ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ បានផ្តល់មេដាយ និងបណ្ណសរសើរដល់វេជ្ជបណ្ឌិតឯកទេសទី១៨ នៃសាកលវិទ្យាល័យវេជ្ជសាស្រ្ត កងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិនចំនួន ៤ រូប ដែលបានមកបំពេញបេសកកម្មមនុស្សធម៌រយៈពេលពេញ ១ ឆ្នាំនៅមន្ទីរពេទ្យព្រះកេតុមាលា។
ពិធីប្រគល់មេដាយ និងបណ្ណសរសើរនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៤ នាមន្ទីរពេទ្យព្រះកេតុមាលា ដោយមានការចូលរួមពីលោក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភ័ស្តុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិ, លោក ថាង ហាវ (Tang Hao)ប្រធានអនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោក ជូ ឡី ប្រធានក្រុម និងសមាជិកក្រុមទី១៨ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន រួមនឹងមន្ត្រីជាច្រើនរូបទៀត។
លោក ម៉ឹង ពន្លក បានលើកឡើងក្នុងឱកាសនោះថា សមិទ្ធផលនាពេលនេះ ផ្តើមឡើងពីការប្រមែប្រមូលធនធានមនុស្ស ធនធានថវិកា ការកសាងសមត្ថភាព កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យ។
លោកបានបន្តថា ទាំងនេះក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការយកចិត្តទុកដាក់ គាំទ្រមួយផ្នែកពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ និងអគ្គនាយកដ្ឋានភ័ស្តុភារហិរញ្ញវត្ថុផងដែរ។
លោក ម៉ឺង ពន្លក បានថ្លែងថា៖ «ក្រៅពីការខិតខំប្រឹងប្រែង ម្ចាស់ការលើកកម្ពស់ដឹកនាំសមត្ថភាពដោយខ្លួនឯង មន្ទីរពេទ្យក៏មានការចូលរួមចំណែកយ៉ាងធំធេងពីកងទ័ពរំដោះប្រជាជនចិន យ៉ាងយកចិត្តទុកដាក់ ជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស ការផ្តល់ជាសំណង់អគារ រួមទាំងសម្ភារ ឧបករណ៍ បរិក្ខារពេទ្យមួយចំនួនធំ តាំងពីដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ»។
លោកក៏សង្ឃឹមផងដែរថា «ភាគីមិត្តដែកថែមចិន»នឹងបន្តគាំទ្រ និងជួយឧបត្ថម្ភបន្តទៀត ផងដែរ។
លោកបានបញ្ជាក់ថា៖ «ផ្នែកធនធានមនុស្សគឺជាកត្តាមួយសំខាន់ ដូចនេះខ្ញុំចង់ឱ្យភាគីមិត្តចិនជួយបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យបានច្រើននៅប្រទេសកម្ពុជា ហើយបើអាចខ្ញុំសុំស្នើឱ្យភាគីមិត្តចិនពិនិត្យ និងពិចារណាលើការចុះ MoU ជាមួយគ្នាផងដែរ ដើម្បីទទួលការបណ្តុះបណ្តាលសិក្ខាកាម និងបញ្ជូនវេជ្ជបណ្ឌិតយើងទៅបន្តការសិក្សាដើម្បីទទួលបានចំណេះដឹងបន្ថែមទៀត»។
ជាមួយគ្នានោះដែរ លោក ជូ ឡី ក៏បានលើកឡើងដែរថា ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ការិយាល័យអនុព័ន្ធយោធាចិន ក្រុមឯកទេសចិនទទួលបាននូវលទ្ធផលដ៏ល្អ ដោយបានសហការជាមួយនឹងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលា វះកាត់បាន៨០ករណី និងបានពិនិត្យពិគ្រោះជំងឺបានជាច្រើនករណីទៀត។
លោកបានថ្លែងថា៖ «ក្នុងរយៈពេល ១ ឆ្នាំនេះដែរ យើងពិនិត្យឃើញថា មន្ទីរពេទ្យព្រះកេតុមាលាមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយយើងបានចូលរួមសម្ពោធអគារថ្មីៗជាច្រើនផងដែរ ក្នុងនោះមានការបំពាក់នូវម៉ាស៊ីនទំនើបៗ ដែលបានជួយលើកកម្ពស់ និងសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យនៅក្នុងមន្ទីរពេទ្យ និងសមត្ថភាពផ្សេងៗជាច្រើនទៀតផងដែរ»។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យព្រះកេតុមាលា បានឱ្យដឹងថា ក្រុមវេជ្ជបណ្ឌិតឯកទេសទី១៨ ដែលបានទទួលមេដាយ និងបណ្ណសរសើរចំនួន៤ រូប រួមមាន លោក ជូ ឡី (Zhu Lei) សាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសឆ្អឹង, លោក ស៊ុន វៃ (Sun Wei) សាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសផ្នែកសរសៃប្រសាទ, លោក ស៊ុន ហុងប៉ៀវ (Sun Hong Biao)សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឯកទេសរូបភាពវេជ្ជសាស្រ្ត និងលោក ថឺ នីហ្គឺអឺ (Te Ni Ge Er) សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឯកទេសមន្ទីរពិសោធន៍៕