ឧបនាយក​រដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​នឹងអញ្ជើញ​ចូលរួមកិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅប្រទេស​ឡាវ ដែលក្នុង​អំឡុងពេលនោះ លោកនឹងមាន​ជំនួប​ពិភាក្សាទ្វេភាគី​ជាមួយ​សមភាគី​អាស៊ាន​មួយចំនួន ដើម្បី​ពង្រីកកិច្ចសហ​ប្រតិបត្តិការ​ដែលផ្ដល់​ផលប្រយោជន៍​ឱ្យគ្នា​ទៅវិញទៅមក។
 
តបតាមការអញ្ជើញ​របស់​លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្តី្រ​ការបរទេស នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក សុខ ចិន្តាសោភា នឹងដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​កម្ពុជា​អញ្ជើញចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែលនឹង​ប្រព្រឹត្តទៅ​នៅថ្ងៃទី​២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុង​ហ្លួង​ព្រះបាង។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​ក្រសួង​ការបទេស​កម្ពុជា។
 
កិច្ចប្រជុំនេះ​ធ្វើឡើង ក្រោម​មូលបទ “អាស៊ាន៖ ការពង្រឹង​ការតភ្ជាប់ និងភាពធន់” កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នឹងពិភាក្សា​អំពី​អាទិភាព និងគម្រោង​សមិទ្ធផល​សំខាន់ៗ ក្រោម​ភាពជាប្រធាន​អាស៊ាន​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ សម្រាប់​ឆ្នាំ២០២៤។ 


សេចក្តីប្រកាស​បញ្ជាក់​ថា៖‍«រដ្ឋមន្ត្រី​ការបរទេស អាស៊ាន​នឹងពិនិត្យ​តាមដាន​ការងារនានា​នៅក្រោយកិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៣ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​ពិភាក្សា​អំពី​វិធីសាស្ត្រ​នានា ឆ្ពោះទៅរក​ការកសាង​សហគមន៍​អាស៊ាន រួមទាំង​វឌ្ឍនភាព​នៃការរៀបចំ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ២០៤៥»។
 រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ក៏នឹងផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន ក៏ដូចជា​បញ្ហាតំបន់ និងអន្ដរជាតិ​ដែលជាផល​ប្រយោជន៍ និងក្តីបារម្ភ​រួមផងដែរ។
 
ក្នុងឱកាសនៃ​កិច្ចប្រជុំចង្អៀត​នេះ លោក សុខ ចិន្តាសោភា ក៏នឹងមាន​ជំនួប​ពិភាក្សា ទ្វេភាគី​ជាមួយសមភាគី​អាស៊ាន​មួយចំនួន ដើម្បី​ពង្រីកកិច្ចសហ​ប្រតិបត្តិការ​ដែលផ្ដល់ផល​ប្រយោជន៍​ទៅវិញទៅមក ក្នុងក្របខ័ណ្ឌ​ទ្វេភាគី និងពហុភាគី។

គួររំឭកថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៣ និងកិច្ចប្រជុំ​ពាក់ព័ន្ធ​នានា បានធ្វើ​ឡើងនៅទី​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពីខែ​កញ្ញា ឆ្នាំ ២០២៣ មានការចូលរួម​ពីសំណាក់​នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ព្រមទាំង​នាយក​រដ្ឋមន្រ្តី​ក៏ដូចជា​ប្រមុខរាជ/រដ្ឋាភិបាល​នៃបណ្តា​ប្រទេស​ជាសមាជិក​អាស៊ាន​ផងដែរ។ 
 
តាមរយៈ​កិច្ចប្រជុំនេះ ត្រូវបាន​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក មាស សុភ័ណ្ឌ បានគូសបញ្ជាក់​ថា​នឹងជំរុញ​ចក្ខុវិស័យ​អាស៊ាន ឆ្នាំ២០២៥ ដែលជា​ផែនទីចង្អុល​ផ្លូវ​សម្រាប់​ពង្រឹង​ឥទ្ធិពល​អាស៊ាន​លើឆាក​អន្តរជាតិ៕