​ភ្នំពេញៈ សមាគម Korean Senior Citizens Association of Cambodia (KSCAC)​ រួម​នឹង​ក្រុមហ៊ុន​ដៃគូ​សហការ​កូរ៉េ ចង់​វិនិយោគ​ផលិតផល​កសិកម្ម ដែលមាន​សក្តានុពល​ចំនួន ​៧​ មុខ​របស់​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​កូរ៉េ​និង​ចិន ខណៈដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ណែនាំ​ឱ្យ​សមាគម​បន្ត​ការសិក្សា​និង​វិភាគ​សេដ្ឋកិច្ច​លើ​ដំណាំ​កសិកម្ម​ទាំងនេះ​ឱ្យបាន​ច្បាស់លាស់ ដើម្បីឱ្យ​ការវិនិយោគ​ប្រកបដោយ​ភាពជោគជ័យ​។​

​ដំណាំ​ទាំង​ ៧ ​មុខ ដែល​ខាង​សមាគម KSCAC រួម​នឹង​ក្រុម​ហ៊ុន​ដៃគូ​សហការ​កូរ៉េ​ចង់​បោះ​ទុនវិនិយោគ​នោះ​រួមមាន ម្រេច ស្វាយស​ម្ងួ​ត ចេកឆាប ប្រេងល្ង ផលិតផល​វារីវប្បកម្ម ដើម​គ​សម្រាប់​កែច្នៃ និង​ដើម​កៅស៊ូ​កែច្នៃ​ជាដើម​។​


​នៅឯ​កិច្ចពិភាក្សា​ការងារ​រវាង​លោក​ប្រាក់ ដា​វីដ រដ្ឋលេខា​​ធិ​ការ​ក្រសួងកសិកម្ម​និង​លោក Kim Moon Baik អនុប្រធាន​សមាគម Korean Senior Citizens Association of Cambodia(KSCAC)​ និង​ក្រុមហ៊ុន​កូរ៉េ​មួយចំនួនទៀត ភាគី​ទាំង​ ២ ​បាន​ពិភាក្សាគ្នា​យ៉ា​ស៊ីជម្រៅ​លើ​វិនិយោគ​លើ​ដំណាំ​សក្តានុពល​ទាំង ៧ ​មុខ​នេះ ជាពិសេស​លើ​ប្រភេទ​ដំណាំង​ល្ង​។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក Kim Moon Baik បាន​លើកឡើងថា ខាង​ភាគី​ក្រុមហ៊ុន​បាន​ចាប់​អា​រ​ម្មណ៍​លើ​ផលិតផល​សក្តានុពលរ​បស់​កម្ពុជា មានដូចជា  ​ម្រេច  ​ស្វាយស​ម្ងួ​ត ចេកឆាប ល្ង​ (​ប្រេង​​ល្ង​) វារីវប្បកម្ម ដើម​គ​កែច្នៃ និង​ដើម​កៅស៊ូ​កែច្នៃ​ជាដើម​។​


​ជាមួយគ្នានេះ​លោក​ក៏បាន​កោតសរសើរ​ពី​ផលិតផល​ក​សិ​​កម្ម​កម្ពុជា​ផងដែរ​ថា​៖«​ផលិត​ផល​កសិកម្ម​កម្ពុជា ជា​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​រសជាតិ​ឆ្ងាញ់ ធ្វើឱ្យ​ប្រជាជន​កូរ៉េ​ចូលចិត្ត​បរិភោគ​។​ដោយ​មើលឃើញ​ពី​សក្តានុពល​វិ​និ​យោគ​ទាំងនេះហើយ​ទើប​ក្រុម​ហ៊ុន​មានបំណង​មិន​ត្រឹមតែ​ចង់​នាំចូល​ទៅកាន់​ទីផ្សារ​កូរ៉េ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ចង់​ពង្រីក​ការនាំ​ចូល​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​ជប៉ុន និង​ទីផ្សារ​ចិន​ផងដែរ​»​។​

​ចំណែក​លោក ប្រាក់ ដា​វីដ ក៏បាន​ស្វាគមន៍​និង​រីករាយ​ដែល​ក្រុមហ៊ុន​កូរ៉េ​ចង់​ស្វែងយល់​ពី​សក្តានុពល​ផលិតផល​កសិកម្ម​កម្ពុ​ជា​ដោយ​ទទួល​នូវ​អនុសាសន៍​ណែនាំ​ពី​ក្រសួងកសិកម្ម​ធ្វើយ៉ាងណា​ឱ្យ​ការវិនិយោគ​នេះ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​ក្រសួង​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក​បាន​បន្ថែមថា​៖ «​ខាង​ក្រសួងកសិកម្ម​ពិតជា​អរគុណ​ដល់​ក្រុមហ៊ុន​កូរ៉េ​ដែល​បាន​មើលឃើញ​ពី​សក្តានុពល​នៃ​ដំណាំ​កសិកម្ម របស់​កម្ពុជា​សម្រាប់​កែច្នៃ​និង​នាំចេញ​ដែល​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ក្រោម​ក្របខ័ណ្ឌ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ កម្ពុជា​-​ចិន និង​ពិសេស​កិច្ចព្រមព្រៀង​ RCEP»​។​

​ទោះជា​យ៉ាងណា លោក​រដ្ឋ​លេខាធិការ​ក៏បាន​ណែនាំ​ឱ្យ​ក្រុម​​ហ៊ុន​បន្ត​ការសិក្សា និង​វិភាគ​សេដ្ឋកិច្ច​លើ​ដំណាំ​កសិកម្ម​មួយចំនួន ជាពិសេស​ដំណាំ​ល្ង​។​  លោក​ប្រាក់ ដា​វីដ បាន​បញ្ជាក់ថា​៖«​បន្ទាប់ពី​ធ្វើការ​សាកល្បង ប្រសិនបើ​ជោគជ័យ​និង​មាន​ផលចំណេញ​សេដ្ឋកិច្ច​ខ្ពស់ជាង​ដំណាំ​ផ្សេងៗ​នោះ​ក្រសួង​ក​សិ​កម្ម នឹង​បន្ត​ធ្វើការ​សម្រប​​សម្រួល​បន្ថែម​ឱ្យ​គម្រោង​នេះ​អាច​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​កសិក​ម្ម​បែប​ថ្មី​នៅ​កម្ពុជា​។​ក្រ​សួង​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុងការ​ស្វែងរក​ដៃគូ​ដែលមាន​ដី​សមស្រប​ដើម្បី​អភិ​វ​ឌ្ឍ​គម្រោង​កសិកម្ម​របស់ខ្លួន​នៅ​កម្ពុជា​»​។​

​លោក​ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ឡុង​ម៉េ​ត​និង​ត្រូ​ពិ​ក​ខេ​ម ដែល​ដាំ​ដុះ និង​នាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ ដោយ​លោក​បានបង្ហាញ​ពី​ការយល់ឃើញថា កម្ពុជា ពិតជា​ត្រូវការ​ការវិនិយោគ​ច្រើន​ពី​សំណាក់​វិស័យ​ឯកជន ទាំង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​ស្នូល​មួយ​របស់​កម្ពុជា​។​

​លោក​បាន​បន្តថា បញ្ហា​ប្រែ​ប្រួល​អាកាសធាតុ​នឹងធ្វើ​ឱ្យមាន​បញ្ហា​សន្តិសុខ​ស្បៀង​ជាហេតុ​ធ្វើឱ្យ​ផលិតផល​កសិកម្ម​កាន់​តែមាន​តម្លៃនៅលើទីផ្សារ ដូច្នេះ​ការវិនិយោគ​វិស័យ​កសិកម្ម​ពិតជា​មា​នស​ក្តា​នុព​ល​នាពេល​អនាគត​។ ប៉ុន្តែ​វិស័យ​កសិកម្ម​នេះ​ក៏​ប្រឈម​ណាស់ដែរ ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើឱ្យ​ការចំណាយ​លើ​វត្ថុ​ធាតុ​ដើម​កសិកម្ម​កាន់តែច្រើន​។​

​លោក​ហ៊ុន ឡាក់ បាន​បញ្ជាក់ថា​៖ «​វា​រឿង​វិជ្ជមាន​ហើយ ប្រសិនបើ​មាន​ក្រុមហ៊ុន​កូរ៉េ គេ​ចាប់អារម្មណ៍​ក្នុងការ​វិនិយោគ​មែន​នោះ​។​តែ​យើង​ក៏​ចង់ឱ្យ​អ្នក​​វិនិយោគ​គិតគូរ​ឱ្យបាន​ហ្មត់ចត់​លើ​ការបន្ថែម​បច្ចេកវិទ្យា​ទំនើប​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ផលិតផល​ដែល​គ្រោង​នឹង​វិ​និ​យោគ ដើម្បី​ធ្វើយ៉ាងណា​កាត់​បន្ថយ​សមាសភាព​ចង្រៃ ដែល​ប៉ះពាល់​ដល់​ដំណាំ​»​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​បង្ហាញថា នៅក្នុង​ឆ្នាំ​ ២០២៣ ការដាំដុះ​ដំណាំ​សាកវប្បកម្ម​អនុវត្តបាន​ចំនួន ១៩ ០៨៨ ​ហិកតា ស្មើនឹង​៥៣,៤០​ ភាគរយ​នៃ​ផែនការ​ចំនួន​ ៣៥ ៧៤៤​ ហិកតា លើស​ឆ្នាំ​ ២០២២ ចំនួន ៣ ៥៧០ ហិកតា និង​ដំណាំ​ឧស្សាហកម្ម​អនុវត្តបាន​ចំនួន​ ៦២ ៤៧៤​ ហិកតា​ស្មើនឹង​ ៥៦,៥១​ ភាគ​រយ​នៃ​ផែនការ​ចំនួន ១១០ ៥៥៧ ​ហិកតា លើស​ឆ្នាំ​ ២០២២ ​ចំនួន ​៤ ២៧៥ ​ហិកតា​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ឆ្នាំ​ ២០២៣ ការ​ប៉ាន់​ស្មាន​តម្លៃ​គិត​ជា​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល (​ឯក​តា​តម្លៃ​ផ្អែក​តាម​វិក្ក​យ​​ប​ត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ​៤ ៣០៦​ លាន​ដុល្លារ​។​ក្នុងនោះ​តម្លៃ​នៃ​ការនាំចេញ​ក​សិ​​ផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ​២៧៩៩​ លាន​ដុល្លារ​៕