ភ្នំពេញៈ ជំងឺ​អុតស្វា​ចំនួន ១ ករណី​បន្ថែម​ទៀត​ត្រូវ​បាន​រក​ឃើញ ដែល​ធ្វើ​ឱ្យ​ការ​រក​ឃើញ​សរុប​នៃ​ជំងឺ​អុតស្វា​នេះ​កើន​ឡើង​ដល់​ចំនួន ៤ ករណី ហើយ​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០២៣ មក។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នា​ព្រឹក​ថ្ងៃទី ២៤ ខែ​មករា​នេះ។ 


ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ជម្រាប​ជូន​ដល់​សាធារណជន​ថា យោង​តាម​លទ្ធផល​ទទួល​បាន​ពី​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​នៅ​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០២៤ បាន​បញ្ជាក់​ថា មាន​ករណី​ជំងឺ​អុតស្វា​ចំនួន ១ ករណី​បន្ថែម​ទៀត​លើ​បុរស​ម្នាក់ ដូច្នេះ​សរុប​ជំងឺ​អុតស្វា ដែល​បាន​រក​ឃើញ គឺ​មាន​ចំនួន ៤ ករណី​ហើយ។ 

ក្រសួង​បាន​បញ្ជាក់​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​អុតស្វា​នោះ ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មន្ទីពេទ្យ​យ៉ាង​ត្រឹមត្រូវ។ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ និង​ក្រើន​រំឭក​ដល់​ពលរដ្ឋ​សា​ជា​ថ្មី​ទៀត សូម​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ប្រុងប្រយ័ត្ន​ផ្ទាល់​ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បី​បង្ការ​នូវ​ការ​ចម្លង​ជំងឺ​អុតស្វា៕