សៀមរាបៈ ក្រសួងសុខាភិបាលបានរកឃើញករណីជំងឺផ្តាសាយបក្សីប្រភេទ H5N1 លើបុរសអាយុ ៦៩ ឆាំ្ន ១ រូបទៀតក្នុងខេត្តសៀមរាប ដែលនេះជាករណីទី២ សម្រាប់ដើមឆ្នាំ ២០២៤ នេះ បន្ទាប់ពីក្រសួងបានរកឃើញករណីដូចគ្នានេះ កើតលើក្មេងប្រុសអាយុ ៣ ឆ្នាំ ម្នាក់នៅខេត្តព្រៃវែង កាលពីថ្ងៃទី ២៥ ខែមករា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ២៨ ខែមករា បានឱ្យដឹងថា ក្រសួងបានរកឃើញជំងឺផ្តាសាយបក្សី ចំនួន ១ ករណីទៀត កើតលើបុរសអាយុ ៦៩ ឆ្នាំម្នាក់ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី ២៧ ខែមករា ក្នុងភូមិតាប្រុយ ឃុំព្រៃជ្រូក ស្រុកពួកខេត្តសៀមរាប។
ក្រសួងសុខាភិបាលបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ មានចិញ្ចឹមមាន់ប្រហែលពី ៥០ ទៅ ៦០ ក្បាល និងមានមាន់ងាប់ជាបន្តបន្ទាប់ប្រហែល ២ សប្តាហ៍មកហើយ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កំពុងធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៃជំងឺផ្ដាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស។
ក្រសួងបានបញ្ជាក់ថា៖ «ក្រុមការងារកំពុងបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីស្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុនេះ»។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានក្រើនរំឭកសាជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាលក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត ឱ្យបានឆាប់ទាន់ពេលវេលា ប្រសិនបើមានអាការក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង ១៤ ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា។
សូមរំឭកដែរថា កាលពីថ្ងៃទី ២៥ ខែមករា ក្មេងប្រុសអាយុ ៣ ឆ្នាំ មានទីលំនៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 បន្ទាប់ពីប្រហែល ១០ ថ្ងៃមុន មានមាន់ទាងាប់នៅក្នុងភូមិ និងនៅជុំវិញផ្ទះអ្នកជំងឺរូបនេះ។
កាលពីដើមខែតុលា ឆ្នាំ ២០២៣ ជំងឺផ្តាសាយបក្សី បានសម្លាប់ក្មេងស្រីម្នាក់អាយុ ២ ឆ្នាំ នៅខេត្តព្រៃវែង និងរកឃើញមានអ្នកជំងឺអាយុ ៥០ ឆ្នាំម្នាក់មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5-N1 នៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងក៏បានប្រកាសរកឃើញជំងឺផ្តាសាយបក្សនេះកើតលើស្ត្រីអាយុ ២១ ឆ្នាំ ដែលមានទីលំនៅក្នុងភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ យោងតាមនាយកដ្ឋានជំងឺឆ្លងបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៤ រហូតដល់ដើមឆ្នាំ ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សី H5N1 ជិត ៦០ ករណី និងបានធ្វើឱ្យមានមនុស្សស្លាប់សរុប ៣៨ នាក់។
ជំងឺផ្តាសាយបក្សី H5N1 គឺជាប្រភេទជំងឺដែលឆ្លងពីសត្វបក្សីឈឺទៅសត្វបក្សីផ្សេងទៀត និងអាចឆ្លងពីបក្សីឈឺទៅមនុស្សតាមរយៈការប៉ះពាល់សត្វដែលឈឺ ឬងាប់នោះ៕