ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញឱ្យសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន ចូលរួមក្នុង​ការ​ប្រកួត​​ប្រជែងកម្មវិធី “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលជាយុទ្ធនាការបង្កើនភាពសុខ​ដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រសហគ្រាសនៅកម្ពុជា។


ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Mizukoshi Takeharu ប្រធានក្រុមប្រឹក្សាភិបាលសមាគមពាណិជ្​ជកម្មកម្ពុជា-ជប៉ុន ដែលធ្វើឡើងនៅទីស្តីការក្រសួង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងការងារ នៅលើបណ្តាញតេឡេក្រាម។
 
ក្នុងឱកាសនោះលោក ហេង សួរ បានបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីប្រកួតប្រជែងនេះ ដើម្បីបង្កើន​ភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពដែលជាការ​ចង់បានរបស់ប្រមុខរាជរដ្ឋាភិបាល។ 
 
ជាការឆ្លើយតប លោក Mizukoshi Takeharu បានទទួលយកសំណើនេះ ថានឹងជំរុញឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងដ៏មានសារៈសំខាន់នេះ។ 

ក្រៅពីនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៅកាន់សមាគមជប៉ុន ពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការទទួលយកសិក្ខាកាម ដើម្បីចុះកម្មសិក្សានៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថានទៅតាមការកំណត់របស់ច្បាប់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់។ 
 
លោកថ្លែងថា៖«ការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងនេះ គឺជាប្រយោជន៍ទាំងវិស័យឯកជនដែលមានឱកាសក្នុងការសម្លឹងរកនិយោជិតដែលមានសក្តានុពល ទន្ទឹមនឹងនោះ ក៏ជាប្រយោជន៍ដែលសិក្ខាកាមដកស្រង់បទពិសោធន៍ជាក់ស្តែង ក៏ដូចជាឱកាសការងារផងដែរ»។ 
 
លើសពីនេះ លោក ហេង សួរ ក៏បានបញ្ជាក់ជូនសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន អំពីគោលនយោ​បាយ​ជាយុទ្ធសាស្ត្ររបស់ក្រសួងនៅអាណត្តិទី៧នេះ ក្នុងការពង្រឹង និងពង្រីកកម្លាំងពលកម្មជំនាញសម្រាប់ទីផ្សារការងារបន្ថែមទៀតផងដែរ។
 
គួររំឭកថា កាលពីខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ក្រសួងការងារ បានចេញប្រកាសមួយ ដោយផ្តួចផ្តើមឱ្យមានការរៀបចំយុទ្ធនាការប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» នៅទូទាំង​​ប្រទេស ចាប់ពីឆ្នាំ២០២៤ តទៅ។
 
ការប្រកួតប្រជែងនេះ មានគោលបំណងចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម បង្កើនផលិតភាពការងារ មានសុវត្ថិភាពនិងសុខភាពការងារ៕