ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំទៅដល់ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធឱ្យមានការពង្រឹងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងមិនត្រូវឱ្យមានបង្ហាញការសេពគ្រឿងស្រវឹងតាមបណ្តាញទូរទស្សន៍ដោយសេរីឡើយ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងដូចនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤។ លោកក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេត្រ ភក្ត្រាចាត់វិធានការជាបន្ទាន់ ទៅលើរូបភាពនៃការផ្សាយពាណិជ្ជកម្មមួយដោយឱ្យអ្នកទស្សនាឡើងលើឆាកគាស់គម្របកំប៉ុងស្រាបៀរផឹកនៅលើឆាក និងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ផងដែរ។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ការផ្សាយពាណិជ្ជកម្មមួយក៏ត្រូវមានព្រំដែនផងដែរ ដែលកាលប៉ុន្មានថ្ងៃមុនមានគេបាញ់រូបភាពឱ្យខ្ញុំដោយមានការឡើងលើវេទិកាគាស់ផឹក។ ខ្ញុំបញ្ជាឱ្យបញ្ឈប់ភ្លាម ហើយឱ្យឯកឧត្តម នេត្រ ភក្ត្រាឱ្យទូរទស្សន៍ដកបិទភ្លាម។ ការពិនិត្យមើលលើការផ្សាយប៉ាណូស្រាបៀរជារឿងមួយតែត្រូវដាក់ពាក្យអប់រំជាមួយរឿង
ប៉ុន្តែរឿងហៅមនុស្សឡើងគាស់ផឹកលើឆាក គឺបញ្ឈប់ជាដាច់ខាតនៅតាមស្ថានីយទូរទស្សន៍ផ្សេងៗ»។
ទាក់ទងនឹងការផ្សាយពាណិជ្ជកម្មស្រាបៀរនេះដែរលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៤ របស់រដ្ឋបាលស្រុកដំណាក់ចង្អើរកាលពីថ្ងៃទី ២២ ខែមករា បានថ្លែងថា ទាក់ទងនឹងផ្លាកសញ្ញាផ្សាយពាណិជ្ជកម្មផ្សេងៗ សូមឱ្យមានការពិចារណាឱ្យបានហ្មត់ចត់ ពិតមែនតែផ្លាកសញ្ញាខ្លះមានការបង់ចំណូលចូលរដ្ឋ ប៉ុន្តែក៏ត្រូវពិនិត្យមើលផ្ទាំងប៉ាណូពាណិជ្ជកម្មផងដែរ ពិសេសការផ្សាយស្រាបៀរផ្សេងៗ។
លោកសោម ពិសិដ្ឋ បញ្ជាក់ថា៖ «ការផ្សាយពាណិជ្ជកម្មស្រាបៀរផ្សេងៗយើងមិនមានសិទ្ធិហាមឃាត់ទេការផ្សាយពាណិជ្ជកម្មឱ្យតែមានច្បាប់ត្រឹមត្រូវ ប៉ុន្តែថ្មីៗនេះមានសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានពាក់ព័ន្ធនឹងការផ្សាយផ្ទាំងប៉ាណូស្រាបៀរដែលយើងត្រូវយកមកធ្វើការពិចារណា និងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ»។
លោកបន្តថា៖«តាមពិតនិយាយពីច្បាប់ថាខុសច្បាប់ វាមិនខុសច្បាប់ទេ ប៉ុន្តែអ្វីដែលជាសីលធម៌សង្គម គ្រោះថ្នាក់សង្គម ហានិភ័យសង្គម មួយផ្នែកធំបានកើតចេញពីគ្រឿងស្រវឹង។ ដូចនេះខ្ញុំបានឱ្យអាជ្ញាធររុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មស្រាបៀរចេញពីក្រុងស្រុកទាំងអស់ ហើយត្រូវកាត់ចោល ត្រូវរុះរើ គឺរើចោល»។ លោកថា៖«យើងកុំនាំគ្នាពង្រីកបញ្ហាតូចឱ្យទៅជាបញ្ហាធំ តែត្រូវខិតខំឈរលើស្មារតីរួមគ្នាដោះស្រាយ និងថ្លឹងថ្លែងគ្នារវាងចំណូលចូលមករដ្ឋ និងគ្រោះថ្នាក់ និងសោភណភាពសង្គម»។
ចំណែក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៤ ខែមករាផងដែរថា មកដល់ពេលនេះនៅទូទាំងខេត្តកំពង់ស្ពឺមិនមានផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតាមទីសាធារណៈឡើយ ដែលនេះជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខេត្តកំពង់ស្ពឺ។ លោកថ្លែងថា៖ «សម្តេចបវរធិបតី ក៏បានដាក់ទិសដៅឱ្យអនុវត្តខ្ជាប់ខ្ជួន ជាពិសេសកុំឱ្យមានការផ្សព្វផ្សាយស្រាបៀរក្នុងលក្ខណៈទូលំទូលាយហើយយើងជាអាជ្ញាធរនឹងនៅតែបន្តអនុវត្តតាមការណែនាំ ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះផងដែរ»។
លោកយង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្ដិភាព បានថ្លែងថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី គឺជារឿងមួយល្អ ប៉ុន្តែចំណាត់ការនេះនឹងមិនមាននិរន្តរភាពទេ បើសិនមិនមានច្បាប់ក្នុងការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង។
លោកនិយាយថា៖ «បើសិនជាចង់ឱ្យចំណាត់ការនេះមាននិរន្តរភាព លុះត្រាតែមានច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលត្រូវចែងពីវិធានការនៃការទប់ស្កាត់ផ្សព្វផ្សាយគ្រឿងស្រវឹងដែលយើងអាចធ្វើទៅបានជារៀងរហូត តែបើជាលក្ខណៈនៃបទបញ្ជា ឬជាសេចក្តីសម្រេចអីមួយនោះ ការអនុវត្តមានរយៈពេលខ្លីដែលវាមិនអាចធ្វើឱ្យមានប្រសិទ្ធភាពក្នុងរយៈពេលយូរអង្វែងបាន»។
លោកយង់ គិមអេងចង់ឃើញលោកនាយករដ្ឋមន្ត្រី ជំរុញឱ្យមានច្បាប់ក្នុងការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យបានឆាប់ ព្រោះបទបញ្ជាដែលថ្នាក់ដឹកនាំបានបញ្ជាទៅក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធនេះគ្រាន់តែជាបណ្តោះអាសន្ន និងសម្រាប់ចាត់វិធានការបន្ទាន់តែប៉ុណ្ណោះ។ «អត្រានៃការប្រើប្រាស់គ្រឿងស្រវឹងអាចនឹងមានការថយចុះ ប្រសិនបើយើងគ្រប់គ្រងមិនឱ្យមានការផ្សាយពាណិជ្ជកម្មដែលមានការទាក់ទាញ មានការលើកកម្ពស់ឱ្យមានការប្រើប្រាស់គ្រឿងស្រវឹងនេះយ៉ាងគគ្រឹកគគ្រេងក្នុងប្រទេសយើងនេះ»៕