​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តសៀមរាប បានដាក់​ដំណើរការ​សាកល្បង​កម្ម​វិធី​លក់​សេវាកម្ម​ទេសចរណ៍​លើ​ទូរស័ព្ទ (STC Vendors) ​ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងការ​ទទួលបាន​សេវាកម្ម​ដែលមាន​ស្តង់ដា លឿន និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​


ការដាក់​ដំណើរការ​សាកល្បង​នេះ ធ្វើឡើង​ក្រោម​វត្តមាន លោក ហេង សុខ​ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​លោក យុន លីន​ណេ អភិបាលរង​ខេត្តសៀមរាប និង​ដោយមាន​ការចូលរួម​ពី​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​។ នេះ​បើ​យោងតាម​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បានឱ្យដឹង​កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤​។​

លោក ហេង សុខ​ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើង​ក្នុង​ពិធី​ដាក់​ដំណើរការ​កាលពី​ថ្ងៃទី​២៦ ខែមករា​ថា កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់នេះ បានបង្ហាញ​ពី​គោលបំណង និង​ចក្ខុវិស័យ​ស្របគ្នា​រវាង​វិស័យ​ឯកជន និង​ក្រសួងទេសចរណ៍ ក្នុងការ​ពង្រឹងសមត្ថភាព​លើ​ការគ្រប់គ្រង​ទិន្នន័យ និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល សម្រាប់​វិស័យ​ទេសចរណ៍ ចូលក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​។​


លោក​បាន​ថ្លែងថា​៖ «​ក្រសួង​បានចាត់ទុក​ការបង្កើត​កម្មវិធី​ប្រើ​លើ​ទូរស័ព្ទដៃ​នេះ គឺជា​ការចូលរួម​រប​ស់​វិស័យ​ឯកជន ជាមួយ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ​។ ទន្ទឹមនឹងនេះ វា​ក៏​ជា​តម្រូវការ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទាមទារ​សេវាកម្ម​ដែលមាន​ស្តង់ដា លឿន ជាក់លាក់ ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​»​។​

ជាមួយគ្នានេះ លោក យុន លីន​ណេ អភិបាលរង​ខេត្តសៀមរាប ក៏បាន​បង្ហាញ​ពី​ការគាំទ្រ​លើ​ថ្នាល​ឌីជីថល​នេះ ស្រប​ពេលដែល​អាជ្ញាធរខេត្ត បាននិងកំពុង​ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ការបម្រើ​សេវាកម្ម​ទេសច​រណ៍​ខេត្ត​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់​អគ្គិសនី ទឹកស្អាត ភ្លើង​បំភ្លឺ​សាធារណៈ​។​


​លោក​បាន​ថ្លែងថា​៖ «​យើង​សង្ឃឹមថា យន្តការ​មួយ​នេះ នឹង​ផ្ដល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ការទាញយក​ព័ត៌មាន​ពី​ទិសដៅ​ទេសចរណ៍ ដើម្បី​រៀបចំ​ផែនការ​មក​ទស្សនា​ខេត្តសៀមរាប​ប្រកបដោយ​ភាពសប្បាយ​រីករាយ​»​។ 

ទាក់ទង​នឹង​កម្មវិធី​នេះដែរ លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​វិស័យ​ទេសចរណ៍ និង​សេវាកម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែមករា​ថា កម្មវិធី​សាកល្បង​នេះ វា​ជា​វិធីសាស្ត្រ​មួយ​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅពេល​មក​ទស្សនា​ខេត្តសៀមរាប​ងាយស្រួល​ក្នុង​ការដឹង​ពី​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ក្នុង​ខេត្ត​។ 

លោក​បាន​បន្តថា ទន្ទឹម​នឹងមាន​កម្មវិធី​សាកល្បង​នេះដែរ លោក​ក៏​ចង់ឃើញ​ក្រសួង ក៏ដូចជា​សមាគម​ទេស​ចរណ៍ ត្រូវមាន​ការរៀបចំ​ផ្ទៃក្នុង​ទាំង​រមណីយដ្ឋាន​ទេសចរណ៍ ផលិតផល​ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​សេវាកម្ម​ទេសចរណ៍​ផងដែរ ដើម្បី​ឱ្យមាន​ស្ដង់ដា​ដូច​ប្រទេសជិតខាង ជាពិសេស​ភ្ញៀវទេសចរ​ដែល​មកលេង ពួកគាត់​អាច​ទទួលយក​សេវាកម្ម​ទាំងអស់នេះ​បាន​។​

​លោក​បាន​ប្រាប់ថា​៖ «​បើ​យើង​មិនទាន់​រៀបចំ​ផ្ទៃក្នុង​ឱ្យ​ល្អ​ទេ នោះ​អ្វីដែល​ភ្ញៀវ​បានឃើញ​ហ្នឹង គាត់​យកទៅ​រិះគន់ ផ្សព្វផ្សាយ​ទៅកាន់​អ្នក​ផ្សេងទៀត​។ ដូច្នេះ​យើង​ត្រូវតែមាន​ការរៀបចំ​ខាងក្នុង​ឱ្យមាន​ភាព​ទាក់ទាញ ឬ​មាន​អ្វីដែល​ថ្មី​សម្រាប់​ផ្សព្វផ្សាយ​ឱ្យគេ​មើលឃើញថា ចង់​មក​ខេត្តសៀមរាប​យើង​ហ្នឹង​»​។​

សូមបញ្ជាក់ថា កម្មវិធី​លក់​សេវាកម្ម​ទេសចរណ៍​លើ​ទូរស័ព្ទ ដែលមាន​ឈ្មោះថា «STC Vendors» គឺជា​គំនិត​ផ្តួចផ្ដើម​ដោយ​សមាគម​ក្លិប​ទេសចរណ៍​សៀមរាប ខណៈដែល​កម្មវិធី​នេះ​មិន​ត្រឹមតែ​ជា​កន្លែង​លក់ សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ថ្នាល​ឌីជីថល សម្រាប់​អង្គភាព ស្ថាប័នរដ្ឋ និង​ឯកជន ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍​ទៅកាន់​អ្នកប្រើប្រាស់​ផងដែរ​៕