ក្រសួងអប់រំ យុវជន និងកីឡា បើកវគ្គបណ្តុះបណ្តាលពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខការអប់រំ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃរដ្ឋបាលថ្នាក់ក្រោមជាតិក្រុង ស្រុក ខណ្ឌ ចំនួន៤ ខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងសេវាអប់រំ ក្នុងគោលដៅអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ លើកំណែទម្រង់វិស័យអប់រំ បន្ទាប់ពីរដ្ឋបាលថ្នាក់កណ្តាលសម្រេចផ្ទេរកិច្ចការនេះទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាពលោក សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលខេត្ត និងមន្ត្រីជំនាញពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពីខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ចំនួនជាង ១៥០នាក់។ នេះបើយោងតាមខ្លឹមសារប្រកាសពីក្រសួងអប់រំ។
ក្រសួងបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានបំណងផ្តល់ការណែនាំ និងតម្រង់ទិសដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងផ្នែកពាក់ព័ន្ធលើការអនុវត្តមុខងារអប់រំ យុរជន និងកីឡា ដែលបានរដ្ឋាភិបាលថ្នាក់កណ្តាលសម្រេចផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនគុណភាពសេវាអប់រំតាមមូលដ្ឋាន និងជាជំហាននៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកំណែទម្រង់វិស័យអប់រំដែលជាប្តេជ្ញាមោះមុតរបស់រដ្ឋាភិបាលអាណត្តិទី៧។
ក្នុងពិធីនេះ លោកសេរី ជំនះ បានថ្លែងកោតសរសើរចំពោះកិច្ចសហការពីគ្រប់មជ្ឈដ្ឋានទាំងស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ ដើម្បីជំរុញកំណែទម្រង់វិស័យអប់រំនេះឱ្យកាន់តែមានភាពប្រសើរ ជាពិសេសកិច្ចគាំទ្រពីលោកស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រាប់វគ្គបណ្តុះបណ្តាលនេះដើម្បីតម្រង់ទិសរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យអនុវត្តកម្មវិធីគ្រប់គ្រងគុណភាពសេវាអប់រំដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាព។
លោកថ្លែងថា៖«ការធ្វើវិមជ្ឈការមុខងារអប់រំ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសនេះ ផ្តោតលើ "ការប្រគល់មុខងារគ្រប់គ្រង" ចំនួន៣ រួមមាន ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និង "ការធ្វើប្រតិភូកម្មមុខងារគាំទ្រផ្នែករដ្ឋបាល” ចំនួន៣ ដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការងារអប់រំកាយ និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស»។
លោកបន្តថា ទោះបីមានការផ្ទេរការគ្រប់គ្រងសេវាអប់រំទៅដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្តី ក៏ប៉ុន្តែក្រសួងអប់រំ នៅតែជាស្ថាប័នមានគណនេយ្យភាពចំពោះរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីធានាវិស័យអប់រំនេះ ជាពិសេសក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានទំនួលខុសត្រូវ លើកិច្ចការនេះ តាមរយៈកិច្ចសហការនឹងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត។
លោកបន្ថែមថា៖«ក្រៅពីនេះទៀត ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធានាឱ្យបានថា ការអនុវត្តមុខងារត្រូវតែស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្តង់ដានានាដែលបានកំណត់»។
ពាក់ព័ន្ធការងារនេះ លោកឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រទៅលើការបណ្តុះបណ្តាលអំពីការគ្រប់គ្រងផ្នែកអប់រំ ដល់មន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជារឿងសំខាន់ខណៈកន្លងមករដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រាន់តែទទួលបទបញ្ជាពីរដ្ឋបាលកណ្តាលពោលគឺក្រសួងអប់រំ ដែលទាមទារការតម្រង់ទិស និងស្រូបយកបទពិសោធន៍បន្ថែម ក្រោយពេលខ្លួនទទួលសិទ្ធិគ្រប់គ្រងវិស័យអប់រំមូលដ្ឋានរបស់ខ្លួនពីរដ្ឋាភិបាល»។
លោកបន្តថា៖«វាទាមទារឱ្យមានការបណ្តុះបណ្តាលដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធន៍ គោលការណ៍ កន្លែងដែលរដ្ឋបាលមូលដ្ឋានមានចម្ងល់អាចសាកសួររដ្ឋបាលកណ្តាលដែលធ្លាប់កាន់កិច្ចការ ដើម្បីការផ្ទេរអំណាច និងសិទ្ធិគ្រប់គ្រងសេវាអប់រំនេះទៅមានប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ មិនធ្វើតែម្តងទេ យើងគួរមានរាល់ឆ្នាំ ឬមានទៅតាមការចាំបាច់។ វិស័យអប់រំនេះ ទាមទារឱ្យមានការគ្រប់គ្រងឱ្យមានល្អ»។
លោកសាទរផងដែរចំពោះ ការណ៍ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសិទ្ធិអំណាចគ្រប់គ្រងសេវាអប់រំចំពោះកុមារតូច និងការអប់រំក្រៅប្រព័ន្ធ ដែលអាជ្ញាធរមូលដ្ឋាននៅនឹងសហគមន៍ខ្លួនផ្ទាល់ មានការយល់ដឹងពីបរិស្ថាន ឬលក្ខណពិសេសនៃតំបនខ្លួនច្បាស់ ដើម្បីអាចបត់បែនទៅតាមស្ថានភាពជាក់ស្តែងក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំជារួម។
លោក ឈត ប៊ុនថង បន្ថែមថា អាជ្ញាធរមូលដ្ឋាន និងក្រសួងអប់រំ គួរសហការគ្នាឱ្យបានល្អ ដែលមិនអាចបណ្តែតបណ្តោយឱ្យតែអាជ្ញាធរធ្វើតែមួយមុខគត់ឡើយ ចៀសវាងកើតមានបញ្ហា ដែលរដ្ឋបាលថ្នាក់កណ្តាល ត្រូវឃ្លាំមើល ត្រួតពិនិត្យបច្ចេកទេស ឱ្យមានទៀងទាត់ដើម្បីអាចឱ្យទិសដៅនិងផែនការយុទ្ធសាស្ត្រដែលរដ្ឋាភិបាលដាក់ចេញប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
គួរជម្រាបជូនថា រដ្ឋាភិបាលបានចេញអនុក្រឹត្យផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ដែលចាប់អនុវត្តពីឆ្នាំ២០២៤ នេះ ក្នុងគោលដៅពង្រីកការធ្វើវិមជ្ឈការមុខងារអប់រំ ការអប់រំកុមារតូចៗ និងការអប់រំក្រៅប្រព័ន្ធជាដើម៕