ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន​ លោក​ អ៊ាង សុផ្លែត បាន​អះអាង​ថា ​ពី ១ ថ្ងៃ​ទៅ ១ ថ្ងៃ​ពលរដ្ឋ​ខ្មែរ​បាន​ចូល​រួម​ក្នុង​យុទ្ធ​នាការ​កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិកជា​បន្ត​បន្ទាប់​កាន់​តែច្រើន​ឡើង​ ដែល​គិត​ចាប់​ពី​ថ្ងៃទី ១ ខែ​កញ្ញា ​ឆ្នាំ​មុន​ មក​ទល់​ថ្ងៃទី​ ២៤​ ខែ​មករា​ ឆ្នាំ​ ២០២៤ ​គឺមាន​ជាង ៤​ លាន​នាក់​នៅ​ទូទាំង​ប្រទេស​។​


​លោក ​អ៊ាង សុ​ផល្លែត ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​ផង​ដែរ​នោះ​បាន​លើក​ឡើង​ដូច​នេះ​កាល​ពី​ថ្ងៃទី​២៤ ​ខែមករា​ ក្នុង​ពិធី​ប្រកាស​និង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ក្រុម​ការងារ​រាជ​រដ្ឋាភិ​បាល​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុ​ក​ក្រសួង​បរិស្ថាន​។​

​លោក​បាន​បញ្ជាក់​ថា៖«​យុទ្ធ​នាកា​រ​កាត់​បន្ថយ​ការ​ប្រើប្រា​ស់​ប្លា​ស្ទិ​កមាន​គោល​ដៅ​សំខាន់​ធ្វើ​ឱ្យ​កម្ពុជា ដែល​ជា​ផ្ទះ​របស់​យើង​ទាំង​អស់​គ្នា​ស្អាត ​ដោយ​មាន​ការ​ចូល​រួម​ពី​លោក​គ្រូ​អ្ន​កគ្រូ​ សិស្សានុ​សិស្ស​ កម្មករ​កម្ម​ការិនី ​និង​អ្នក​ចូល​រួម​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​រួម ដោយ​ផ្ទាល់​ជាង​៤​លាន​៣​សែន​នាក់​ហើយ​»​។​


​សូម​បញ្ជាក់​ថា ក្រសួង​បរិស្ថាន ​បាន​ធ្វើ​យុទ្ធនា​ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​កក្រោម​ប្រធាន​បទ «​ថ្ងៃនេះ​ ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​» «​យើង​រួម​កម្លាំង​គ្នា​ការ​ពារ​បរិស្ថាន​កម្ពុ​ជា​» «​លា​ហើយ​ប្លា​ស្ទិ​ក​» ​ចាប់​តាំង​ពី​ខែកញ្ញា ​ឆ្នាំ​២០២៣​ មក។​

​ជា​មួយ​គ្នា​នោះ​ដែរ ​លោក​រដ្ឋមន្ត្រី ​ក៏​បាន​ជំរុញ​ដល់​រាជ​ធានី​ខេត្ត​ទាំង​អស់​ រួម​ទាំង​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ជាតិ​យក​ចិត្ត​ទុក​ដាក់​ចូល​រួម​ក្នុង​យុទ្ធ​នាការ​នេះឱ្យ​បាន​ផុស​ផុល​និង​បាន​សំណូម​ពរ​ឱ្យ​មាន​ការ​ខិតខំ​បន្ថែម​ទៀ​ត​ដើម្បី​ពង្រឹង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​បញ្ជ​កោណ​ដំណាក់​កាល​ទី​១របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ជា​ពិសេស​គោល​នយោ​បាយ​ភូមិ ​ឃុំ ​សង្កាត់​មាន​សុវត្ថិ​ភាព​ដែល​ជា​អាទិ​ភាព៥​+១របស់​រាជ​រដ្ឋាភិ​បាល​។ 


​លោក​អ៊ាង ​សុ​ផល្លែត ​បាន​សង្កត់​ធ្ងន់​ថា៖«​ផ្ទះ​យើង​ស្អាត​យើង​អាច​ទាក់​ទាញ​បាន​ទេ​សច​រនិង​អ្នក​វិនិ​យោគ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​មក​កម្ពុជា​»​។ 

​លោក​បាន​បន្ត​ថា៖«​យុទ្ធ​នាការ​ក្រោម​ប្រធាន​បទ​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ប្លា​ស្ទិ​ក​ទេ​ នេះ​គឺជា​ជំហាន​ទី​១ ហើយ​ជំហាន​ទី​២ គឺ​ការ​សម្អាត​បរិ​ស្ថាន​ និង​មាន​ជំហាន​ទី​៣ ​បន្ត​បន្ទាប់​ទៀត ​គឺ​ដែល​ការ​ដាក់​ចេញ​ក្នុង​ការ​ជំរុញ​ការ​លើក​កម្ពស់​បរិស្ថាន​ សោ​ភណ​ភាព​របស់​កម្ពុ​ជា​ឱ្យ​ស្រស់​បំព្រង​ គ្មាន​ការ​បំពុល​ និង​ឈាន​ទៅ​ការ​លុប​បំបាត់​សំរាម ​សំណល់​ប្លា​ស្ទិក​បន្តិច​ម្តងៗ​ឱ្យ​អស់​ពី​កម្ពុជា​ក្នុង​ពេល​អនា​គត​ដ៏​ខ្លី​»​។​

​ទាក់​ទង​នឹង​យុទ្ធ​នាការ​កាត់​បន្ថយ​ប្លា​ស្ទិ​ក​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត​ ធ្លាប់​បាន​ប្រកាស​គាំទ្រ​ដោយ​លោក​លើក​ឡើង​ថា ​កំណើន​នៃ​ការ​ប្រើប្រាស់​និង​កើន​ឡើង​សំណល់​ប្លា​ស្ទិក​បង្ក​ឱ្យ​ការ​បំពុល​ប្លា​ស្ទិ​ក​ទៅ​ក្នុង​បរិ​ស្ថាន ​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព​មនុស្ស​និង​ជីវៈ​ចម្រុះ​ផ្សេងៗ​ទៀត​ក៏​ដូច​ជា​ការ​បាត់​បង់​សោ​ភណ​ភាព​បរិ​ស្ថាន​ជា​ដើម​។​

​លោក​មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​យុទ្ធនា​ការ​ការ​កាត់​បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក ដែល​ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​នាពេ​ល​ថ្មីៗ​នេះ​ ជា​ពិសេស​យុទ្ធ​នាការ​ ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់​ប្លា​ស្ទិ​ក​ទេ​ ដែល​រួម​ចំណែក​ផ្លាស់​ប្តូរ​ឥរិយា​បថ​របស់​ប្រជា​ជន ​ចូល​រួម​កាត់​បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទិ​ក​ប្រចាំ​ថ្ងៃ​នៅ​កម្ពុជា​»​។​

​យោង​តាម​ក្រសួង​បរិស្ថាន ​អ្នក​ចូល​រួម​ជាង​៤​លាន​នាក់​ក្នុង​យុទ្ធនា​ការ​នេះ រួ​មមា​ន លោ​កគ្រូ​ អ្នកគ្រូ​ជាង​១៦​ម៉ឺន​នាក់​ សិស្សានុ​សិស្ស​ជាង​៣​លាន​នាក់​  កម្មករ​កម្ម​ការិនី​ជាង​២៧​ម៉ឺន​នាក់​ និង​អ្នក​ចូល​រួម​ផ្សេងៗ​ទៀត​ទៀត​ជាង​៤២​ម៉ឺន​អង្គ​/​នាក់​ផង​ដែរ​។​

​តាម​រយៈ​យុទ្ធនា​ការ​នេះ​បានផ្ស​ព្វផ្សាយ​​សរុប​​ចំនួន​១៤ ២៣១​លើក​ ក្នុ​ងនោះ​មាន​តាម​សា​លារៀន​ចំនួន ៩ ៦០៧​សាលា​, រោង​ចក្រ​ចំនួន​៣៨៨​រោង​ចក្រ​,​វត្ត​អារា​ម​ចំនួន៥​៧វត្ត និង​សហ​គមន៍​ទីប្រជុំ​ជន​ចំនួន​១២​៥កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​យុទ្ធ​នាការ​នេះក៏​បាន​និង​កំពុង​អនុវត្ត​ក្នុង​រាជ​ធានី​ ខេត្ត​ចំនួន​១៧​រួម​មាន​ ខេត្ត​បន្ទាយ​មាន​ជ័យ ​បាត់​ដំបង​ កំពង់​ចាម​  កំពង់​ស្ពឺ​ កំពង់​ធំ​  កំពត​ ក្រចេះ​ រាជ​ធានី​ភ្នំពេញ​ ព្រៃ​វែង​ ពោធិ៍​សាត់​ រតន​គិរី ព្រះ​សីហនុ​ ស្វាយ​រៀង​ តា​កែវ​ កែប​ ឧត្តរ​មាន​ជ័យ និង​ខេត្ត​ត្បូង​ឃ្មុំ ៕