​ភ្នំពេញៈ ក្រសួងសុខាភិបាល​បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម​ឈ្មោះ​ ​«Qdenga»​ ដែល​ពុំទាន់​បានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ ខណៈ​បច្ចុប្បន្ន​វ៉ាក់សាំង​នេះ​កំពុង​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​


​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២៤ ខែមករា បានឱ្យដឹងថា បច្ចុប្បន្ន​មាន​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​បុគ្គល​មួយចំនួន​កំពុង​ផ្សព្វផ្សាយ​ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺគ្រុនឈាម​ឈ្មោះ​ «Qdenga»​ ខណៈដែល​វ៉ាក់សាំង​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា​ទី ​៣ ​នៃ​ដំណាក់កាល​សិក្សា​សរុប​ទាំង​ ៤​ នៅឡើយ​។​

​ទន្ទឹមនឹងនេះ​អង្គការ​សុខភាព​ពិភព​លោក និង​នាយកដ្ឋាន​ចំណីអាហារ និង​ឱសថ​សហរដ្ឋអាមេរិក ​(FDA)​ ក៏​មិនទាន់​ទទួលស្គាល់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ឈ្មោះ ​«Qdenga»​ នៅឡើយ​ដែរ​។​


​ជាមួយគ្នានេះ​អង្គការ​សុខភាព​ពិភព​លោក​ក៏បាន​ព្រមាន​អំពី​ការប្រើប្រាស់​វ៉ាក់សាំង​ «Qdenga»​ ចំពោះ​អ្នក​មិន​ធ្លាប់​កើត​ជំងឺគ្រុនឈាម​កន្លងមក​ដែល​វ៉ា​ក់​សាំង​នេះ​ដើរតួនាទី​ជាការ​ចម្លងជំងឺ​គ្រុនឈាម​លើក​ទី១​។ ចំណែក​អ្នក​កើត​ជំងឺ​គ្រុនឈាម​ម្ដងទៀត វា​ក្លាយទៅជា​ការកើត​ជំងឺគ្រុនឈាម​លើក​ទី​២ ​ដែល​អាច​នឹង​វិ​វ​ឌ្ឍ​ទៅរក​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ននេះ​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ឈាម​ឈ្មោះ adenga មិនទាន់​ត្រូវបាន​ចុះ​បញ្ជិកា​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​។​ដូច្នេះ​ក្រសួង​ក៏​សូម​អំពាវនាវ​ដល់​សា​ធារ​ណ​ជន​ស្វែងយល់ និង​បន្ត​ការយក​ចិត្ត​ទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​ដោយ​មធ្យោបាយ​សមស្រប​ដែលមាន​ការ​អនុញ្ញាត​ដោយ​ក្រសួងសុខាភិបាល​»​។​


​ដើម្បី​បង្ការ​ការចម្លង​ជំងឺគ្រុនឈាម​នេះ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​សាធារណជន​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅតាម​ទី​កន្លែង​ដែលមាន​ទឹក​ដក់ ដូចជា សម្បក​​កង់ឡាន​ម៉ូតូ ពាង សម្បក​ដប កំប៉ុង ត្រឡោក​ដូង និង​វត្ថុ​ដក់​ទឹក​ផ្សេងទៀត​។​

​ក្នុងករណី​មាន​រោគសញ្ញា​ក្តៅខ្លួន​ខ្លាំង​ភ្លាមៗ ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅរក​សេវា​ពិនិត្យ និង​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​ជាបន្ទាន់​។

​​លោក លាង ឫទ្ធា ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នៃ​ក្រសួងសុខាភិបាល​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ខែមករា​ថា គ្រប់​វ៉ាក់សាំង​ទាំងអស់ តែងតែមាន​ផលប៉ះពាល់​ទោះបី​តិចក្ដី​ឬ​ច្រើនក្ដី ដូច្នេះហើយ​មិនមែន​តែ​វ៉ាក់សាំង​សម្រាប់​បង្ការ​ជំងឺគ្រុនឈាម​តែមួយ​នោះទេ ដែលមាន​ផលប៉ះពាល់​ដល់​សុខភាព​។​

​លោក​បាន​បន្តថា មួយវិញទៀត វ៉ា​ក់​សាំង​បង្ការ​ជំងឺគ្រុនឈាម​ដែល​កំពុង​ផ្សព្វ​ផ្សាយ​លើ​បណ្ដាញ​សង្គម​គឺ​នៅ​មិនទាន់មាន​ការទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ​។ ប៉ុន្តែ​ប្រសិន​បើ​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខ​ភាព​ពិភពលោក ក៏​ត្រូវមាន​ឆ្លងកាត់​ត្រួត​​ពិនិត្យ និង​វាយតម្លៃ​ពី​ខាង​អ្នកជំនាញ​របស់​ក្រសួងសុខាភិបាល​កម្ពុជា​មុន​ដែរ​មុននឹង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ​យើង​មិនគួរ​រំពឹង​ទាំងស្រុង​ទៅលើ​វ៉ាកសាំង​ទាំង​ទទួលស្គាល់ និង​មិន​ទទួល​សម្រាប់​ចាក់​បង្ការ​ខ្លួន​យើង​នោះទេ អ្វីដែល​សំខាន់​សូម​ប្រជាជន​យើង​បន្ត​អនុវត្ត​ការ​រស់​​នៅ​ស្អាត ការលុបបំបាត់​សំរាម​ដែល​អាច​ដក់​ទឹកបាន ហើយ​នៅពេល​ក្ដៅខ្លួន​ត្រូវ​ប្រញាប់​ទៅ​មន្ទីរពេទ្យ ពីព្រោះ​ការបង្ការ​ទាំង​ហ្នឹង​វា​ជា​រឿង​សំខាន់ និង​មាន​ប្រ​​សិទ្ធ​ភាព​ជាង​ការចាក់​វ៉ាក់សាំង​បង្ការ​ទៅទៀត​»​។​

​បើតាម​លោក លាង ឫទ្ធា ក្នុង​ឆ្នាំ​ ២០២៣ កន្លងមក កម្ពុជា​រកឃើញ​ករណី​ជំងឺ​គ្រុនឈាម​សរុប​ជាង ៣០ ០០០​ នាក់ ដែល​ចំនួន​ទាំងនេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុនៗ​។ ក៏ប៉ុន្តែ​លោក​ថា ទោះបី​ឆ្នាំ​ ២០២៣​ កន្លងមកនេះ ករណី​ជំងឺ​គ្រុន​​ឈាមមាន​ការកើនឡើង​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​ទាំងនោះ​ស្ថិតក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន​ហើយ​វា​មិនមាន​អ្វី​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ទេ​៕