​វិស័យ​កសិកម្ម​គឺជា​វិស័យ​ដែល​ឈានមុខ​គេ​នៅក្នុង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក​ម្ពុ​ជា និង​អ៊ី​ស្រា​អែល​។ ចាប់តាំងពី​ឆ្នាំ​​ ២០០៨ ​មក​និស្សិត​កម្ពុ​ជាជាង​ ២០០០​ នាក់ ត្រូវបាន​បញ្ជូនទៅ​ប្រទេស​អ៊ី​​ស្រា​អែល​ដើម្បី​ទទួល​បានការ​បណ្តុះបណ្តាល​ក្នុង​វិស័យ​កសិកម្ម​។ 


​លោកស្រី​អ័​រណា សា​ហ្គី​វ (Orna Sagiv)​ ឯកអគ្គរដ្ឋទូត​អ៊ី​​ស្រា​អែល​ទទួលបន្ទុក​កម្ពុ​ជា​ដែលមាន​និវេសនដ្ឋាន​នៅ​ក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី​ ២៣ ខែមករា បានផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ពាក់​​ព័ន្ធ​ការពង្រឹង​វិស័យ​កសិកម្ម និង​ការផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង ​២ ​ក្នុង​វិស័យនេះ​និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​ផ្សេងៗ​រវាង​ប្រទេស​ទាំង ២​។ 

​លោកស្រី​ក៏បាន​បញ្ជាក់​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​និស្សិត​កម្ពុជា​ដែល​កំពុងស្នាក់នៅ​សិក្សា​ក្នុងប្រទេស​អ៊ី​​ស្រា​អែល​ផងដែរ ខណៈដែល​សង្គ្រាម​រវាង​អ៊ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់ ​(Hamas) របស់​ប៉ា​ឡេ​ស្ទី​ន (Palestine) កំពុង​បន្ត​នៅឡើយ​។ ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ផ្តាច់មុខ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ជាមួយ​លោកស្រី អ័​រណា សា​ហ្គី​វ ដែលមាន​ខ្លឹម​​សារ​ដូចតទៅ​៖


​តើ​លោកស្រី​អាច​បញ្ជាក់​បានទេ អំពី​កម្មវិធី​សម្រាប់​និស្សិត​កសិកម្ម​កម្ពុជា​នៅ​អ៊ី​​ស្រា​អែល ?

​ជា​រៀងរាល់ឆ្នាំ​យើង​ទទួល​និស្សិត​កសិកម្ម​ចំនួន​ ៤៥០ ​នាក់ ពី​ប្រទេស​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អ៊ី​​ស្រា​អែល​រយៈពេល​ ១១ ​ខែ ដែលជា​រយៈពេល​ដ៏​យូរ ជាទូទៅ​និស្សិត​ឆ្នាំ​ទី ​២ មកពី​សា​​កល​វិទ្យាល័យ​មួយចំនួន នៅ​ប្រទេស​កម្ពុជា ភាគច្រើន​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​


​ពួកគេ​ចាកចេញ​ទៅកាន់​អ៊ី​ស្រា​​អែល​សម្រាប់​កម្មវិធី​ពិសេស​មួយ​។ ហេតុអ្វី​ពិសេស​? ដោយសារ​ក្នុង​ ១ ​ថ្ងៃ ក្នុង​ ១ សប្តាហ៍​ ពួកគេ​សិក្សា​ក្នុង​ថ្នាក់រៀន​ហើយ​ពួកគេ​អង្គុយ​ក្នុង​ថ្នាក់​សិក្សា​ត្រូវបាន​បង្រៀន​ពី​សាស្ត្រាចារ្យ​ល្អ​បំផុត​។ រយៈ​ពេល​ ៥ ​ថ្ងៃ​ទៀត ពួកគេ​ទទួលបាន​បទពិសោធន៍​អនុវត្ត​ការងារ​ជាក់​​ស្តែង​បានន័យថា ពួកគេ​ធ្វើការ​ជាមួយ​កសិករ​ហើយ​រៀន​ពី​បច្ចេកវិទ្យា​និង​បច្ចេកទេស​របស់​កសិក​រ​អ៊ី​ស្រា​អែល​។ ពួកគេ​រៀន​បណ្តើរ ធ្វើការ​បណ្តើរ ដែល​សម្រាប់​ខ្ញុំ​គឺ​សំខាន់​ណាស់​។ 

​នៅពេលដែល​ពួកគេ​ត្រឡប់មកវិញ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ខ្ញុំ គឺ​ពួកគេ​បាន​ប្រើប្រាស់​ព័ត៌មាន និង​ជំនាញ​ដែល​ពួកគេ​រៀន​នៅ​ប្រទេស​អ៊ី​​ស្រា​អែល ដើម្បី​ធ្វើជា​សហគ្រិន​នៅ​កម្ពុជា​ដូចជា​ដាំ​ផ្សិត និង​មាន​អាជីវកម្ម​គ្រប់​ប្រភេទ​ទាក់ទង​នឹង​កសិកម្ម​។​

​នេះ​ជា​អត្ថប្រយោជន៍​សម្រាប់​ខ្លួនឯង គ្រួសារ និង​សហគមន៍​ទាំងមូល​របស់​ពួកគេ​។ ខ្ញុំ​ពិតជា​ជឿជាក់ថា វា​ជា​ឱកាស​ដ៏​ល្អ​។ ខ្ញុំ​សង្ឃឹមថា នឹងមាន​និស្សិត​ក​សិ​កម្ម​កម្ពុជា​កាន់តែច្រើន​ឡើងៗ​ទៅ​សិក្សា​នៅ​ប្រទេស​អ៊ី​​ស្រា​អែល ដោយ​យើង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។​

​តើ​លោកស្រី អាច​បញ្ជាក់​បានទេ អំពី​វត្តមាន របស់​ក្រុមហ៊ុន​អ៊ី​​ស្រា​អែល​នៅ​កម្ពុជា​?

​យើង​មាន​ក្រុមហ៊ុន​អ៊ី​​ស្រា​អែល​ដែល​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ក្រុមហ៊ុន​ដែល​ពេលនេះ​មានបំណង​ចង់​ចាប់ផ្តើម​ប្រតិបត្តិការ និង​មើលឃើញ​ពី​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​។ យើង​មាន​កសិដ្ឋាន​ទឹក​ដោះ​គោ Kirisu Dairy Farm ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង​ភ្នំពេញ​។​

​នេះ​ជាការ​បណ្តាក់ទុន​រួមគ្នា​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជនអ៊ី​ស្រា​អែល ដែល​ចាប់​ផ្ដើម​ពី​ការ​បង្កាត់​ពូជ​គោ​រហូតដល់​ផលិតផល​សម្រេច​ទឹកដោះគោ (yogurt)​។​រាល់​បច្ចេកវិទ្យា​ទាំង​អស់​គឺជា​បច្ចេកវិទ្យារ​បស់​អ៊ី​ស្រា​អែល របៀប​ធ្វើឱ្យ​លូតលាស់​របៀប​ចិញ្ចឹម និង​ពេលវេលា​ដែល​ត្រូវយក​ទឹកដោះ​ពី​គោ​។ អ្វីៗ​ទាំងអស់​គឺ​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិ ​(automate) ដូច​នៅ​អ៊ី​ស្រា​អែល​។ 

​ខ្ញុំ​ជឿថា នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ ក្នុងការ​ទទួលបានរ​ស​ជាតិ​ផលិត​ផល​ទឹកដោះគោ​ដែលមាន​រស​​ជាតិ​ឈ្ងុយឆ្ងាញ់​ស្រដៀង​គ្នា​នឹង​
​ផលិតផល​នៅ​អ៊ី​​ស្រា​អែល​ផង​ដែរ​។ កាលពី​លើក​មុន​ពេលដែល​ខ្ញុំ​មក​ភ្នំពេញ ខ្ញុំ​បាន​ភ្លក្ស​ហើយ​គឺ​ឆ្ងាញ់​ណាស់​។ ក្រៅពីនេះ​ក៏មាន​ប្រជាជនអ៊ី​ស្រា​អែល​នៅទីនេះ​ដាំ​ម្រេចខ្មៅ និង​ដាំ​ផ្លែ​ប៊ឺ​រ​ (avocado)​។ ខ្ញុំ​ក៏បាន​ដឹង​អំពី​ក្រុមហ៊ុន​ដែលមាន​បំណង​មក​សាង​សង់​កសិដ្ឋាន​ដោយ​ប្រើ​ផ្ទះ​កញ្ចក់ និង​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​ចង់​ធ្វើ​គម្រោង​កែច្នៃ​ម្ហូបអាហារ​ផងដែរ​។ ខ្ញុំ​គិតថា នេះ​គឺជា​សក្តានុពល​ល្អ​ណាស់​។​

​តើ​បទពិសោធន៍​របស់​អ៊ី​​ស្រា​​អែល​ក្នុង​វិស័យ​កសិកម្ម​ជះ​ឥទ្ធិ​ពល​ទៅដល់​ការចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ្សេង​ដូចជា កម្ពុជា​បែបណា​ដែរ​?

​អ៊ី​​ស្រា​អែល​ជា​ប្រទេស​ដែល​ជឿនលឿន​ខ្លាំង​ពេល​និយាយ​ដល់​វិស័យ​កសិកម្ម​។ នៅពេលដែល​អ៊ី​​ស្រា​អែល​ត្រូវបាន​បង្កើតឡើង​ទោះបី​ជាមាន​ប្រជាជន​តិចតួច​ក៏ដោយ​ក៏​ការផ្គត់ផ្គង់​ស្បៀងអាហារ​មិន​គ្រប់គ្រាន់​ដែរ​។ ជា​​មួយ​នឹង​ផ្ទៃដី​មានកំណត់ យើង​បាន​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ​យ៉ាងច្រើន​។ 

​យើង​ត្រូវ​បែងចែក​របប​ឱ្យ​ប្រជាជន​ស៊ុត​តែ​ ១​ គ្រាប់​ក្នុង​ ១ សប្តាហ៍ មាន់ ​១​ ក្បាល​ក្នុង​ ១ ​ខែ​។ ខ្ញុំ​អាច​និយាយបានថា សព្វថ្ងៃនេះ អ៊ី​​ស្រា​អែល​បាន​ក្លាយជា​ប្រទេស​មហាអំណាច​ខាង​ចំណីអាហារ​។ ខ្ញុំ​គិតថា កសិកម្ម និង​បច្ចេកវិទ្យា​របស់​យើង គឺ​ជឿនលឿន​ណាស់​។​

​ប្រព័ន្ធ​អេកូឡូស៊ី​ទាំងមូល​គឺ​ខ្លាំង​។ មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ស្វា​​ហាប់ និង​វិលជុំ​ក្នុងចំណោម​កសិករ ស្ថាប័ន​អប់រំ និង​រដ្ឋាភិបាល ដែល​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​។ យើង​រីករាយ​ណាស់​ក្នុងការ​ចែករំលែក​បច្ចេក​វិទ្យា និង​ជំនាញ​ទាំងនេះ និង​រីករាយ​ក្នុង​ការរៀន​ដូចគ្នា​ពីបទ​ពិ​​សោធន៍​របស់​កម្ពុជា​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​ដំណោះស្រាយ​ទៅវិញទៅមក​យើង​រីករាយ​ក្នុងការ​ចែករំលែក​ចំណេះដឹង​និង​រីករាយ​រៀនសូត្រ​ពីបទ​ពិសោធន៍​កម្ពុជា​។​

​សម្រាប់​ឆ្នាំនេះ និង​ឆ្នាំក្រោយ តើអ៊ី​​ស្រា​អែល​នឹង​ទទួល​និស្សិត​កម្ពុជា​ប៉ុន្មាន​នាក់​ទៅ​សិក្សា​នៅ​ប្រទេស​អ៊ី​ស្រា​អែល​?

​ជាទូទៅ ក្នុង​ ១ ​ឆ្នាំ​យើង​មាន​និស្សិត​កម្ពុជា​គឺ​ប្រមាណ​ ៤០០ នាក់​។ យើង​បាន​បង្កើន​ចំនួន​នេះ​កាលពី​ឆ្នាំមុន​ដល់​ ៤៥០​ នាក់​។ ខ្ញុំ​សង្ឃឹមថា នឹង​រក្សា​ចំនួន​នេះ ឬក៏​ប្រហែលជា​អាច​កើន​សម្រាប់​ឆ្នាំក្រោយ​ផងដែរ​។ ខ្ញុំ​គិតថា ឆ្នាំនេះ​គឺ​ ៤៦០ ​នាក់ ហើយ​សង្ឃឹមថា នឹង​បន្ត​កើនឡើង​។ នៅក្នុង​ប្រទេស​កម្ពុជា​ខ្ញុំ​គិតថា ប្រហែលជា​ក្រុមនិស្សិត​ច្រើនជាងគេ​នៅក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ​នៅ​ទូទាំង​ពិភពលោក​។ យើង​មាន​និស្សិត​មកពី​អាស៊ី មកពី​អឺរ៉ុប ភាគច្រើន​មកពី​អាស៊ី អាមេរិក​ឡាទីន និង​អ្រា​ហ្វិ​ក​។ សម្រាប់​កម្ពុជា បើ​មិនមែនជា​ក្រុម​ធំជាងគេ​ទេ ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​ដែល​ធំជាងគេ​ផងដែរ​។​

នៅក្នុង​ឆ្នាំ​ ២០២២​ លោកស្រី​បាន​ជួប​ជាមួយ​លោក​វេ​ង សាខុន អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុ​​ជា​។ ក្នុងជំនួប​នោះ ភាគី​អ៊ី​ស្រា​អែល​បានបង្ហាញ​ពី​បំណង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ​(MoU)​ រវាង​រដ្ឋា​ភិ​បាល​ទាំង​ ២​ កម្ពុជា​និង​អ៊ី​​ស្រា​​អែល ដើម្បី​បញ្ជូន​ពលករកម្ពុជា​ទៅធ្វើ​ការ​ក្នុង​វិស័យ​ក​សិ​កម្ម​នៅ​អ៊ី​ស្រា​អែល​។ ​តើ​លោក​ស្រី​អាច​បញ្ជាក់​បានទេ​ថា តើ​ដំណើរការ​នេះ​មាន​ការវិវឌ្ឍបែបណា​ដែរ​?

​ខ្ញុំ​នឹង​ពិភាក្សា​លម្អិត​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅក្នុង​កិច្ចប្រជុំ​របស់ខ្ញុំ​នៅ​ថ្ងៃស្អែក  [២៤ មករា​]​។ យើង​ក៏បាន​ពិភា​ក្សា​ផងដែរ​ជាមួយ​កម្ពុជា​អំពី​កិច្ចការ​នេះ​។ រហូតមក​ដល់ពេល​ថ្មីៗ​នេះ យើង​មានតែ​ពលករ​បរទេស​មកពី​ប្រទេស​ថៃ ដែល​ធ្វើការ​ផ្នែក​កសិកម្ម​នៅ​ប្រទេសអ៊ី​​ស្រា​អែល​។ ទោះជា​យ៉ាងណាក៏ដោយ ឥឡូវនេះ  ​យើង​ចង់​ធ្វើ​ពិពិធ​កម្ម និង​ផ្តល់ ឱកាស​ដល់​កម្ពុជា​ក្នុងការ​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​អ៊ី​ស្រា​អែល​។ អ៊ី​​ស្រា​អែល​ជា​ប្រ​ទេស​គោលដៅ​ដ៏​ពេញនិយម​បំផុត​សម្រាប់​កម្មករ​ក្នុង​វិស័យ  ​កសិកម្ម ដោយសារ​លក្ខខណ្ឌ ការងារ​អំណោយផល​ប្រាក់ខែមានការ​គិតគូរ​ហើយ​និ​យោ​ជក​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អជាមួយ​កម្មករ​របស់​ពួកគេ​។​

​ឥឡូវ នេះ​យើង​ត្រូវ​ធ្វើការ​លម្អិត​។ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​យើង​ក្នុងការ​មាន MoU រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​។ យើង​ចង់ឱ្យ​កម្មករ​ត្រូវបាន​ការពារ​នៅ​ខាង​កម្ពុជា​ដោយ​ក្រសួង​ការងារ ខាង​អ៊ី​​ស្រា​អែល​ដោយ​ក្រសួងមហាផ្ទៃ​។ យើង​ចង់​ធ្វើឱ្យ​ប្រាកដថា គ្មាន​នរណា​កេងប្រវ័ញ្ច​ពួកគេ​ទេ​។​

​ពួកគេ​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើនពេក​ទេ ហើយ​ពួកគេ​ពិតជា​ទទួលបាន​ការការពា​រ​ដោយ​យុត្តិធម៌​បំផុត​។ យើង​រីករាយ​ណាស់​ក្នុងការ​ចាប់ផ្តើម​ការចរចា​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​។ ខ្ញុំ​សង្ឃឹមថា នឹងមាន​គណៈប្រតិភូ​ម​ក​ពី​ប្រទេស​អ៊ី​​ស្រា​អែល​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ចាប់ផ្តើម​ពិភាក្សាគ្នា ហើយ​ខ្ញុំ​សង្ឃឹមថា នេះ​នឹង​ជា​កម្រិត​មួយទៀត​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​អ៊ី​​ស្រា​​អែល និង​កម្ពុជា​។​

​កសិកម្ម​គឺជា​វិស័យ​នាំមុខ​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​អ៊ី​​ស្រា​អែល តើ​វិស័យ​ដែលមាន​សក្តានុពល​អ្វីខ្លះ​ទៀត​ដែល​ប្រទេស​ទាំង​ ២ កំពុង​ស្វះស្វែង​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការបន្ថែម​ទៀត​?

​ខ្ញុំ​គិតថា អ៊ី​​ស្រា​អែល​ខ្លាំង​បំផុត​គឺ​នវានុវត្តន៍ ដែល​លើសពី​ផ្នែក​និង​វិស័យ​ផ្សេងៗ​។ នៅ​កម្ពុជា​យើង​មាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​-​អ៊ី​​ស្រា​អែល ដែល​បាន​ផ្តួចផ្តើម​ឱ្យមាន​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍​កម្ពុជា​-​អ៊ី​​ស្រា​អែល នៅ   ទីក្រុង​ភ្នំពេញ ដែល​ជាម​ធ្យោ​​បាយ​មួយ​ផ្សេងទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​។ នៅពេល​និយាយ​ពី វិស័យ​ផ្សេងទៀត​សម្រាប់​កិច្ច​សហប្រតិបត្តិការ ការគ្រប់គ្រង​ទឹក និង​ទូរគមនាគមន៍​គឺមាន​ភាពលេច​ធ្លោ​។​

​នៅ​គ្រប់​វិស័យ​ក៏មាន​សក្ដានុពល​ផងដែរ​។ ខណៈពេលដែល​កសិកម្ម​ គឺជា​វិស័យ​ជាក់​​ស្តែង​បំផុត ឱកាស​ផ្សេងទៀត​ជាច្រើន​ក៏មានដែរ​។ បញ្ហា​ប្រឈម​ចម្បង​នៅពេលនេះ​គឺ​ការពង្រឹង​ការយល់​គ្នា និង​ការ​ស្គាល់គ្នា​ទៅវិញទៅមក​។​

​នេះ​អាច​សម្រេចបាន​តាមរយៈ​ការបង្កើន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា គឺ​គណៈប្រតិភូ​កម្ពុជា និង​អ៊ី​​ស្រា​អែល​ធ្វើការ​បំពេញ​ទស្សន​​កិច្ច​ទៅកាន់​ប្រទេស​នីមួយៗ​ទៅវិញទៅមក​ដោយ​គ្របដណ្តប់​លើ​វិស័យ​ចម្រុះ​ដូចជា ធនាគារ និង​ហិរញ្ញវត្ថុ​។ អ៊ី​​ស្រា​អែល​ក៏​ជា​ប្រទេស​ខ្លាំង​មួយ​ផងដែរ ពេល​និយាយ​ដល់​សន្តិសុខ​អ៊ី​​ធឺ​ណិ​ត ដែលជា​ការបង្ហាញ​ផ្លូវ​បន្ថែមទៀត​ផងដែរ សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​ផ្អែកលើ​តម្រូវការ​ជាក់លាក់​របស់​កម្ពុជា​។ យើង​ជឿថា មាន​ជម្រើស និង​ឱកាស​។​

​យើង​សង្ឃឹមថា គណៈប្រតិភូ​អ៊ី​​ស្រា​អែល​បន្ថែមទៀត​នឹង​មកកាន់​កម្ពុជា​។ គោលដៅ​បច្ចុប្បន្ន​គឺ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​សហគមន៍​អាជីវកម្ម​របស់​យើង និង​ជំរុញ​ការយោគយល់​គ្នា​កាន់​តែ​ស៊ីជម្រៅ និង​ជំរុញ​នូវ​អ្វីដែល​អាច​សម្រេច​បានរួម​គ្នា​។​

​តើ​ជម្លោះ​បច្ចុប្បន្ន​បាន​ជះឥទ្ធិពល​ដល់​និស្សិត​កម្ពុជា​នៅអ៊ី​​ស្រា​អែល​បែបណា​ដែរ ហើយ​តើ​រដ្ឋាភិបាល​អ៊ី​ស្រា​អែល​មាន​វិធានការ​អ្វីខ្លះ ដើម្បី​ឆ្លើយតប​នឹង​កាលៈទេសៈ​ទាំងនេះ​?

​យើង​មិនអាច​ព្រងើយកន្តើយ​នឹង​ការណ៍​ដែល​អ៊ី​ស្រា​អែល​កំពុង​តែមាន​សង្គ្រាម​ទេ​។ ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការឆ្លើយតប​នៅពេលដែល​អរិ​ភាព​បានចាប់ផ្តើម​។ នៅពេលដែល​ពួកយើង​ត្រូវបាន​ក្រុម​ហា​ម៉ាស់​វាយប្រហារ​យ៉ាង​សាហាវ​​ឃោរឃៅ​កាលពី​ថ្ងៃទី​ ៧ ខែតុលា និស្សិត​កម្ពុជា​ម្នាក់​ត្រូវបាន​សម្លាប់​។ ខ្ញុំ​នឹង​ទៅសួរសុខទុក្ខ​គ្រួសារ​របស់គាត់​នៅ​ថ្ងៃស្អែក [២៤ មករា​]​។​

​រដ្ឋាភិបាលអ៊ី​​ស្រា​អែល​ប្តេជ្ញា​ជួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​អ្នក​ដែល​ទទួលរង​ផល​ប៉ះ​ពាល់​ផ្ទាល់ មិន​ថា​មាន​របួស ឬ​មាន​គ្រោះថ្នាក់​អ្វី​ផ្សេង​ឡើយ​។ ទាំងនេះ​រួមមាន​ការគាំទ្រ​ផ្នែក​ហិ​​រញ្ញ​វត្ថុ​សម្រាប់​គ្រួសារ ដូចគ្នា​ទៅនឹង​អ្វីដែល​ពលរដ្ឋអ៊ី​​ស្រា​អែល​ទទួលបាន ក្នុង​កម្រិត​ដូចគ្នា​នៃ​សំណង និង​ការជួយ​គាំទ្រ​ពេញ​មួយជីវិត​។ វា​ជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ​ក្នុងការ​កត់សម្គាល់ថា យើង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការណ៍​ដែល​លោក​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតប​នៅពេល​ចាប់ផ្តើម​នៃ​ជម្លោះ​។ 

​ខណៈពេលដែល​ប្រទេស​ផ្សេងទៀត​បាន​ជម្លៀស​និស្សិត និង​កម្មករ​របស់ខ្លួន លោក​បានបញ្ជាក់​ជំហរ​ថា កម្ពុជា​មិន​ជម្លៀស​ទេ ព្រោះ​អ៊ី​ស្រា​អែល​ជា​មិត្ត ហើយ​មិត្ត​ក៏​មិនត្រូវ​បោះបង់ចោល​ក្នុងពេល​ដែលមាន​តម្រូវការ​ដែរ​។ ជា​ទស្សនៈ​ផ្ទាល់ខ្លួន​ខ្ញុំ និង​ក្នុងនាម​រដ្ឋាភិបាល​រប​ស់​ខ្ញុំ ខ្ញុំ​ចង់​បញ្ជាក់ថា ជំហរ​នេះ​គឺមាន​ការកោតសរសើរ​យ៉ាងខ្លាំង​។ វា​ជាការ​គួរឱ្យ​រំភើបចិត្ត​ក្នុងការ​កត់សម្គាល់ថា និស្សិត​ស្ទើរតែ​ទាំងអស់​បានជ្រើសរើស​ស្នាក់នៅ​ក្នុងប្រទេស​អ៊ី​​ស្រា​អែល​ដែល​យើង​សូម​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​។ យើងទាំងអស់គ្នា​សង្ឃឹមថា ជម្លោះ​នឹង​បញ្ចប់​ក្នុងពេល​ឆាប់ៗ​។​

​តើ​លោកស្រី​អាច​បញ្ជាក់​បានទេ​អំពី​ស្ថានភាព​និស្សិត​កម្ពុជា​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​អ៊ី​ស្រា​អែល ខណៈដែល​សង្គ្រាម​រវាងអ៊ី​ស្រា​អែល និង​ក្រុម​ហា​​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​កំពុង​បន្ត​?

​ពួកគេ​ស្ថិតនៅក្នុង​តំបន់​ដែលមាន​សុវត្ថិភាព​បំផុត​។ នៅអ៊ី​ស្រា​អែល យើង​មាន​តំបន់​ក្រហម លឿង និង​បៃតង​។ និស្សិត​ទាំង​អស់នោះ​ស្ថិតក្នុង​តំបន់​បៃតង​។ នេះ​ក៏​ដោយសារ​ការឆ្លើយតប​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ផងដែរ​។ បន្ទាប់ពី​សង្គ្រាម​បានចាប់ផ្តើម រដ្ឋាភិបាល​បានសម្រេច​ចិត្ត​មិន​ជម្លៀស​និស្សិត​ទាំងនោះ ដោយ​ផ្តល់​អាទិភាព​ដល់​សុវត្ថិភាព​របស់​ពួកគេ និង​ធានាថា ពួកគេ​នៅតែ​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​។​នេះ​សម្រេចបាន​ដោយមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋា​ភិ​​បាល​អ៊ី​​ស្រា​អែល និង​ស្ថាប័ន​អប់រំ​ក្នុងប្រទេស​អ៊ី​ស្រា​អែល​។​

​យើង​បន្ត​ធានាថា ពួកគេ​ស្ថិតក្នុង​តំ​​បន់​សុវត្ថិភាព​។ រហូតមកដល់​ពេលនេះ ខ្ញុំ​អាច​និយាយបានថា ពួកគេ​មាន​សុវត្ថិភាព ហើយ​ពួក​គេ​ស្ថិតនៅក្នុង​តំបន់​ល្អ ហើយ​ពួកគេ​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​។ រដ្ឋាភិបាល​កម្ពុជា​នៅតែមាន​ការព្រួយបារម្ភ​អំពី​ពួកគេ ដោយ​ពិនិត្យមើល​ពួកគេ​ជា​ប្រ​ចាំ​។ ដូចគ្នានេះដែរ​រដ្ឋាភិបាល​របស់​យើង​ក៏​ពិនិត្យមើល​ពួកគេ​គ្រប់ពេល ដើម្បី​ដឹងថា ពួកគេ​ស្ថិតនៅក្នុង​តំបន់​មាន​សុវត្ថិភាព​។ ខ្ញុំ​គិតថា នេះ​ជា​ផ្នែក​មួយទៀត​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​ទាំង​ ២ ​របស់​យើង ដោយ​ធានាថា និស្សិត​ទាំងអស់​មិន​ត្រឹមតែ​ស្នាក់នៅ​ក្នុងប្រទេស​អ៊ី​​ស្រា​អែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​តំបន់​សុវត្ថិភាព​៕