ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា ការបញ្ជា​យានយន្ត​ទាំង​ក្នុងស្ថានភាព​ស្រវឹង មិន​ត្រឹមតែ​ជាការ​​ប្រមាថ​អាយុជីវិត​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ​អ្នក​អាច​ក្លាយជា​ឃាតករ​គ្រប់​វិនាទី ហើយ​ច្បាប់​នឹង​គ្មាន​ការលើក​លែងឱ្យ​អ្នកជា​ដាច់ខាត​។​


​លោក​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​យប់​ថ្ងៃទី​ ២៣ ខែមករា​ថា ក្នុង​រយៈ​ពេញ​ ១ ​ឆ្នាំ​ ២០២៣​ កន្លងទៅ មាន​ជនរងគ្រោះ​ជាង ​១ ៥០០​ នាក់ បាន​ស្លាប់​នៅលើ​ដងផ្លូវ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ចំណែក​នៃ​មូល​ហេតុ​ធ្វើឱ្យមាន​សោកនាដកម្ម​នេះ គឺ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។​

​លោក​បាន​បញ្ជាក់ថា​៖«​អ្នកនឹង​ក្លាយជា​ឃាត​ករបើ​នៅតែ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​។ បើតាម​មាត្រា​ ៨៥ ​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បើ​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​អត្រា​ជាតិ​អាល់កុល​ចាប់ពី ០,៤០ ​មិ​ល្លី​ក្រាម​ក្នុង​ ១ ​លីត្រ​ខ្យល់ ឬ​ចាប់ពី ​០,៨០ ​ក្រាម ក្នុង​ ១ ​លីត្រ​ឈាម​ឡើងទៅ ឬ​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ច្រើន​នាក់​ជាដើម នឹងត្រូវ​ផ្ដន្ទា​​ទោស​ដាក់ពន្ធនាគារ​ពី ​២ ​ទៅ ​៥ ​ឆ្នាំ​។ នេះ​ដោយ​មិន​គិតពី​ការពិន័យ​ជា​ប្រាក់​និង​សំណង​រដ្ឋប្បវេណី​នៅឡើយ​ទេ​»​។​


​លោ​កស សុខា បាន​បន្ថែមទៀតថា លោកនាយក​ដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​យ៉ាងច្បាស់ និង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ ឱ្យ​ឃាត់ខ្លួន និង​វាយខ្នោះ​ជាបន្ទាន់ រាល់​ជន​ណា​ដែលមាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន ហើយ​បើកបរ​បង្ក​គ្រោះ​​ថ្នាក់​ធ្វើឱ្យ​អ្នកដទៃ​រងរបួស​ឬ​ស្លាប់ ខណៈ​ក្រសួងមហាផ្ទៃ​ក៏​កំពុង​សិក្សា​បង្កើត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ឬ Black List កត់ត្រា​អ្នកបើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យមាន​អ្នករងរបួស ឬ​ស្លាប់​។​

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា តាម​ការសង្កេតឃើញថា ប្រជាពលរដ្ឋ​មួយចំនួន​នៅ​បំពាន​ដោយ​ចេតនា ជាហេតុ​បណ្ដាលឱ្យ​សោកនាដកម្ម​លើ​ដងផ្លូវ​មួយ​នេះ​ បន្ត​កើតមាន​ឥត​លស់​ថ្ងៃ​។ ជាក់ស្ដែង​ថ្មីៗ​នេះ ក្នុង​អាការ​ស្រវឹង​ជោកជាំ ជនបង្ក​បាន​បុក​រះ​បណ្ដាលឱ្យមាន​ជនរងគ្រោះ​ស្លាប់​ដល់​ទៅ​ ៤​ នាក់ និង​របួសធ្ងន់​ស្រាល ​៤ ​នាក់​ទៀត​។ រឿង​ហេតុនេះ​បានកើត​ឡើង​ទាំង​ក្នុងពេលដែល​សាធារណមតិ​កំពុង​ជជែក​គ្នា​យ៉ាង​ក្ដៅគគុក​អំពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗ​ដែល​បណ្ដាលមកពី​អ្នកបើកបរ​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។​


​លោ​ក ស សុខា បាន​ថ្លែងថា​៖«​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​អ្នក​និយម​ទទួលទាន​គ្រឿង​ស្រវឹង នឹង​មានការ​ភ្ញាក់ស្មារតី រួមគ្នា​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ពិសេស​រួមគ្នា​លុបបំបាត់ចោល​ទម្លាប់​បើកបរ​ទាំង​ក្នុងស្ថានភាព​ស្រវឹង តាម​ពាក្យស្លោក ស្រវឹង​កុំ​បើកបរ​...​និង​អនុសាសន៍​របស់​សម្តេច ហ៊ុន សែន «​ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​!»​។ សូមកុំ​បណ្ដោយឱ្យ​សុរា​ដឹកមុខ​អ្នក​ទៅរក​ផ្លូវ​វិនាស​!​សូម​កុំឱ្យ​គ្រឿង​ស្រវឹង​កែប្រែ​ជីវិត​អ្នក​ឱ្យ​ក្លាយជា​ឃាតករ​សម្លាប់​មនុស្ស​»​។​

​ជុំវិញ​បញ្ហា​នេះ លោក គឹម បញ្ញា នាយក​អង្គការ​បង្ការ​របួស​អា​ស៊ី បាន​គាំទ្រ​ការលើកឡើង​របស់លោក ស សុខា ចំពោះ​វិធាន​ការបន្ថែម​ដែល​នឹងត្រូវ​អនុវត្ត​ដោយ​ស្ថាប័ន​រាជរដ្ឋាភិបាល ដើម្បី​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​កម្ពុជា​រួមទាំង​ករណី​ពិសា​គ្រឿង​ស្រវឹង​ហើយ​បើកបរ​។​

​លោក​បាន​បញ្ជាក់ថា​៖«​ខ្ញុំ​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​មានការ​រឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ដូច​ខ្ញុំ​ធ្លាប់​លើកឡើង​កាលពី​កន្លងទៅ​។ សុំ​ធ្វើឱ្យ​ជាប់លាប់ ទូលំ​​ទូលាយ និង​ម៉ឺងម៉ាត់ និង​ធ្វើ​ទាំងថ្ងៃទាំងយប់ ហើយ​មិន​ត្រឹមតែ​ផ្តោតទៅលើ​តែ​គ្រឿង​ស្រវឹង​នោះទេ ពេលខ្លះ ពីមុន​យើង​ឃើញ​គ្រឿង​ស្រវឹង​នេះ ដូច​រាង​ស្ងាត់ ប៉ុន្តែ​មួយរយៈ​ក្រោយមក វា​កើន​ត្រឡប់មកវិញ​»​។​

​លោក​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា គឺ​មិនអាច​ដក​ដៃ​បានទេ បើ​បាននិងកំពុង​អនុវត្ត​ជោគជ័យ សមត្ថ​កិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ​បន្តធ្វើ​ថែម​មួយកម្រិត​ទៀត មិនមែន​គ្រាន់តែ​ឃើញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើត​ឡើងជា​បន្តបន្ទាប់​ហើយ​ទើប​ធ្វើ​នោះទេ​។ ដូច្នេះ​ត្រូវតែ​ធ្វើជា​ប្រចាំ​ដើម្បីឱ្យ​អ្នកបើកបរ​ដឹងថា​មាន​គោលដៅ​ត្រួត​​ពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​ក្នុងនោះ​ក៏មាន​គ្រឿង​ស្រវឹង​ផងដែរ​។​

​ជាមួយគ្នា​នោះ លោក គឹម បញ្ញា ក៏បាន​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការអនុម័ត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ឱ្យបាន​ឆាប់ ព្រោះ​វា​មាន​ភាពចាំបាច់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត និង​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ឱ្យ​បណ្តា​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ដែល​ផ្តល់​សេវា​ផលិតផល​គ្រឿង​ស្រវឹង​ចូលរួម​ជំរុញ​ការផ្សព្វផ្សាយ និង​ផ្តល់​សម្ភារ​បច្ចេកវិទ្យា​ដ​ល់​អតិថិជន​។​

​ជុំវិញ​រឿងនេះ​ដែរ លោក ជ័យ តិច អ្នកសិក្សា​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋ​កិច្ច ក៏បាន​ថ្លែង​ដែរ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​នៅតែ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ជាពិសេស​សម្រាប់​ដើមឆ្នាំ​ ២០២៤ គឺមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរឱ្យ​រន្ធត់​ជាច្រើន បើទោះបីជា​មានការ​ណែនាំ​ជារឿយៗ​ពី​ថ្នាក់ដឹកនាំ​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ​ក៏ដោយ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការយល់ឃើញ​របស់ខ្ញុំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​ចំណុច​មួយចំនួន​ដូចជា ពង្រឹងគុណភាព​នៃ​ការបង្រៀន​បើកបរ និង​ការចេញ​បណ្ណ​បើកបរ ពង្រឹង​ការផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​តាម​សារព័ត៌មាន តាម​សហគមន៍  ​សាលា ការ​​បិទ​ផ្សាយ​តាម​ប៉ាណូ​អប់រំ​ជាដើម​»​។​

​លោក​បាន​បន្ថែមថា​៖ «​រដ្ឋាភិបាល​ត្រូវ​រឹតបន្ដឹង​ឬ​បញ្ឈប់​ការផ្សព្វផ្សាយ​ដោយ​លើកទឹកចិត្ត​ឱ្យ​ពិសា​គ្រឿង​ស្រវឹង តាមរយៈ​ការផ្តល់​រង្វាន់ ការប្រើប្រាស់​ជន​មាន​ប្រជាប្រិយភាព​ឬ​ជន​មាន​ឥទ្ធិពល​ក្នុងសង្គម កែសម្រួល​ច្បាប់​លើ​ការ​ពិសា​គ្រឿង​ស្រវឹង ដោយ​ហាម​ក្មេង​អាយុ​ក្រោម​ ១៨ ឆ្នាំ​ពិសា​គ្រឿង​ស្រវឹង​ឬ​ទិញ​គ្រឿង​ស្រវឹង កំណត់​ម៉ោង​ឈប់​លក់​គ្រឿង​ស្រវឹង​រួម​នឹង​ដំឡើង​ពន្ធ​លើ​គ្រឿង​ស្រវឹង​ផងដែរ​»​។​

​ទាក់ទង​នឹង​ការបើកបរ​ដោយមាន​ជាតិ​ស្រវឹង​នេះដែរ នៅ​ថ្ងៃទី​ ២៣ ខែ​មករា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ នាង សំ​អូន ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យស្លាប់​មនុស្ស​ ៤ ​នាក់ និង​របួស​ ៤ ​នាក់​នៅក្រោម​ស្ពាន​អាកាស​ឫស្សីកែវ​កាល​​ពីថ្ងៃ​ទី​ ២០ ខែមករា ឆ្នាំ ​២០២៤​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​បុរស​រូបនេះ​ពីបទ​«​បើក​បរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែលជា​បទ​ប្បញ្ញត្តិ​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បណ្តាលឱ្យ​របួស និង​ស្លាប់​អ្នកដទៃ​» ដែល​បទល្មើស​ព្រហ្មទណ្ឌ​មានចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ ៨៣ និង​មាត្រា ​៨៥ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​៕