​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS)​ ប្រចាំ​កម្ពុជា បានទទួល​ដំណឹង​ពី​ករណី​សត្វ​កន្ធាយ​ក្បាល​កង្កែប​ញី​វ័យ​ជំទង់​១​ក្បាល មាន​ទម្ងន់ ​២៦ ​គីឡូក្រាម មាន​ពង​នៅក្នុង​ពោះ បាន​ងាប់​នៅ​ចំណុច​កោះ​អណ្ដែង​ខ្ចី ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ ខេត្តក្រចេះ​។


យោងតាម​អង្គការ ​WCS ​បានប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៤ បញ្ជាក់ថា តាម​ការធ្វើ​កោសល្យវិច័យ​របស់​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ និង​អង្គការ WCS បាន​សន្និដ្ឋានថា សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ​ងាប់​ដោយសារ​ជាប់​សន្ទូចរនង ដោយ​ឃើញ​មាន​ផ្លែ​សន្ទូច​ទាក់​ជាប់​នឹង​ជើង​របស់​វា​។ 

អង្គការ​ WCS សង្កត់ធ្ងន់ថា​៖«​ជាទូទៅ ផ្លែ​សន្ទូច​ដែល​មិន​បិត​នុយ ងាយ​ទាក់​ជាប់​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដោយ​ខ្លួន​សត្វ​កន្ធាយ​មាន​លក្ខណៈ​ទន់​។ កន្ធាយ​ក្បាល​កង្កែប​ត្រូវបាន​ចាត់ជា​ប្រភេទ​ងាយ​រងគ្រោះ ដោយ​អនុក្រឹត្យ​លេខ​១២៣​អនក្រ ដូចនេះ ការចាប់​និង​ជួញដូរ​ជា​អំពើ​ខុសច្បាប់​»​។ 


រដ្ឋបាល​ជលផល និង​អង្គការ WCS បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​ពលរដ្ឋ​ ដែល​នៅតាម​មូលដ្ឋាន ចូលរួម​ថែរក្សា​សត្វ​ប្រភេទ​នេះ​ឱ្យបាន​គង់វង្ស និង​ចៀសវាង​ការចាប់​និង​ជួញដូរ​ខុសច្បាប់ ដែល​ពុំ​នោះទេ នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជា​ធរមាន​។​

​ជុំវិញ​បញ្ហា​នេះ លោក ញួ​ន ចន្ទី ប្រធាន​សម្របសម្រួល​ប្រចាំ​តំបន់​មេគង្គ WCS បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែមករា ថា ការស្លាប់​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប​នេះ​លោក​ពិតជា​មានការ​សោកស្ដាយ​ជាខ្លាំង បន្ទាប់ពី​បានធ្វើការ​វះកាត់​ឃើញ​មាន​ពង​យ៉ាងច្រើន​លើសពី​ការរំពឹងទុក ដែល​មេ​ពូជ​នេះ​ជិត​ឡើង​ពង​នៅ​ឆ្នេរ​ខ្សាច់​ជិត​នោះ​។ 


លោក ញួ​ន ចន្ទី បញ្ជាក់ទៀតថា ៖«​អង្គការ​ WCS នឹង​បន្ត​សហការ​ជាមួយ​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ អាជ្ញាធរ​មូលដ្ឋាន សហគមន៍​នេសាទ​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ ដើម្បី​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់ និង​បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ជលផល និង​ការងារ​អភិរក្ស​កន្ធាយ​ក្បាល​កង្កែប និង​ជីវៈចម្រុះ​»​។ 

​បើតាម លោក ញួ​ន ចន្ទី ចាប់តាំងពី​ឆ្នាំ​២០១៩ បើ​គិត​មកទល់ពេលនេះ​មាន​តួលេខ​ដែល​សត្វ​កន្ធាយ​ក្បាល​កង្កែប​ងាប់​មាន​ចំនួន ៣​ក្បាល​បើ​គិត​ទាំង​លើក​នេះ ដែល​ត្រូវបាន​ប្រទះឃើញ និង​កត់ត្រា​ចូលក្នុង​តារាង​ទិន្នន័យ​។​

សូម​រំឭក​ដែរ​ថា កាលពី​ខែធ្នូ ឆ្នាំ​២០២៣ ក្រុមការងារ​បច្ចេកទេស​ប្រចាំខេត្ត​ក្រចេះ នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បានទទួល​កូន​កន្ធាយ​ក្បាល​កង្កែប​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ១ ​សម្បុក ដែលមាន​ពង​ចំនួន ​២៩ ​គ្រាប់ ពី​សមាជិក​សហគមន៍​នេសាទ ខណៈ​ក្រុមការងារ​បច្ចេកទេស​យ​ក​ទៅ​រក្សាទុក​នៅ​ទីតាំង​ភ្ញាស់​ដែលមាន​សុវត្ថិភាព​។  

សម្បុក​កន្ធាយ​ក្បាល​កង្កែប ​ដែល​ទទួលបាន គឺជា​សម្បុក​ទី​១​ក្នុង​រដូវ​កាល​ពង​កូន ដែល​សម្បុក​កន្ធាយ​ក្បាល​កង្កែប​នេះ ត្រូវបាន​ក្រុមការងារ​បច្ចេកទេស​នៃ​អង្គការ​សមាគម​អភិរក្ស និង​ក្រុមការងារ​ការពារ​សម្បុ​ក​ធ្វើការ​វាស់វែង ប្រមូល និង​រក្សាទុក​នៅ​ទីតាំង​ភ្ញាស់​ដែលមាន​សុវត្ថិភាព​។​

សូមបញ្ជាក់ថា សត្វ​កន្ធាយ​ក្បាល​កង្កែប​ត្រូវបាន​ចាត់​ចំណាត់ថ្នាក់​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះ ដោយ​អនុក្រឹត្យ​រាជរដ្ឋាភិបាល លេខ​ ១២៣ អនក្រ​.​បក ចុះ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០០៩ និង​ក្នុង​បញ្ជី​ក្រហម នៃ​អង្គការ IUCN ជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​នៅ​ទូទាំង​សកលលោក​។ ប្រភេទ​សត្វ​នេះ​ត្រូវបាន​រកឃើញ​សាជាថ្មី​ម្ដងទៀត​ចន្លោះ​ពី​ស្រុក​សំបូរ ខេត្តក្រចេះ រហូតដល់​ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ដែលមាន​ចម្ងាយ​ប្រមាណ ៥០ ​គីឡូម៉ែត្រ​។​

ក្នុង​រដូវ​ពង​កូន​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុម​ការពារ​សម្បុក​ស​ហគ​មន៍​បាន​រកឃើញ​សម្បុក​ពង​កន្ធាយ​ក្បាល​កង្កែប​ចំនួន ២៨​ សម្បុក ដែលមាន​ពង​សរុប​ចំនួន ៨២៣ ពង ដែល​ចំនួន​នេះ កើន​លើស ៥០% បើ​ធៀប​ទៅនឹង​រដូវ​ពង​កូន​ឆ្នាំ ២០២០-២០២១ ក្នុង​រយៈពេល​ដូចគ្នា​៕