ប៉ៃលិនៈ ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) ដែលជា​ក្រុមហ៊ុន​វេច​ខ្ចប់​មៀន​ប៉ៃលិន​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ចិន បាន​នាំចេញ​មៀន​ប៉ៃ​លិ​ន​ស្រស់​ជាង​​ ១០០ ​តោន ទៅកាន់​ប្រទេស​ចិន ក្នុង​ ១​ ថ្ងៃ​។ កញ្ញា អ៊ឹម​​ ​រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ការ​នាំចេញ​ក្នុង​បរិមាណ​ច្រើន​បែបនេះ គឺ​មានតែ​នៅក្នុងពេល​ជិត​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ប៉ុណ្ណោះ​។​

​កញ្ញា អ៊ឹម រចនា​ ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​ ២៤ ខែមករា​ថា ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) ដែលមាន​ទីតាំងនៅ​ភូមិ​សួន​អំពៅ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន គឺជា​ក្រុមហ៊ុន​ដំបូង​គេ ក្នុងប្រទេស​កម្ពុជា ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បែងចែក​គ្រាប់​មៀន​នីមួយៗ ទៅតាម​ប្រភេទ ទំហំ និង​អាច​វេច​ខ្ចប់​ដោយ​ម៉ាស៊ីន​​ស្វ័យប្រវត្តិ​។


កញ្ញា​បាន​បញ្ជាក់ថា​៖ «​ការនាំចេញ​មៀន​ប៉ៃលិន​ស្រស់ ក្នុង​បរិមាណ​ ១០០ ​តោន ក្នុង​ ១ ​ថ្ងៃៗ របស់​ក្រុមហ៊ុន​នេះ ទៅកាន់​ប្រទេស​ចិន ​គឺ​មានតែ​នៅ​អំឡុងពេល​ជិត​បុណ្យ​ចូលឆ្នាំ​ចិន​តែប៉ុណ្ណោះ ដោយសារតែ​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​តម្រូវការ​ផ្លែ​មៀន​ស្រស់​នៅ​ប្រទេស​ចិន មាន​តម្រូវការ​ខ្ពស់ម្ល៉ោះហើយ​បាន​ជាការ​​នាំចេញ​មាន​ច្រើន​ដែរ ខណៈដែល​ការ​នាំចេញ​មៀន​ប៉ៃលិន​ស្រស់ ជា​មធ្យម​គឺមាន​បរិមាណ​តិចជាង​នេះ​»​។​

​ជាមួយគ្នា​នោះដែរ លោក សាយ​ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា បន្ទាប់ពី​បំពេញបាន​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ស្របតាម​ពិធីសារ ផ្លែ​មៀន​ស្រស់​កម្ពុជា​បានចាប់ផ្តើម​នាំ​​ចេញទៅ​កាន់​ប្រទេស​ចិន​នៅ​ថ្ងៃទី​​ ៣១ ខែតុលា ឆ្នាំ ​២០២២​។


ក្នុង​ឆ្នាំ ​២០២២ ការនាំចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​មាន​រយៈពេល​តែ​ ២ ​ខែ​។ ចំណែកឯ​ការនាំចេញ​ក្នុង​ឆ្នាំ​ ២០២៣ មាន​រយៈពេល​រហូតដល់​ទៅ​ ១២ ​ខែ​ពេញ​។ នេះ​ជា​កត្តា​សត្យានុម័ត បរិ​មាណ​នាំចេញ​ក្នុង​ឆ្នាំ​ ២០២៣ ត្រូវតែមាន​កំណើន​ខ្ពស់ជាង​ឆ្នាំ​ ២០២២​។​

​លោក​បាន​បន្ថែមថា ចំណែក​តម្លៃ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​កាលពី​ខែធ្នូ ឆ្នាំ ​២០២៣ មានតម្លៃ​ល្អ​គួរសម​ដោយ​តម្លៃ​ប្រមូល​ទិញ​ពី​កសិករ​គឺ​ចំនួន​ពី ​៣ ០០០​ ទៅ ៣ ៦០០​ រៀល​ក្នុង​ ១ ​គីឡូក្រាម​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ក្រុមហ៊ុន ដែល​បាន​ចុះ​កិច្ច​សន្យា​ប្រមូល​ទិញ​ពី​កសិករ​គឺមាន​តម្លៃ​ថេរ ៣ ៦០០ រៀល​ក្នុង ១ ​គីឡូ​​ក្រាម​។ នៅក្នុង​ឆ្នាំ​ ២០២៣ ការនាំ​​ចេញទៅ​ប្រទេស​ចិន​តម្លៃ​បាន​ធ្លាក់ចុះ​ប្រមាណ ​៤០ ​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០២២ ​កន្លងទៅ ដោយសារ​វិបត្តិ​អតិផរណា​ក្នុង​ប្រ​ទស​ចិន ដែល​បណ្តាលឱ្យ​ប្រជាជន​ចិន បាន​កាត់បន្ថយ​ការចំណាយ​។ ដើមឆ្នាំ​នេះ​ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ចិន​ផង បើតាម​ការ​ឱ្យដឹងពី​ក្រុមហ៊ុន ការបញ្ជាទិញ​មាន​ចំនួន​ច្រើនជាង​ថ្ងៃ​ធម្មតា​»​។​

​សូម​រំឭក​ដែរ​ថា ពិធីសារ​ស្តីពី​លក្ខ​ខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ស្រស់​ពី​ប្រទេស​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជាមួយ​អគ្គ​រដ្ឋបាលគយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​ ១៦ ខែមីនា ឆ្នាំ​ ២០២២​។​

​យោងតាម​របាយការណ៍​ពី​អគ្គ​នា​យក​ដ្ឋា​ន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​ ២០២៣ ការនាំចេញ​ផ្លែ​​មៀន​ស្រស់​មាន​បរិមាណ​សរុប ១៧ ៤៩៧,៣៩​ តោន​ទទួលបាន​ទឹកប្រាក់​សរុប​ចំនួន ២៤ ៧៥៨ ៨០៦,៨៥ ​ដុល្លារ​អាមេរិក​។

ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ ចំនួន​ ១៧ ៣៨០,៧០ ​តោន ទទួលបាន​ទឹកប្រាក់​ចំនួន ២៤ ៥៩៣ ៦៩០,៥០​ ដុល្លារ​អាមេរិក និង​ប្រទេស​វៀតណាម​ចំនួន ១១៦,៦៩ ​តោន​ទទួលបាន​ទឹកប្រាក់​ចំនួន ១៦៥១១៦,៣៥​ ដុល្លារ​អាមេរិក ​(​ដែល​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្កយបត្រ​របស់​អ្នក​នាំចេញ​)៕