ភ្នំពេញៈ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទចោទរបស់សាលាដំបូងរាជធានីភ្នំពេញ លើអ្នកបើកបរបណ្តាលឱ្យមានមនុស្សស្លាប់ ៤ នាក់ នៅត្រង់ចំណុចស្ពានឫស្សីកែវថ្មីៗនោះ ជាបទចោទប្រកាន់មិនស្រាលនោះទេ។
លោកបានបញ្ជាក់ថា ផ្ទុយមកវិញបទចោទរបស់តុលាការនេះ គឺមានភាពធ្ងន់ធ្ងរជាងបទចោទមនុស្សឃាតដោយអចេតនាធម្មតាទៅទៀត។
លោកបានលើកឡើងបែបនេះ កាលពីយប់ថ្ងៃទី ២៧ ខែមករា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រោមស្ពានអាកាសឫស្សីកែវ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២០ ខែមករា ដែលបានបណ្តាលឱ្យមនុស្សប្រុសស្រី ៤ នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ៤ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។
ជនត្រូវចោទឈ្មោះ នាង សំអូន អាយុ ៥៦ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមករា បានចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល ០.៥៤mg/L និងរបួសស្លាប់ មនុស្សច្រើននាក់)។
លោក ជិន ម៉ាលីន បានបន្ថែមថា៖«ប៉ុន្មានថ្ងៃនេះ មានការលើកឡើងទៅនឹងបទចោទ បើកបរដោយធ្វេសប្រហែស លើជនសង្ស័យបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ នៅត្រង់ចំណុចស្ពានឫស្សីកែវនេះ ថាការចោទប្រកាន់នេះស្រាលពេក»។
លោកបានបញ្ជាក់ថា៖ «ការលើកឡើងនេះ គឺមិនត្រឹមត្រូវទេ តាមផ្លូវច្បាប់ និងដោយសារតែមិនបានយល់ច្បាស់ពីទិដ្ឋភាពច្បាប់ ពាក់ព័ន្ធនឹងបទចោទនេះ»។
បើផ្អែកលើមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អំពើបើកបរក្នុងស្ថានភាពស្រវឹង និងបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនបែបនេះ គឺអាចត្រូវផ្តន្ទាទោសក្នុងពន្ធនាគារ រហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ ពី ១០ លានរៀលទៅ ២៥ លានរៀល បូករួមជាមួយទោសបន្ថែមមួយចំនួនទៀត ដូចជា ព្យួរបណ្ណបើកបរ និងហាមឃាត់ការបើកបរជាដើម។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា៖ «ដូច្នេះ ការចោទប្រកាន់បទល្មើសនេះ មិនស្រាលទេ គឺធ្ងន់ធ្ងរជាង បទមនុស្សឃាតដោយអចេតនាធម្មតាទៅទៀត»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានប្រាប់ឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ថា គ្រោះថ្នាក់ចរាចរណ៍ដែលប៉ះពាល់រហូតដល់ស្លាប់នេះភាគច្រើនកើតឡើងដោយការសេពគ្រឿងស្រវឹងហើយបើកបរ ខណៈកម្ពុជាពុំទាន់មានច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបានត្រឹមត្រូវនៅឡើយ។
ក្នុងនាមសង្គមស៊ីវិល លោកជំរុញឱ្យរាជរដ្ឋាភិបាល ពន្លឿននីតិវិធីក្នុងការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងជាតិស្រវឹងឱ្យបានឆាប់។
លោកបានបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្លាយទៅជាក្តីកង្វល់ដ៏ធំមួយ នាពេលបច្ចប្បន្ន ហើយតុលាការដែលជាស្ថាប័នមួយសំខាន់ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ គួរពន្លឿននីតិវិធីច្បាប់លើសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍។
លោក អំ សំអាត បានបញ្ជាក់ថា៖«ការទុករឿងក្តី និងពន្យារឱ្យនីតិវិធីលើរឿងក្តីគ្រោះថ្នាក់ចរាចរណ៍យូរពេក គឺការផ្តល់ភាពអយុត្តិធម៌ទៅលើជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ហើយនេះក៏ជាមូលហេតុក្នុងចំណោមមូលហេតុនានាដែលធ្វើឱ្យមានករណីធ្វេសប្រហែសពីសំណាក់អ្នកបើកបររហូតកើតមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់ញឹកញាប់នាមួយរយៈពេលចុងក្រោយនេះផងដែរ»។
លោកបានបន្ថែមថា ការផ្តល់សំណងដើម្បីបញ្ចប់រឿងក្តីក្តាំក៏ជាបញ្ហាធំមួយដែរ នៅក្នុងសង្គមបច្ចុប្បន្ន ហើយវាបានដើរតួជាគំរូអាក្រក់ និងជះឥទ្ធិពលអាក្រក់មួយ នៅក្នុងសង្គមសព្វថ្ងៃ។ ដូចមួយរយៈចុងក្រោយនេះ មានករណីបែបនេះកើតឡើងញឹកញាប់ណាស់ ដោយសារតែមានករណីយកលុយដើម្បីបញ្ចប់រឿងក្តីនេះហើយ ទើបបញ្ហានេះបានបន្សល់ទុក្ខភាពអយុត្តិធម៌ក្នុងសង្គមមកជាហូរហែ៕
វង្ស ដារាវ៉ាឌី