច ដំណោះស្រាយ​ឯកតោភាគី គាំពារ​និយម​បានទេ ដែល​មិនអាច​ដោះស្រាយ​បញ្ហា​បាន បែរជា​ពង្រីក​បញ្ហា នាំទៅរក​ភាពស្មុគស្មាញ ​និង​អូស​បន្លាយពេល​ទៅវិញ ហើយ​លោក​ចង់ឃើញ​ពិភពលោក​ពង្រឹង​គោលការណ៍​ពហុភាគី​និយម​ដើម្បី​ដោះស្រាយ​បញ្ហា​សកល​»​។​

ក្នុង​ទំនាក់ទំនង​អាស៊ាន​-​រុស្ស៊ី លោក​ហ៊ុន សែន ប្តេជ្ញាចិត្ត​ក្នុងនាម​ជា​ប្រធាន​សម្របសម្រួល​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​រុស្ស៊ី បន្ថែមទៀត ជាពិសេស​អនុវត្ត​ឱ្យបាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​ភាពជា​ដៃគូ​នេះ​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៥​។​

លោក​ សេង វណ្ណ​លី សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​គាំទ្រ​ចំពោះ​គំនិត​នៃ​ការអំពាវនាវ​របស់លោក​ហ៊ុន សែន ឱ្យ​ពិភពលោក ជាពិសេស​មហាអំណាច​រួបរួមគ្នា ហើយ​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​មក​ដោះស្រាយ​បញ្ហា​ប្រឈម ហើយ​ចិន និង​រុស្ស៊ី ក៏​តែង​អំពាវនាវ​ដូច្នេះ​ផងដែរ​។ 

លោក​បាន​បន្តថា ខណៈ​កន្លងមក​មហាអំណាច​មិនបាន​គោរព​ឡើយ ហើយ​តែង​ប្រើ​សិទ្ធិ​វេតូ​ខ្លួន ឬ​កៅអី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ជា​ប្រយោជន៍​រៀងខ្លួន ហើយ​រឿងរ៉ាវ​ដែល​ប៉ះ​ប្រយោជន៍​ខ្លួន​តែង​មិនមាន​ដំណោះស្រាយ ឬ​ត្រូវ​គាំង​ច្រកចេញ តួយ៉ាង​ករណី​រុស្ស៊ី​ដែល​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន នៅតែ​អូសបន្លាយ​មកទល់​សព្វ​ថ្ងៃ​។​

លោក​ សេង វណ្ណ​លី បាន​ថ្លែងថា​៖ «​មហាអំណាច​ជា​ញឹកញយ តែង​ប្រើប្រាស់​សណ្តាប់ធ្នាប់​ពិភពលោក និង​អង្គការសហប្រជាជាតិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​នៅពេល​មានការ​ប៉ះពាល់​ប្រយោជន៍​ដល់​ប្រទេស​ណាមួយ​ក្នុងចំណោម​ប្រទេស​មហាអំណាច​ធំៗ ដូចជា សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី អង្គការសហប្រជាជាតិ​មិនសូវមាន​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​សកល​ឡើយ​»​។​

លោក​ក៏​សាទរ​ផងដែរ​ចំពោះ​ការអំពាវនាវ​របស់លោក ហ៊ុន សែន ដោយ​មិនឱ្យ​អាស៊ាន​រើស​ភាគី​ណាមួយ​ម្ខាងៗ ដែល​កន្លង​មកជា​ញឹកញយ​បណ្តា​សមាជិក​អាស៊ាន​មួយចំនួន​ក៏​តែង​អំពាវនាវ​ស្រដៀង​គ្នា​នេះ ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​សិង្ហ​បុរី ដែល​ឱ្យ​សមាជិក​អាស៊ាន​រួមគ្នា យ​កម​ជ្ឈ​ភាព​អាស៊ាន​ជា​ស្នូល នៅ​ចំពោះ​មុខការ​ប្រជែង​ឥទ្ធិពល​មហាអំណាច​ជាពិសេស ចិន និង​សហរដ្ឋអាមេរិក អាច​រាំងស្ទះ​សមាហរណកម្ម​អាស៊ាន ដែល​កន្លងមក​កម្ពុជា​ខ្លួនឯង​ក៏ត្រូវ​បាន​គេ​រាប់បញ្ចូល​ផង ព្រោះ​គេ​មើលឃើញ​ពី​ភាពលម្អៀង​ទៅរក​ចិន​។​

​ចំពោះ​យុទ្ធនាការ​ការទូត​រុស្ស៊ី​វិញ លោក​ សេង វណ្ណ​លី សង្កេតឃើញថា មួយរយៈ​ចុងក្រោយ​នេះ រុស្ស៊ី​ព្យាយាម​ធ្វើ​ពិពិធ​កម្ម​ការទូត​របស់ខ្លួន ជាក់ស្តែង​កិច្ចប្រជុំ​រវាង​គណបក្ស​កាន់អំណាច​កម្ពុជា​និង​រុស្ស៊ី និង​កិច្ចពិភាក្សា​តុមូល​អន្តរ​គណបក្ស​ក្របខ័ណ្ឌ​អាស៊ាន​ជាដើម ដែល​រុស្ស៊ី​កំពុង​ស្តារ​មុខមាត់​ប្រទេស​ខ្លួន​ឡើងវិញ បន្ទាប់ពី​សមាជិក​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​មកលើ​ខ្លួន​ចំពោះ​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​កម្ពុជា និង​សមាជិក​អាស៊ាន​មូ​យ​ចំនួន​ផង​៕