​ភ្នំពេញៈ ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ឱ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​អុត​ស្វា​ដោយ​បន្ត​អនុវត្ត​ការបង្ការ ខ្លួន តាម​វិធានការ​ណែនាំ​របស់​ក្រសួង​ខណៈ​រកឃើញ​ជំងឺ​អុត​ស្វា ១​ ករណី​ទៀត​ដែលជា​ករណី​ទី​ ៤​។​


​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​ ២៣ ខែមករា​បានឱ្យដឹងថា ក្រសួង​បាន​រកឃើញ​ករណី​ជំងឺ​អុត​ស្វា​ចំនួន ១​ ករណី​បន្ថែមទៀត លើ​បុរស​ម្នាក់ ដូច្នេះ​សរុប​ជំងឺ​អុត​ស្វា​ដែល​បាន​រកឃើញ​មាន​ចំនួន​ ៤ ​ករណី​ហើយ​។ អ្នកជំងឺ​អុត​ស្វា​នេះ​ត្រូវដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​ដាច់​ដោយ​​ឡែក​នៅក្នុង​មន្ទីរពេទ្យ​។ «​សូម​អំពាវនាវ​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជាថ្មី​ទៀតថា សូមមេត្តា​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បង្ការ​នូវ​ការ​ចម្លងជំងឺ​អុត​ស្វា​ដោយ​ត្រូវ​ស្វែងយល់​ពី​របៀប​ឆ្លង និង​ត្រូវអនុវត្ត​វិធានការ​បង្ការ​នានា​»​។​

​ការបង្ការ​ជំងឺ​អុត​ស្វា​រួមមាន​៖ ត្រូវ​ចៀសវាង​ការប៉ះពាល់​ផ្ទាល់​ដូចជា ឱប ថើប ម៉ាស្សា​និយាយ​ជិតគ្នា​ជាមួយ​អ្នក​ដែលមាន​ចេញ​រោគសញ្ញា​ជំងឺ​អុត​ស្វា​។ ចៀស​វាង​ការប៉ះពាល់​ផ្ទាល់​ឬ​ប៉ះពាល់​ជាមួយ​សម្លៀកបំពាក់ កម្រាលពូក ខ្នើយ​ឬ​កន្សែងពោះគោ​ឬ​ចាន ស្លាបព្រា ឬ​ពែង ឬ​ផ្ទៃ​នៃ​ទីតាំង អ្នកមាន​ជំងឺ​អុត​ស្វា​ប្រើប្រាស់​។ លើសពីនេះ​ត្រូវ​ចៀសវាង​ប៉ះពាល់​អ្នកជំងឺ​អុត​ស្វា ក៏ដូចជា​ត្រូវ​ពាក់​ម៉ាស់ ប្រសិនបើ​នៅ​ជិត​អ្នកមាន​រោគសញ្ញា​ជំងឺ​អុត​ស្វា​។


​លោក​អ៊ី លី​ម៉ា​អ្នកជំនាញ​សុខ​ភាព​សាធារណៈ និង​ជា​សាកល​វិទ្យា​ធិ​ការរង នៃ​សា​​កល​វិទ្យា​ល័យ​ចេនឡា​ថ្លែងថា​៖ «​ដ្បិតតែ​វា​ជា​ជំងឺឆ្លង​ក៏ពិតមែន ប៉ុន្តែ​ត្រឹម​ករណី​ឆ្លង​ម្នាក់ ឬក៏ ​២ ​នាក់​វា​មិន​មែន​ជាការ​បង្ក​ឱ្យ​ភ័យខ្លាច​និង​ធ្វើឱ្យ​ប្រជាជន​យើង​មិនអាច​ចេញទៅ​ប្រកបមុខរបរ​បាន​នោះទេ​»​។

លោក​ថា ចំពោះ​ផលវិបាក​នៃ​ជំងឺ​នេះ​ប្រសិនបើ​អ្នក​ឆ្លង​ជំងឺ​អុត​ស្វា មិន​ទទួល​សេវា​ព្យាបាល​ឱ្យទាន់​ពេលវេលា​នោះ​វា​ក៏​អាច​បណ្ដាល ឱ្យ​បាត់បង់​អាយុជីវិត​ដែរ បើ​អ្នក​ឆ្លង​ជំងឺ​នោះ​ជា​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ជា​មនុស្ស​ចាស់ ស្ដ្រី​មាន​ផ្ទៃពោះ និង​ជា​កុមារ​ជាដើម​៕​