ភ្នំពេញៈ​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការអប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ជលផល សម្រាប់​និស្សិត​កម្ពុជា ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​ជលផល ដោយ​និស្សិត​អាច​ពង្រឹងសមត្ថភាព​ជំនាញ​វិទ្យាសាស្ត្រ​របស់ខ្លួន និង​មានឱកាស​ទទួល​បានកា​រងារ​កាន់តែ​ទូលំទូលាយ ជាពិសេស​លើ​ឆាក​អន្តរជាតិ​។ 


នេះ​ជាការ​លើកឡើង​របស់ លោក Everaert Koen អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា ស្តីពី​កម្មវិធី CAPFISH-Capture គាំទ្រ​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការអប់រំ​ផ្នែក​វិទ្យាសាស្ត្រ​ជលផល និង​ការអបអរ​ខួប​២​ឆ្នាំ​ក្នុង​ភាពជា ដៃគូ​ក្នុង​ការគាំទ្រ​និស្សិត​កម្ពុជា​ក្នុង​ការហាត់​ការស្រាវជ្រាវ​លើ​វិស័យ​ជលផល ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ​សាន់វេ ព្រឹក​ថ្ងៃទី​១៥ ខែមករា​។ 

ប្រភព​ដដែល​បាន​លើកឡើងថា សហភាព​អឺរ៉ុប​បាន​គាំទ្រ ដល់​កម្មវិធី​និស្សិត​ហាត់​ការ​ក្នុង​វិស័យ​ជលផល​កម្ពុជា មាន​រយៈពេល​២​ឆ្នាំ​មកហើយ ដែល​កម្មវិធី​នេះ គឺ​សំដៅ​កសាង​សមត្ថភាព​ដល់​អ្នកបច្ចេកទេស និង​អ្នកវិទ្យាសាស្ត្រ​ជំនាន់​ថ្មី​សម្រាប់​ការគ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​។ 


លោក​ថ្លែងថា​៖«​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការស្រាវជ្រាវ​ទាំងអស់នេះ​គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជួយ​គ្រប់គ្រង​ផ្នែក​ជលផល ជាពិសេស​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កំពុងតែ​កើតមានឡើង និង​បង្ក​ជា​ផលវិបាក​ដល់​ការអភិវឌ្ឍ ក៏ដូចជា​ប៉ះពាល់​ដល់​និរន្តរភាព​ទីជម្រក​សត្វ​ក្នុង​ទឹក​»​។​

លោក Everaert Koen បញ្ជាក់ថា សម្រាប់​កិច្ច​គាំទ្រ​នេះ សហភាព​អឺរ៉ុប​មាន​ដៃគូ​សហការ​ជាច្រើន ដែល​ធ្វើ​ការងារ​លើ​ការពង្រឹង​សមត្ថភាព​នៃ​ធនធានមនុស្ស​លើ​វិស័យ​ជលផល និង​ការគ្រប់គ្រង​HRMIS  ប្រព័ន្ធ​ទិន្នន័យ​HRMIS ក៏ដូចជា​ជួយ​ដល់​វិស័យ​នេសាទ និង​វារីវប្បកម្ម និង​ជួយ​ដល់​ការអប់រំ​ផ្នែក​ឧ​ត្ត​មសិ​ក្សា​ទាក់ទង​និង​ផ្នែក​នេសាទ វារីវប្បកម្ម ដែល​អនុវត្ត​បច្ចេកទេស​ដោយ អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO)​។  


 លោក​បានឱ្យដឹងថា សហភាព​អឺរ៉ុប​បាន​គាំទ្រ​មូលនិធិ​សម្រាប់​កម្មវិធី​និស្សិត​ហាត់​ការ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ចំនួន ៣៧​នាក់ មកពី​សាកលវិទ្យាល័យ​ចំនួន​៤ គឺ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំពង់ចាម និង​សាកលវិទ្យាល័យ​ក្រចេះ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ដែល​ទាក់ទង​វិស័យ​ជលផល ដោយបាន​ពិគ្រោះ​យោបល់ និង​ស្នើឡើង ដោយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៅ​ទូទាំង ​២០​ ខេត្ត​ នៅ​តំបន់ឆ្នេរ និង​តំបន់​ទឹកសាប​។ ក្នុង​កម្មវិធី​នេះ និស្សិត​ម្នាក់​ទទួលបាន​ថវិកា ៣ ០០០​ ដុល្លារ​អាមេរិក​សម្រាប់​ការសិក្សា​ស្រាវជ្រាវ ៦​ខែ​ដំបូង និង​ថវិកា​ ៥០០​ ដុល្លារ អាមេរិក​ក្នុង​១​ខែ​សម្រាប់​៦​ខែ​បន្ទាប់​។​

ថ្លែង​ក្នុង​សិក្ខាសាលា​នោះដែរ លោក ស្រ៊ុន លឹម​សុង អនុប្រធាន​រដ្ឋបាល​ជ​ល​ផល បាន​ជំរុញ​ដល់​និស្សិត​ហាត់​ការ​ទាំងអស់ ពង្រឹង សមត្ថភាព​ជំនាញ​ឱ្យបាន​កាន់តែខ្លាំង​ជាមួយនឹង​ឱកាស​ដែល​កំពុង​តែមាន​ពេលនេះ ហើយ​ត្រូវ រៀនសូត្រ​ភាសា​អន្តរជាតិ​ឱ្យបាន​ខ្លាំង​បន្ថែមទៀត ដើម្បី​ក្លាយជា​ធនធាន​កំពូល និង​អាច​ចាប់យក​ឱកាស​ការងារ​លំដាប់​ពិភពលោក​បាន​។ 

លោក​ថ្លែងថា​៖«​អ្វីដែល​សំខាន់​គឺ​ប្អូនៗ​ត្រូវមាន​សមត្ថភាព ខិតខំ​ប្រឹងប្រែង​ទាំង​ការងារ​បច្ចេកទេស និង​ភាសា​អង់គ្លេស បើសិនជា​ប្អូន​មិនចេះ​ភាសា​អង់គ្លេស​ទេ ទៅធ្វើ​អី​ក៏​មិនទាន់​គេ​ដែរ រាល់​ឯកសារ​អ្វីៗ​ទាំងអស់ មាននៅ​ក្នុង​ទូរស័ព្ទ ក្នុង​កុំ​ព្យ​ទ័​រ​ងាយ​បំផុត​»​។​

កញ្ញា Rebekah Bell តំណាង​អង្គការ FAO បាន​ថ្លែង​លើកទឹកចិត្ត​និស្សិត​ទាំងអស់ ឱ្យខិត​ខំរៀន​សូត្រ​ភាសាបរទេស​ឱ្យបាន​កាន់តែច្រើន​កាន់តែ​ល្អ ព្រោះ​ការងារ​នៅលើ​ឆាក​អន្តរជាតិ គេ​ត្រូវការ​ប្រើប្រាស់​ភាសា​សកល​ដែល​ប្រជាជាតិ​ជាច្រើន​ប្រើការ​ក្នុង​ទំនាក់ទំនង​។ កញ្ញា​បាន​លើកឡើងថា ដំបូង​មុន​កាន់ការ​ងារ​ជា​តំណាង​អង្គការ FAO ក៏​ធ្លាប់​ឆ្លងកាត់​ជីវិត​ជា​អ្នក​ហាត់​ការស្រាវជ្រាវ ដូច​និស្សិត​ទាំងអស់​ដែល​កំពុង​ធ្វើ​ពេល​នេះដែរ​។ កញ្ញា​សង្ឃឹមថា ទាំងអស់គ្នា​អាច​សម្លឹងមើល​អនាគត​របស់​ខ្លួនឯង ដែល​អាច​អង្គុយ​នៅ​កៅអី​ការងារ​លំដាប់​ពិភពលោក​បាន ដោយ​អាច​មើល​នាង​ជា​គំរូ​។ 

កញ្ញា​បន្ថែមថា​៖«​អ្នក​ទាំងអស់គ្នា​អាច​ដើរតួ​ជា​ខ្ញុំ​នៅ​ថ្ងៃ​ណាមួយ​នៅពេល​អនាគត ក្នុងនាម​ជា​ស្ថាប័ន​អន្តរជាតិ ហើយ​ដែលជា​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ ហើយ​នេះ​គឺជា​ជំហាន​ដំបូង​របស់​អ្នក​ទាំងអស់គ្នា​ក្នុង​អាជីព​ការងារ ហើយ​យើង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​ក្នុង​ការជួយ​យុវជន ឱ្យសម្រេចបាន​គោលដៅ​របស់ខ្លួន​»។

កញ្ញា​លើកឡើង​ឱ្យដឹង​ផងដែរ​ថា នៅពេល​អនាគត​គ្រប់គ្នា​ក៏​អាចមាន​ការងារ​ល្អៗ​ផ្សេងទៀត ដូចជា​បម្រើ​ការងារ នៅតាម​ស្ថាប័ន​រាជរដ្ឋាភិបាល ក៏ដូចជា​ធ្វើការ​ងារ​នៅក្នុង​វិស័យ​ស្រាវជ្រាវ និង​ផ្នែក​ឧ​ត្ត​ម​សិក្សា​ផ្សេងៗ ដែល​ទាំងអស់នោះ​គឺ​បាន​បង្កើន​នូវ​បញ្ញវន្ត​ជាច្រើន​នៅតាម​វិស័យ​នានា តាមរយៈ​ការសិក្សា​ភាសា​៕