លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ក្រសួង​កំពុង​រៀបចំ​ត្រៀម​ស្នើ​ដាក់បញ្ចូល​ប្រាសាទភ្នំជីសូរ ប្រាសាទភ្នំដា និង​បេតិកភណ្ឌ​ដែល​បានដាក់​ក្នុង​បញ្ជី​បម្រុង​សម្រាប់​ការបន្ត​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​។​

លោកស្រី​បាន​ថ្លែង​ដូចនេះ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៤ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​វប្បធម៌​និង​វិចិត្រសិល្បៈ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ និង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​យ៉ាងសកម្ម​របស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួង​ដែល​ធ្វើឱ្យ​សន្និបាត​ឆ្នាំនេះ​ទទួលបាន​នូវ​លទ្ធផល​គាប់ប្រសើរ​ជាទី​ពេញចិត្ត​។​

ក្នុងឱកាស​នោះដែរ​លោកស្រី​ក៏បាន​ស្នើឱ្យ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​ជាតិ​ទាំង​៣ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌ និង​គ្រប់​មន្ទីរ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​ពង្រឹង​ភារកិច្ច​អាទិភាព​បន្ទាន់​មួយចំនួន​ផងដែរ​។​


លោកស្រី​បាន​បញ្ជាក់ថា ៖ «​សម្រាប់​រមណីយដ្ឋាន​ដែលមាន​វិសាលភាព​ធំ​ដូចជា ភ្នំ​ជី​សូរ ប្រាសាទភ្នំដា និង​បេតិកភណ្ឌ​ដែល​បានដាក់​ក្នុង​បញ្ជី​បម្រុង​សម្រាប់​ការបន្ត​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ប្រឹងប្រែង​រៀបចំ​ឯកសារ​គតិយុត្ត​កំណត់​តំបន់​ការពារ ដែល​អាចជា​អនុក្រឹត្យ ឬ​ព្រះរាជក្រឹត្យ​ឱ្យបាន​រួសរាន់​»​។​

រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​នូវ​សកម្មភាព ទាំងឡាយ​ដែល​បំផ្លាញ ឬ​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម ឬ​ដែលមាន​ផលប៉ះពាល់​ដោយ​ប្រយោល មកលើ​បេតិកភណ្ឌ ដែល​អាចជា​បុរាណ​ដ្ឋា​ន (​ប្រាសាទ​ទួល​បុរាណ ត្រពាំង​បុរាណ​) ឬ​វត្ត​អារាម ដែលមាន​អាយុកាល​យូរ​មកហើយ និង​ដែលមាន​តម្លៃពិត​ប្រាកដ​ត្រូវ​អភិរក្ស ព្រមទាំង​សំណង់​បេតិកភណ្ឌ​ក្រុង​នានា​ដែលមាន​នៅតាម​បណ្តា​រាជធានី​ខេត្ត​។​


លោកស្រី​ថ្លែងថា ៖ «​វិធានការ​ផ្ទាល់​នៅ​នឹង​ទីតាំង​បេតិកភណ្ឌ គឺជា​មធ្យោបាយ​ចាំបាច់​ក្នុងការ​ការពារជាអាទិ៍ ការកំណត់ និយាម​ការ​តំបន់​ត្រូវការពារ ការបោះ​បង្គោលព្រំ ការលើក​ស្លាក​សញ្ញា​ដើម្បីឱ្យ​សាធារណជន​ជ្រាប ថា​ជា​បុរាណ​ដ្ឋា​ន និង​ការចុះបញ្ជី​ប្លង់​កម្មសិទ្ធិ​រដ្ឋ គឺ​សុទ្ធតែជា​ភារកិច្ច​បន្ទាន់​ដែល​ត្រូវអនុវត្ត​»​។ 

ឆ្លៀតឱកាស​នោះដែរ លោកស្រី​ក៏​រំលេច និង​ក្រើនរំឭក​ផងដែរ​ថា លទ្ធផល​ថយចុះ​នៃ​បទល្មើស​មកលើ​សម្បត្តិ​វប្បធម៌​រូបី​និង​អរូបី​ក្នុង​ឆ្នាំ​២០២៣​កន្លងទៅនេះ មិនមែនជា​សញ្ញា​បញ្ចប់​នៃ​បទល្មើស ឬ​នឹងមាន​ការបន្ត​ថយចុះ​ដោយ​ស្វ័យប្រវត្តិ​នោះទេ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​បន្ត​ពង្រឹង​ភារកិច្ច​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ផងដែរ​។​

លោកស្រី ភឿង ស​កុ​ណា បានលើកឡើង​ដែរ​ថា ទីតាំង​ប្រវត្តិសាស្ត្រ​និង​ជាទី​កន្លែង​គោរពបូជា​របស់​ប្រជាពលរដ្ឋ​និង​ជនជាតិដើម​ភាគតិច ក៏​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់​ផងដែរ​។​

លោកស្រី​ថា​៖ «​គ្រប់​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​សហការ​ឱ្យបាន​ល្អ​និង​ជាប់​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ចូលរួម​ការពារ ជាពិសេស​ត្រូវ​សហការ​ជាមួយ​សហគមន៍​ជនជាតិដើម​ភាគតិច​ផ្ទាល់ ជាមួយ​អាជ្ញាធរ​ដែនដី និង​ជាមួយ​វិស័យ​ឯកជន ដើម្បី​បង្កើត​ឱ្យបាន​នូវ​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិដើម​ភាគតិច ដូច​ករណី​ជោគជ័យ​នៅ​ខេត្តរតនគិរី​ជាដើម​»​។​

ជាមួយគ្នា​នោះដែរ លោក ហាប់ ទូច រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​វប្បធម៌ បាន​លើកឡើងថា យោងតាម​សេចក្តីព្រាង​បឋម​នៃ​ផែនការ​សកម្មភាព​លម្អិត​ឆ្នាំ ២០២៤-២០២៨ ដើម្បី​អភិរក្ស លើកស្ទួយ និង​អភិវឌ្ឍ​វប្បធម៌​ជាតិ គឺមាន​សកម្មភាព​សរុប​ប្រមាណ​ចំនួន ៨០១ និង​ត្រូវការ​ថវិកា​ប្រចាំឆ្នាំ​សរុប​ប្រមាណ ៧៣៣.២៨ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ​ជាង ១៨៣ លាន​ដុល្លារ​។​

លោក​បាន​ថ្លែងថា ៖ «​ក្នុងនោះ​សកម្មភាព​សម្រាប់​អនុវត្ត​ជាមួយ ដៃគូ​មាន​ចំនួន ១២​សកម្មភាព​, និង​សកម្មភាព​សម្រាប់​ស្វែងរក​ថវិកា​មាន​ចំនួន ៨០​សកម្មភាព​។ ចំនួន​សកម្មភាព​ដែល​គ្រោង​សរុប​ប្រមាណ ៨០១ ខាងលើនេះ គឺ​នៅ​មិនទាន់​បូក​បញ្ចូល​សក​កម្ម​ភាព​ក្នុង​ផ្នែក​សេវា​គាំទ្រ​ទូទៅ​នៅឡើយ​នោះទេ​»​។​

សូម​បញ្ជាក់ដែរថា ចំនួន​បទល្មើស​ក្នុង​ផ្នែក​វប្បធម៌​រូបី​ក្នុង​ឆ្នាំ​២០២៣ មាន​ចំនួន​សរុប ៤ ០៤២ ករណី ដោយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​បន្ថែម​តួលេខ​បទល្មើស​ចំនួន ៧​ករណី សម្រាប់​បទល្មើស​សំណង់​ខុសច្បាប់​និង​ព្រៃឈើ​។ ចំនួន​បទល្មើស​ឆាំ្ន​២០២៣ មានការ​ថយចុះ​ចំនួន ១ ១៧៤​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដោយ​បទល្មើស​សំខាន់ៗ រួមមាន បញ្ហា​សំណង់​ខុសច្បាប់ និង​បទល្មើស​ព្រៃឈើ​តាម​បុរាណ​ដ្ឋា​ន​៕