ព្រះ​វិហារៈ​ សត្វ​ត្រយង​យក្ស​ជំទង់ ១​ ក្បាល ដែល​ជា​បក្សី​និមិត្ត​រូប​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជាត្រូវ​បាន​អ្នក​ជំនាញ​ជួយ​សង្គ្រោះ​ដោយ​ជោគ​ជ័យ​ពី​ជំងឺ​គ្រុន​ចាញ់​បក្សី​ ក្រោម​កិច្ច​សហ​ការ​រវាង​មន្ទីរ​បរិ​ស្ថាន​ខេត្ត​ព្រះវិហារ​ និង​អង្គការ​ដៃគូ​ពាក់​ព័ន្ធ ខណៈ​បក្សី​ប្រភេទ​នេះ​មាន​នៅ​សេស​សល់​ប្រហែល​ ២៥០ ​ក្បាល​ប៉ុណ្ណោះ នៅ​ទូទាំង​ពិភព​លោក​។​


​ការ​ជួយ​សង្គ្រោះ​សត្វ​ត្រយង​នេះ ​ក្រោម​កិច្ច​សហ​ការ​រវាងមន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហា​រ Angkor Centre for Conse​rvation of Biodiversity មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ (ACCB) និង​អង្គ​ការ​សមា​គម​អភិ​រក្ស​សត្វ​ព្រៃ (WCS)​។ 

​យោង​តាម​ហ្វេ​ស​ប៊ុ​ករបស់​ WCSកាល​ពី​ថ្ងៃទី​ ២៧ ​ខែមក​រា បាន​ឱ្យដឹង​ថា បើ​មើល​ពី​រូប​រាង​ខាង​ក្រៅ​នៃ​សត្វ​ត្រយង​នេះ​ឃើញ​​ដូច​ជាគ្មាន​ជំងឺ​នោះ​ទេ ​ប៉ុន្តែ​នៅ​ពេល​មក​ដល់​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវៈ​ចម្រុះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ក៏​បាន​វិ​វត្ត​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​។ 


​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​មាន​ការ​ពិនិត្យ​សុខភា​ព​យ៉ាង​ហ្មត់​ចត់ ​ក្រុម​ការងារ​បាន​រក​ឃើញ​ថា សត្វ​ត្រយង​យក្ស​ជំទង់​នេះ​កំពុង​មាន​ជំងឺ​គ្រុន​ចាញ់​បក្សី និង​មាន​ប៉ារ៉ា​ស៊ីត​នៅ​ក្នុង​ឈាម​របស់​វា​។ លើស​ពី​នេះទៅ​ទៀត ​ម្រាម​ជើង​មួយ​របស់​វា​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង​មិន​អាច​កម្រើក​បាន​ក៏​វិ​វត្ត​ក្លាយ​ជា​ដំបៅ​រលួយ​។​

​អង្គការ ​WCS បាន​បញ្ជាក់​ថា​៖ «​ក្រុម​ការងារ​ដែល​មាន​ការ​តាំង​ចិត្ត​ខ្ពស់​របស់ ACCB បាន​ធ្វើ​ការ​អស់​ពីកម្លាំង​កាយ​ចិត្ត​ដើម្បី​ព្យា​បាល​ជំងឺ​គ្រុន​ចាញ់​បក្សីនិង​វះកាត់​យក​ម្រាម​ជើង​ដំបៅ​ចេញ​ដោយ​ជោគ​ជ័យ​។យើង​មាន​សេចក្តី​សោម​នស្ស​រីក​រាយ​ដែល​សត្វ​ត្រយង​យក្ស​នេះ​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​និង​បាន​សម្រប​ខ្លួន​យ៉ាង​ល្អ​ទៅ​នឹង​កន្លែង​ថែទាំ​វា​ផង​ដែរ​» ។ 


WCS​ បាន​បន្ត​ថា ការ​ជួយ​សង្គ្រោះ​សត្វ​ត្រយង​យក្ស​នេះ​គឺជា​សមិទ្ធ​ផល​ដ៏​សំខាន់ក្នុង​កិច្ច​ការ​ងារ​អភិរក្ស ខណៈ​ដែល​បក្សី​ប្រភេទ​នេះ​មាន​នៅ​សេស​សល់​ប្រហែល​ជា ២៥០​ ក្បាល ​ នៅ​ទូទាំង​ពិភព​លោក​។ 

​សត្វ​ត្រយង​យក្ស​នេះ​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធានា​ចំនួន​ប្រជា​សាស្ត្រ​សត្វ​ត្រយង​យក្ស​ដែល​ត្រូវ​បាន​ថែ​ទាំ​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ ACCB ក្នុង​ការ​រួម​ចំណែក​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​អភិ​រក្ស​បក្សី​ប្រភេទ​នេះ​។
 
​សូម​ជម្រា​បថា សត្វ​ត្រយង​យក្ស ​ត្រូវ​បាន​ក​ត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គ​ការ​ IUCN ជា​ប្រភេទ​ជិត​ពូជ​បំផុត​នៅ​លើ​ពិភព​លោកនិង​ត្រូវ​បាន​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជ​ក្រឹត្យ​ឆ្នាំ ​២០០៥​ ថា​ ជា​ប្រភេទ​បក្សី​តំណាង​ជាតិដែល​ត្រូវ​ការ​ពារ​។ 

​បើ​តាម​ WCS សត្វ​ត្រយង​យក្ស​មាន​វត្ត​មាន​តែ​នៅ​តាម​តំបន់​ទំនាប​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ​ ស្ទឹ​ងត្រែង​ រតនគិរី​ និង​មណ្ឌល​គិរី​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ​និង​ទំនង​ជា​មាន​វត្ត​មាន​ខ្លះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ឡាវ​ និង​វៀត​ណាម​។
 
​ចំនួន​សត្វ​ត្រយង​យក្ស​នៅ​ទូទាំង​តំបន់​កំពុង​មាន​ការ​ថយ​ចុះ ​ដោយ​សារ​ការ​បាត់​បង់​ទីជម្រក​ ការ​ប​របាញ់ ការ​រំខាន​ពី​មនុស្ស និ​ង​ការ​កាប់​រាន​ដីព្រៃ​នៅ​តាម​តំបន់​ទំនាប​។ 

​ជា​មួយ​គ្នា​នេះដែរ​ មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការអ​ភិរក្ស​ជីវៈ​ចម្រុះ​ (ACCB)​ក៏បាន​លើក​ឡើង​ដែរ​ថា​ មជ្ឈ​មណ្ឌល​របស់​ខ្លួន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិរក្ស​ជីវៈចម្រុះ​ និង​បានធ្វើ​កិច្ច​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​បរិ​ស្ថាន ​រដ្ឋ​បាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រ​មាញ់ និង​នេសាទ ​ក៏ដូច​ជា​អង្គ​ការ​ដៃគូ​អភិរក្ស​នានា ​ដើម្បី​ការ​ពារ​និង​អភិរក្ស​សត្វ​ព្រៃ​កម្រៗនិង​អនុវត្ត​កម្ម​វិធី​បង្កាត់​ពូជ​ផង​ដែរ​៕