ក្រុមហ៊ុន Mizuda Group ដែលបច្ចុប្បន្នកំពុងផ្តល់សេវាប្រមូល សម្អាត និងដឹកជញ្ជូនសំរាម កាកសំណល់នៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនដើម្បីផលិតថាមពលអគ្គិសនីពីកាកសំណល់ នៅភូមិសាស្ត្ររាជធានីភ្នំពេញជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ជាប្រយោជន៍ដើម្បីការពារបរិស្ថានកម្រិតខ្ពស់ផង។
លោកសាន ជានមីង (Shan Jianming) ប្រធានក្រុមហ៊ុន Mizuda Group បានលើកឡើងពីគោលបំណងចង់ពង្រីកការវិនិយោគរបស់ក្រុមហ៊ុនលោកដូចនេះ ក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នាវិមានសន្តិភាព កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ នេះបើយោងតាមខ្លឹមសារជំនួប ដែលបានផ្សាយលើបណ្តាញសង្គមផ្លូវការរបស់លោកហ៊ុន ម៉ាណែត។
ក្នុងជំនួបនោះ លោកសាន ជានមីង បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពីកិច្ចការងាររបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនធំ Mizuda Group ដែលកំពុងផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងកាកសំណល់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រមាណ ៣ឆ្នាំដែលមានការទទួលស្គាល់ពីអាជ្ញាធរនិងប្រជាពលរដ្ឋ ហើយបានបង្កើតការងារដល់ពលរដ្ឋកម្ពុជាចំនួន ៧១០កន្លែង ព្រមទាំងបានផ្តល់សេវាផ្សព្វផ្សាយកម្មវិធីយល់ដឹងពីគ្រប់គ្រងសំរាម និងសំណល់រឹងផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា៖ «លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី ពីគោលបំណងរបស់ក្រុមហ៊ុន Mizuda Group ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ បច្ចេកទេសទំនើប និងការការពារបរិស្ថានកម្រិតខ្ពស់ នៅក្នុងរាជធានីភ្នំពេញផងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសាទរចំពោះកិច្ចការងារអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលសហការល្អជាមួយសាលារាជធានីភ្នំពេញ លើការប្រមូល សម្អាត ដឹកជញ្ជូនសំរាមនេះ ដែលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការថែរក្សាបរិស្ថាននៅក្រុងភ្នំពេញ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់តាមរយៈខ្លឹមសារនៃជំនួបនេះថា៖ «ចំពោះគោលបំណងក្នុងការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែម ជាមួយ នឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)»។
លោក ហេង គឹមហុង ប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) និងជាសកម្មជនបរិស្ថាន បង្ហាញការសាទរចំពោះបំណងនៃការវិនិយោគរបស់ក្រុមហ៊ុនMizuda Group លើការបំប្លែងកាកសំណល់ទៅជាថាមពលអគ្គិសនី ដែលលោកចង់ឱ្យរដ្ឋាភិបាលកៀរគរការវិនិយោគរបៀបនេះឱ្យបានច្រើន។
ទោះជាយ៉ាងណាលោកបានប្រាប់ថា៖«ទន្ទឹមនឹងបំណងវិនិយោគនេះ គួរតែមានការពិភាក្សាគ្នាឱ្យបានច្រើនទៅលើយន្តការច្បាស់លាស់នៅក្នុងការគ្រប់គ្រងសំរាមបន្ថែមទៀត យើងសិក្សាទៅមើលថា គម្រោងទាំងហ្នឹងអាចបង្កផលប៉ះពាល់អ្វីខ្លះទេ ដែលយើងបារម្ភខ្លាចការប្រើប្រាស់សារធាតុគីមីមួយចំនួន ដែលអាចផ្តល់ផលប៉ះពាល់ដល់បរិស្ថានវិញ»។
ជារួមលោក ហេង គឹមហុង បង្ហាញការសាទរទៅលើគម្រោងចម្រាញ់សំរាម ឬបំប្លែងសំរាមទៅជាថាមពលអគ្គិសនីដែលបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួនទៅក្នុងសកលលោករួចទៅហើយ ដែលជាចំណែកពង្រឹងការគ្រប់គ្រងសំរាម និងលើកកម្ពស់កម្រិតបរិស្ថានក្នុងប្រទេស ក៏ដូចជាពិភពលោកផងដែរ៕