ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ​សុខ ចិន្តា​សោភា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​ធ្វើឡើង​នៅ​ប្រទេស​ឡាវ​ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២៤ ដើម្បី​ពិភាក្សា​ពី​អាទិភាព​និង​គម្រោង​សមិទ្ធផល​សំខាន់ៗ​ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​ឡាវ​។​
​នៅ​ថ្ងៃទី ​២៨ ខែមករា ឆ្នាំ​ ២០២៤ លោក ​សុខ ចិន្តា​សោភា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបទេស​អាស៊ាន​តប​តាម​ការអញ្ជើញ​របស់លោក​សា​លើ​ម​សៃ គុំ​ម៉ា​ស៊ីត ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​ឡាវ ដែលជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំនេះ​។


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នេះ​ប្រព្រឹត្តទៅ​រយៈពេល ២​ថ្ងៃ ពីថ្ងៃ​ទី​២៨ ដល់​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ហ្លួងព្រះបាង ប្រទេស​ឡាវ ក្រោម​មូលបទ «​អាស៊ាន​៖ ការពង្រឹង​ការតភ្ជាប់ និង​ភាព​ធន់​» ដែល​នឹងត្រូវ​ពិភាក្សា​ពី​ចំណោម​រដ្ឋមន្ត្រីការបរទេស​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ពី​អាទិភាព និង​សមិទ្ធផល​សំខាន់ៗ​សម្រាប់​ភាពជា​ប្រធាន​របស់​ឡាវ​។

សេចក្តីប្រកាស​បញ្ជាក់ថា​៖ «​រដ្ឋមន្ត្រីការបរទេស អាស៊ាន​នឹង​ពិនិត្យ​តាមដាន​ការងារ​នានា​នៅក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ កំពូល​ពាក់ព័ន្ធ ព្រមទាំង​ពិភាក្សា​ពី​វិធីសាស្ត្រ​នានា ឆ្ពោះទៅរក​ការកសាង​សហគមន៍​អាស៊ាន រួមទាំង​វឌ្ឍនភាព​នៃ​ការរៀបចំ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០៤៥»​។


បន្ថែម​ពីនេះ បណ្តា​រដ្ឋមន្ត្រីការបរទេស​នៃ​សមាជិក​អាស៊ាន​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា ជុំវិញ​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន តួយ៉ាង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ប្រយោជន៍​និង​កង្វល់​រួម​។​

​ក្រៅពីនេះ លោក​សុខ ចិន្តា​សោភា នឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​បណ្តា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ក្នុង​គោលដៅ​ពង្រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​។


ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកតាមដាន​នយោបាយ​តំបន់ បញ្ជាក់ថា ជាទូទៅ​ដើមឆ្នាំ​នឹងមាន​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដើម្បី​កំណត់​របៀបវារៈ​សំខាន់ៗ​សម្រាប់​ប្រធាន​អាស៊ាន​ប្តូរ​វេន​ថ្មី​ខណៈ​ឡាវ បន្ត​ពី​ឥណ្ឌូនេស៊ី​ឆ្នាំ​២០២៤ នេះ​។

លោក​បាន​បន្តថា ការប្រជុំ​នេះ​ចង្អៀត​នេះ ដើម្បី​ស្វែងរក​ការឯកភាព​គ្នា​ដោយសារ​អាស៊ាន​ប្រើ​យន្តការ​កុង​សង់​ស៊ី​ល ឬ​សំឡេង​ជា​ឯកច្ឆន្ទ គ្រាន់តែ​សំឡេង​ភូមា​នៅតែ​បន្ត​ផាត់​ចោល​បណ្តោះអាសន្ន​ដូច​ឆ្នាំមុនៗ ហើយ​ការចួលរួម​នេះ ជាការ​បង្ហាញថា សមាជិក​អាស៊ាន​ស្មើមុខស្មើមាត់​គ្នា​។

លោក​បាន​ប្រាប់ទៀតថា​៖ «​សម្រាប់​ខ្ញុំ​មូលបទ​ឆ្នាំនេះ មិនមាន​អ្វី​ប្រែប្រួល​ទេ ហើយ​អាចមាន​ការលើកឡើង​ពី​បញ្ហា​សេដ្ឋកិច្ច​ជា​បញ្ហាសំខាន់​នៅក្នុង​តំបន់ ក៏ដូចជា​ការផ្លាស់ប្តូរ​និង​ចែករំលែក​ព័ត៌មាន​គ្នា ជាពិសេស​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​តួយ៉ាង វិបត្តិ​នៃ​ភាព​តានតឹង​សមុទ្រ​ចិន​ខាងត្បូង និង​វិបត្តិ​ភូមា​ជាដើម ប៉ុន្តែ​ឡាវ​ហាក់​មិនសូវមាន​សក្តានុពល​សោះ ដែល​ខ្ញុំ​យល់ថា​នឹងមិន​មាន​អ្វី​ជោគជ័យ​ច្រើន​ដូច​កាល​កម្ពុជា និង​ឥណ្ឌូនេស៊ី​ជា​ប្រធាន​ទេ​»​។

លោក ​ឯម សុវណ្ណារ៉ា បាន​បន្តថា រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ជាពិសេស​ពី​ភាគី​កម្ពុជា គួរ​បង្កើន​ការជជែក​រក​ច្រក​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់​ដូចជា​បញ្ហា​ការតភ្ជាប់ ខណៈ​ឡាវ​មាន​ទំនាក់ទំនង​និង​ការតភ្ជាប់​ជាមួយ​ចិន​ដែល​អា​ចត​ភ្ជាប់​មក​កម្ពុជា ថៃ ភូមា ដើម្បី​បង្កើតជា​សៀគ្វី​ត​ភ្ជាប់​សម្រាប់​វិស័យ​ដឹកជញ្ជូន​ដែលជា​វត្ថុបំណង​របស់​អាស៊ាន​មួយ​ដែរ ដែល​មិនមាន​ឧបសគ្គ​ច្រើន​។ 
​លោក​ជឿជាក់ថា អាស៊ាន​ពិបាក​ជជែក​គ្នា​លើ​បញ្ហា​សន្តិសុខ ហើយ​ការចែករំលែក​ព័ត៌មាន​គ្នា​ជា​រឿង​សំខាន់ ដូចជា បញ្ហា​រាម សមុទ្រ​ចិន​ខាងត្បូង ភេរវកម្ម ដែល​អាស៊ាន​ត្រូវ​ធ្វើការ​ស្អិត​នឹង​គ្នា​។

សម្រាប់​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នេះ ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​អាច​ចែករំលែក​បទពិសោធន៍​របស់ខ្លួន​សម្រាប់​ឡាវ ដើម្បី​អាចធ្វើឱ្យ​ការធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​នេះ ទទួលបាន​សមិទ្ធផល​ល្អ ហើយ​មូលបទ​ស្តីអំពី​ការពង្រឹង​ការតភ្ជាប់ និង​ភាព​ធន់​នេះ ក៏​សមស្រប​ទៅនឹង​បទពិសោធន៍​កន្លងមក​របស់​កម្ពុជា​ផងដែរ​។

លោក​បាន​ប្រាប់ថា៖ «​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ​នឹងមាន​ការលើកឡើង​ពី​បញ្ហា​ជាច្រើន​តួយ៉ាង វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន សង្គ្រាម​អ៊ីស្រាអែល​-​ហា​ម៉ាស់ និង​បញ្ហា​ក្នុង​តំបន់​ផ្សេងទៀត ដូចជា​របៀប​ពង្រឹង​អាស៊ាន​ឱ្យ​កាន់តែ​រឹងមាំ​។ ខ្ញុំ​ប្រាកដថា​បញ្ហា​មី​យ៉ាន់​ម៉ា និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នឹង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​បំផុត​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំនេះ​»​។

សម្រាប់​លោក​ផ្ទាល់​យល់ថា បើសិនជា​ឡាវ​មិន​ស្នើសុំ​អនុសាសន៍​ពី​កម្ពុជា​នោះទេ កម្ពុជា​ក៏​មិនគួរ​ផ្តល់​នោះដែរ ក្នុងនាម​កម្ពុជា និង​ឡាវ ដែលជា​សមាជិក​អាស៊ាន​ស្មើភាព​គ្នា ព្រោះ​កម្ពុជា​កាល​ខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ក៏​មិន​សប្បាយចិត្ត​ប៉ុន្មាន​ដែរ​នៅពេល​អតីត​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​បាន​ផ្តល់យោបល់​នានា ជាពិសេស​រិះគន់​កម្ពុជា កាល​មុន​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ដែល​កម្ពុជា​ធ្វើការ​ផ្តល់យោបល់​ឡាវ លុះត្រា​មានការ​ស្នើសុំ​ពី​ភាគី​ឡាវ​៕