​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិ​ត្យា បាន​លើកឡើងថា តាមរយៈ​ការតាមដាន​គុណភាព​ខ្យល់​របស់​ក្រសួងបរិស្ថាន​បាន​បង្ហាញថា អំឡុងពេល​ ១ ​ខែ​ កន្លងមកនេះ ប្រទេស​កម្ពុជា​មិនទាន់មាន​ការកត់សម្គាល់​ការធ្លាក់ចុះ​គុណភាព​ខ្យល់​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ​។ 


​លោក​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤​ ថា កំហាប់​ភាគល្អិត​និចល​ ដែលមាន​វិជ្ឈមាត្រ​តូច​ជាង ឬ​ស្មើ ២,៥ ​មីក្រូ​ម៉ែត្រ ឬ​ហៅថា PM2.5 មាន​កំហាប់​ចន្លោះ​ពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ទាប​ជាង​ស្តង់ដា​ ដែល​ក្រសួងបរិស្ថាន បានកំណត់​គឺ ៥០ µg/m3 ជា​មធ្យម​ក្នុង​រយៈពេល ២៤​ ម៉ោង​។​

លោក​បាន​បញ្ជាក់ថា ៖ «​គុណភាព​ខ្យល់​នៅក្នុង​ប្រទេស​កម្ពុជា នៅតាម​បណ្ដា​រាជធានី​ខេត្ត គឺមាន​ភាពល្អប្រសើរ ដោយ​ការវាយតម្លៃ​គុណភាព​ខ្យល់​របស់​ក្រសួងបរិស្ថាន បានធ្វើ​ឡើង​ដោយមាន​ការពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់ ពី​មន្ត្រី​ជំនាញ និង​ឧបករណ៍​តាមដាន​ត្រួតពិនិត្យ​គុណភាព​ខ្យល់​សាធារណៈ ចំនួន ១៤ ​ទីតាំង នៅ​រាជធានី​ភ្នំពេញ និង​៣៧​ទីតាំង នៅតាម​បណ្ដា​ខេត្ត​»​។ 


​លោក ខ្វៃ អាទិ​ត្យា បាន​បន្តថា ជា​លទ្ធផល​ការរក្សាបាន​នូវ​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (AQI) ល្អ​និង​ល្អប្រសើរ នៅ​គ្រប់​ទីតាំង​ទាំងអស់នេះ ដោយសារ​មាន​កិច្ចសហការ​ពី​អ្នកពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាមួយនឹង​វិធានការ​មួយចំនួន ដែល​ក្រសួង​បានដាក់​ចេញ​។ 

លោក​ថា ៖ «​ដើម្បី​ការពារ និង​ទប់ស្កាត់​បញ្ហា​ការបំពុល​ខ្យល់​នៅ​រាជធានី​ខេត្ត ខ្ញុំ​សូម​ស្នើឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​ទាំងអស់ បន្ត​ជំរុញ​ផ្សព្វផ្សាយ​ការអនុវត្ត​សារាចរ​លេខ ០១ សរ របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ ដល់​រដ្ឋបាល​ក្រុង ស្រុក​ខណ្ឌ​ឃុំ​សង្កាត់ និង​ប្រជាពលរដ្ឋ​»​។​


​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​ដដែល​នេះ បានបញ្ជាក់​ទៀតថា អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​មួយចំនួន​ផងដែរ ដោយ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​រាន​ព្រៃ វាលស្មៅ ដុត​ប្លា​ស្ទិ​ក សំណល់​កសិកម្ម គល់​ជញ្ជាំង សំរាម សំណល់​រឹង ប្លា​ស្ទិ​ក នៅលើ​ទីវាល ឬ​ទី​ចំហ​។​

លោក​បាន​បន្តថា ត្រូវ​រួមគ្នា​ទប់ស្កាត់​ការដុត​រាន​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំណល់​កសិកម្ម សំរាម ដុត​សំណល់​ប្លា​ស្ទិ​ក  និង​ការឆេះ​ទីលាន​ចាក់សំរាម និង​ទប់ស្កាត់​ការ​ហុយធូលី​នៅ​ការដ្ឋាន​សំណង់ និង​ការដឹកជញ្ជូន​សម្ភារ​សំណង់​។​

លោក ខ្វៃ អាទិ​ត្យា បាន​បន្ថែមថា ត្រូវ​នាំគ្នា​ធ្វើការ​សម្អាត​ធូលី និង​ធ្វើ​អនាម័យ​នៅតាម​ដងផ្លូវ និង​ទីសាធារណៈ​ឱ្យបាន​ជាប់​ជាប្រចាំ​។​

កាលពីដើម​ខែមករា ឆ្នាំ​២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន​បានស្នើ​ដល់​អភិបាល​រាជធានី​ខេត្ត​ទាំង​២៥ ឱ្យ​ជំរុញ​ការផ្សព្វផ្សាយ​ការអនុវត្ត​សារាចរ​របស់​រាជរដ្ឋាភិបាល​ដល់​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ និង​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​និង​កាត់បន្ថយ​បញ្ហា​បំពុល​ខ្យល់​សាធារណៈ បន្ទាប់​រកឃើញ​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​។​

​ក្រសួងបរិស្ថាន​បាន​លើកឡើងថា ៖ «​ជា​រៀងរាល់ឆ្នាំ នៅ​រដូវប្រាំង​ចាប់ពី​ខែធ្នូ ដល់​ខែមេសា លទ្ធផល​គុណភាព​ខ្យល់​ដែល​ក្រសួងបរិស្ថាន​បាន​តាមដាន​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ទូទាំងប្រទេស បាន​បង្ហាញថា ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​ព្រួយបារម្ភ​»​។​

សកម្មភាព​សំខាន់ៗ​ដែល​បង្កឱ្យមាន​កំណើន​កំហាប់​ភាគល្អិត​និចល​នេះ រួមមាន​៖ ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហ កម្ម យានយន្ត ភ្លើង​ឆេះ​ព្រៃ ការដុត​វាលស្មៅ ការដុត​សំណល់​កសិកម្ម ការដុត​រាន​ព្រៃ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម​សំណល់​រឹង និង​ការឆេះ​នៅ​ទីលាន​ចាក់សំរាម ការបោះ​ចោល និង​ដុត​សំណល់​ប្លា​ស្ទិ​ក ព្រមទាំង​ការ​ហុយធូលី​ពី​ការដ្ឋាន​សំណង់​ជាដើម​៕