​កម្ពុជា​-​អង់គ្លេស បានរួម​គ្នា​បន្ត​កិច្ចសហប្រតិបត្តិការ ក្នុងការ​ជំរុញ​លើ​ការអភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​គម្រោង​តំបន់​សេដ្ឋកិច្ច​បៃតង​តាមរយៈ​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​ពី​វដ្ត​នៃ​គម្រោង PPP (Public-Private Partnership)​ដែល​ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​គម្រោង​តំបន់​សេដ្ឋកិច្ច​បៃតង (Green SEZ)​។


ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សហការ​ជាមួយ​អាជ្ញាធរ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​របស់​ចក្រ​ភព​អង់គ្លេស (UK Infrastructure and Project Authority - IPA) បានរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តី «​ភាពជា​ដៃគូ​រវាង​ចក្រភព​អង់គ្លេស​-​កម្ពុជា សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​៖ ការបណ្តុះបណ្តាល​របស់​អាជ្ញាធរ​ហេដ្ឋារចនាសម្ព័ន្ធ​និង​គម្រោង (IPA) ស្តីពី​ការអភិវឌ្ឍ ការ​កៀរគរ​ហិរញ្ញវត្ថុ និង​ហិរញ្ញប្បទាន​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​» រយៈពេល​ ៥ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ២២ ដល់​ថ្ងៃទី​ ២៦ ខែមករា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម ចុះ​ថ្ងៃទី​ ២៦ ខែមករា​។

លោក មាស សុខ​សេន​សាន រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា សិក្ខាសាលា​នេះ ក្នុង​គោលបំណង​បន្ត​កសាង​នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់​គាំទ្រ​ទៅដល់​ការអភិវឌ្ឍ និង​អនុវត្ត​គម្រោង PPP នៅ​កម្ពុជា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។


ជាមួយគ្នានេះ លោក​បាន​បញ្ជាក់ថា​៖ « វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​បទពិសោធន៍​នៃ​គម្រោង​សាកល្បង នៃ Green SEZ ដែល​រៀបចំឡើង​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា ក្រោម​ក្របខ័ណ្ឌ​កម្មវិធី IPA ពាក់ព័ន្ធ​នឹង​ជំនាញ និង​ចំណេះដឹង​លើ​យន្តការ PPP»​។

លោក​បាន​បន្ថែមថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​បន្ត​សហការ​ជាមួយ​ក្រុមការងារ IPA និង​ស្ថានទូត​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា លើ​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​គាំទ្រ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន និង​ធនធានមនុស្ស​សម្រាប់​យន្តការ PPP នៅ​កម្ពុជា​។


លោក​បន្តថា​៖ «​ការងារ​បណ្តុះបណ្តាល​នេះ​ក៏បាន​ធ្វើឡើង​ស្របតាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដែល​បាន​ចុះហត្ថលេខា​រវាង MEF កម្ពុជា និង​ការិយាល័យ​បរទេស Commonwealth and Development Office (FCDO) នៃ​ចក្រភព​អង់គ្លេស និង​អៀរ​ឡង់​ខាងជើង​ផងដែរ​»​។​
​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៨ ខែមករា​ថា ការជំរុញឱ្យ​មានការ​អនុវត្ត​យន្តការ ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​( PPP) គឺជា​ភាពចាំបាច់ ក្នុងការ​បំពេញតម្រូវកា​រ​ធនធាន​ហិរញ្ញវត្ថុ ក្នុង​ការផ្តល់​សេវាសាធារណៈ​គ្រប់​ប្រភេទ​ជូន​ប្រជាជន និង​ការវិនិយោគ​សាធារណៈ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​បាន​បន្តថា​យន្តការ​នេះ​ជា​គោលដៅ​ទ្រទ្រង់​កំណើន និង​ផលិតភាព​សេដ្ឋកិច្ច សម្រាប់​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ នឹងមាន​ទំហំធំធេង​ណាស់ ហើយ​រដ្ឋ​មិនអាច​រ៉ាប់រង​ការចំណាយ​នេះ​ដោយ​ថវិកាជាតិ​ទាំងស្រុង​បានឡើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​ត្រូវការ​ការ​កៀរគរ​ធនធាន​បន្ថែម​ពី​វិស័យ​ឯកជន ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ថវិកាជាតិ​។ ទន្ទឹមនឹងនេះ វិស័យ​ឯកជន​ក៏​អាច​នឹង​នាំមក​នូវ​ប្រសិទ្ធភាព​, នវានុវត្តន៍​, ចំណេះដឹង និង​ចំណេះធ្វើ​ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​មាន​ប្រសិទ្ធភាព និង​ផលិតភាព ហើយ​មានតម្លៃ​បន្ថែម​កាន់តែ​ខ្ពស់​ថែមទៀត​»៕