កែប/កំពតៈ ទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជាចំនួន ២ រួមមាន ក្រុងកែប និងក្រុងកំពត បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤ នេះ ដែលត្រូវបានធ្វើឡើងនៅប្រទេសឡាវ។
វេទិកាឆ្នាំនេះបានរៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តរភាពនៃអនាគតអាស៊ាន» នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត និងអង្គការដៃគូមួយចំនួន កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៨ ខែមករា ថា លទ្ធផលនេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់រូប អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។
លោកបានបន្តថា ការទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះដែរកើតចេញពីការវាយតម្លៃទៅលើភាពស្អាតដោយផ្អែកលើផ្នែកជាច្រើនរួមមាន៖ បរិស្ថាន សន្តិសុខ សម្បទាទេសចរណ៍ បន្ទប់ទឹកសាធារណៈ ក៏ដូចជាមានកន្លែងសម្រាប់ចម្រោះទឹកកង្វក់ ហើយនិងមានកន្លែងសម្រាប់ទុកដាក់សំណល់រឹងរាវឱ្យបានត្រឹមត្រូវផងដែរ។
លោក សោម ពិសិដ្ឋ បានឱ្យដឹងទៀតថា៖ «ពានរង្វាន់នេះគឺមានសារៈសំខាន់ណាស់ សម្រាប់ជាប្រយោជន៍ដាស់ស្មារតី សតិអារម្មណ៍របស់ប្រជាពលរដ្ឋ យុវជន ឱ្យចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថាន ដោយផ្ដើមចេញពីការចូលរួមទាំងអស់គ្នា»។
លោកបានថ្លែងបន្តថា៖ «ក្នុងនាមជាថ្នាក់ដឹកនាំខេត្តការទទួលបានពានរង្វាន់នេះ វាជាកិត្តិយសមួយរបស់ប្រទេសជាតិ សម្រាប់បង្ហាញឱ្យអន្តរជាតិ ជាពិសេសថ្នាក់តំបន់ ក៏ដូចជាអាស៊ាន បានដឹងពីកម្ពុជាយើង គឺមានកន្លែងស្អាត ទីក្រុងស្អាតជាច្រើន»។
ពានរង្វាន់នេះដែរ នឹងធ្វើឱ្យខេត្តកែបកាន់តែមានការទទួលខុសត្រូវ ដើម្បីធានាឱ្យមាននិរន្តរភាពនៃអនាគតអាស៊ាន ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងតំបន់អាស៊ាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងតំបន់អាស៊ីបូព៌ា ក៏ដូចជាប្រទេសប៉ែកខាងអឺរ៉ុបមួយចំនួនទៀតផងដែរ។ នេះបើតាមលោក សោម ពិសិដ្ឋ។
ជាមួយគ្នានេះយោងតាមហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពត ក៏បានឱ្យដឹងដែរថា ក្នុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២៤ នេះ ក្រុងកំពត ខេត្តកំពតរបស់កម្ពុជាក៏ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី ៤ ដែលមានសុពលភាពឆ្នាំ ២០២៤-២០២៦ ផងដែរ។
សូមបញ្ជាក់ថា វេទិកាទេសចរណ៍ស្អាតអាស៊ានលើកទី ៣ ឆ្នាំ ២០២២-២០២៤ កម្ពុជាមានទីក្រុងចំនួន ៣ បានជាប់ពានរង្វាន់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងសៀមរាប និងទីក្រុងព្រះសីហនុ។
ពានរង្វាន់ទេសចរណ៍អាស៊ាននេះដែរ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយផ្តល់កិត្តិយសដល់តំបន់ និងអង្គភាពនានាជាមួយនឹងផលិតផល និងសេវាកម្មទេសចរណ៍ដែលមានគុណភាពខ្ពស់នៅក្នុងវេទិកាទេសចរណ៍អាស៊ានជាមួយនឹងពានរង្វាន់ស្តង់ដាទេសចរណ៍អាស៊ាន រួមមានពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ពានរង្វាន់ទីតាំង MICE អាស៊ាន និងពានរង្វាន់និរន្តរភាពទេសចរណ៍អាស៊ាន (Gastronomy)៕