កម្ពុជា តាមរយៈអាជ្ញាធរមីន នឹងផ្តល់ការគាំទ្របច្ចេកទេស ចំណេះដឹង និងជំនាញដល់ប្រទេសម៉ុងហ្គោលី លើការងារបោសសម្អាតមីន និងគាំទ្រដល់ម៉ុងហ្គោលី អនុវត្តបទដ្ឋានរបស់អនុសញ្ញា​ហាមប្រាមការប្រើប្រាស់មីនប្រឆាំងនឹងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
 
ការអះអាងនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងលោកស្រី Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសម៉ុងហ្គោលី ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុង ហ្សឺណែវ ប្រទេសស៊្វីស។


ជំនួបនេះផងដែរ ធ្វើឡើងក្នុងគោលបំណងស្នើដល់ភាគីម៉ុងហ្គោលី ចូលរួមជារដ្ឋភាគីអនុសញ្ញា​អូតាវ៉ា ខណៈកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ នៅខេត្តសៀម​រាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមអាជ្ញាធរមីន។
 
ក្នុងជំនួបប្រជុំនេះ លោក លី ធុជ វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ុង ហ្គោលី ក្នុងរយៈពេលកន្លងមក និងបានកោតសរសើរខ្ពស់ ចំពោះប្រទេសម៉ុងហ្គោលី ដែលបានចូលជា​​រដ្ឋសង្កេតការណ៍ក្នុងអនុសញ្ញាអូតាវ៉ា និងបានចូលរួមគាំទ្រ និងចូលរួមសកម្មភាពនានារបស់អនុសញ្ញា។  

ប្រភពពីអាជ្ញាធរមីនគូសបញ្ជាក់ថា៖«ឯកឧត្តមបណ្ឌិត លី ធុជ បានបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការកៀរគរជំនួយ និងផ្តល់ជាជំនួយបច្ចេកទេស ចំណេះដឹង និងជំនាញ ដើម្បីគាំទ្រដល់ម៉ុងហ្គោលី បោសសម្អាតមីនប្រឆាំងមនុស្ស និងគាំទ្រដល់ម៉ុងហ្គោលី អនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា»។ 
 
ជាការឆ្លើយតប លោកស្រី Davaasuren Gerelmaa បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើស​តាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និង កោត​សរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធាន។ លោកស្រីក៏បានសន្យា​លើកសំណើរបស់កម្ពុជា បន្តទៅកាន់រដ្ឋាភិបាលម៉ុងហ្គោលីដើម្បីពិចារណា និងស្នើឱ្យមានកិច្ចពិភាក្សា​បន្តរវាងកម្ពុជា និងស្ថាប័នសំខាន់ៗមួយចំនួនរបស់ប្រទេសម៉ុងហ្គោលី។
 
គូសបញ្ជាក់ផងដែរថា ប្រទេសម៉ុងហ្គោលី ធ្លាប់បានប្តេជ្ញាចិត្តចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក៏ប៉ុន្តែដោយសារកត្តាមួយចំនួន ដែលក្នុងនោះរួមបញ្ចូលទាំងកង្វះថវិកាផងដែរ បានធ្វើឱ្យម៉ុង​ហ្គោលី​​ មិនទាន់មានលទ្ធភាពចូលរួមជារដ្ឋភាគីបាន។
 
ចំណែកក្នុងជំនួបរវាងលោក លី ធុជ និងលោក Latsamy Keomany ឯកអគ្គរដ្ឋទូត និងតំណាងអចិន្រ្តៃយ៍ប្រទេសឡាវប្រចាំនៅអង្គការសហប្រជាជាតិវិញ ភាគីកម្ពុជា ស្នើឱ្យឡាវពិចារណាចូលរួមជារដ្ឋ​ភាគីអនុសញ្ញាអូតាវ៉ា ហើយកម្ពុជា នឹងប្តេជ្ញាគាំទ្រដល់ភាគីឡាវឱ្យអស់ពីលទ្ធភាព ក្នុងការបោស​សម្អាត​មីន។ 


ជាការឆ្លើយតបលោក Latsamy Keomany បានមានប្រសាសន៍ថា ទោះបីឡាវមិនមែនជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ប៉ុន្តែឡាវបានចូលរួមគាំទ្រការអនុវត្តបទដ្ឋាន និងសកម្មភាពនានារបស់អនុសញ្ញា ហើយ​ក៏បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលនឹងប្រព្រឹត្ត​ទៅនៅកម្ពុជា ហើយឡាវ នឹងពិចារណាលើសំណើរបស់កម្ពុជា ពាក់ព័ន្ធនឹងការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ានេះ៕