រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ព្រមាន​ជាថ្មី​ចំពោះ​បុគ្គល​ណា​ដែល​បន្ត​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ក្រូចឆ្មារ នឹងត្រូវ​ប្រឈម​ច្បាប់​ទោសទណ្ឌ​ជា​ធរមាន និង​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​នេះ ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ​ក្នុងព្រៃ​លិច​ទឹក​។


​ការព្រមាន​នេះ បន្ទាប់ពី​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​បាន​ប្រើ​គ្រប់​មធ្យោបាយ​បន្ត​ឈូសឆាយ​ដីព្រៃ​លិច​ទឹក ក្នុង​ចេតនា​ផ្គើន​នឹង​ចំណាត់ការ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​។​

សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤ បានឱ្យដឹងថា កន្លងមក​រដ្ឋបាលខេត្ត តែងតែ​ប្រជុំ​ណែនាំ​ដល់​កម្លាំង​មាន​សមត្ថកិច្ច មន្ទីរជំនាញ អង្គភាព​ពាក់ព័ន្ធ និង​រដ្ឋបាល​ស្រុក ឱ្យ​យកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ក្រូចឆ្មារ ជា​បន្តបន្ទាប់​។  ប៉ុន្តែ​នៅមាន​ជនខិលខូច​មួយចំនួន​បន្ត​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ដដែល​។​


សេចក្តីជូនដំណឹង បាន​បន្តថា ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ឱ្យបាន​គង់វង្ស ទប់ស្កាត់​អំពើ​ល្មើស ឬ​បទល្មើស ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​ណែនាំ​នូវ​វិធានការ​មួយចំនួន​ផងដែរ ដោយ​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ណាមួយ​យក​គ្រឿងចក្រ ចូលទៅក្នុង​តំបន់​ដីព្រៃ​លិច​ទឹក ល្គឹកណា​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​ស្រុក​ក្រូចឆ្មារ​។​

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​វិធាន​នេះ បានអនុញ្ញាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាននិងកំពុង​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល​លើដី​ក្នុង​ទសវត្សរ៍​ឆ្នាំ​៨០ និង​មុន​ឆ្នាំ​២០១៨ ដោយមាន​ភ្ជាប់​និង​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ត្រឹមត្រូវ​ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យមាន​ការបន្ត​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ដោយ​ខុសច្បាប់​នោះឡើយ​»​។​


​ជាមួយគ្នានេះ រដ្ឋបាលខេត្ត​ក៏បាន​ស្នើ​ដល់​អ្នកពាក់ព័ន្ធ​ទាំងឡាយ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹកជា​បន្ទាន់ ហើយ​ក្នុងករណី ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច រកឃើញ​បុគ្គល និង​អ្នកពាក់ព័ន្ធ​ល្មើសច្បាប់ ឬ​លិខិតបទដ្ឋាន​នានា បុគ្គល​នោះ​ត្រូវ​ប្រឈម​នឹងដាក់​ទោសទណ្ឌ​តាម​នីតិវិធី​ច្បាប់ ជា​ធរមាន​ដោយ​គ្មាន​ការលើកលែង​។ 

បន្ថែម​ពីនេះ រដ្ឋបាលខេត្ត ក៏បាន​ហាម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ធ្វើការ​បញ្ជាក់​នីត្យានុកូល​ភាព​គ្រប់​ទម្រង់​ជូន​ប្រជាពលរដ្ឋ នៅ​ចំណុច​ដី​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​។​

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ បាន​ប្រាប់​ឱ្យដឹងថា ចំពោះ​វិធានការ​ទប់ស្កាត់​គឺជា​រឿង​ល្អ​១​ផ្នែក ប៉ុន្តែ​លោក​ជំរុញ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព​គ្នា​រវាង​ពលរដ្ឋ​ធម្មតា និង​អ្នកមានអំណាច ចៀសវាង​ការរិះគន់​។ 

លោក​បាន​ថ្លែងថា​៖«​ព្រៃ​លិច​ទឹកជា​ធនធាន​របស់​រដ្ឋ​ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ធ្វើការ​ថែរក្សា ក៏ប៉ុន្តែ​យើង​ជា​អង្គការ​សង្គម​ស៊ីវិល​ចង់ឃើញ​តម្លាភាព មានន័យ​ថាបើ​ពលរដ្ឋ​មិនអាច​អាស្រ័យ​ផល​បាន អ្នកដទៃ​ក៏​អត់​អាច​ធ្វើបាន​ដូចគ្នា កុំ​ឱ្យមាន​ចោទប្រកាន់ថា អ្នកមាន​បក្ខពួក​ធ្វើបាន អ្នក​អត់​បក្ខពួក​ធ្វើ​អត់​បាន​»​។​

លោក​យល់ថា អាជ្ញាធរ​គួរ​កំណត់ព្រំដែន​កម្រិត​ណាមួយ​ឱ្យបាន​ច្បាស់លាស់​ដែល​ពលរដ្ឋ​មិនអាច​អាស្រ័យ​ផល​ធ្វើបាន និង​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យ​ពលរដ្ឋ​បានដឹង​កាន់តែ​ទូលំទូលាយ​។

ជុំវិញ​ការកាន់កាប់​ដី​សាធារណៈ​ខុសច្បាប់​នេះដែរ អាជ្ញាធរខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤ បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជុំវិញ​ករណី​ពលរដ្ឋ​បាន​សាងសង់​រំលោភ​ដី​ប្រឡាយ​សាធារណៈ នៅ​ទីតាំង​ស្រុក​អូររាំងឪ​។​

ក្នុង​រឿងនេះ អាជ្ញាធរ​សម្រេច​ ដាក់​ឱសានវាទ​ចំនួន ​១៥​ ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចុះ​ណែនាំ​នេះ ឱ្យ​ម្ចាស់​ដី​ដែល​បាន​សាងសង់​រំលោភ​ដី​ប្រឡាយ​ដោយ​ខុសច្បាប់ ត្រូវ​រុះរើ​របង​ដែល​បាន​សាងសង់​នេះ​ចេញ ដោយ​ឥត​លក្ខខណ្ឌ និង​គ្មាន​សំណង​ខូចខាត​អ្វី​ឡើយ ព្រោះ​ការសាងសង់​របង​រំលោភ​ដី​ប្រឡាយ​នេះ ជា​អំពី​ខុសច្បាប់ ដែល​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ធ្លាប់បាន​ចុះ​ហាមឃាត់​ជាច្រើន​ដង​រួចមកហើយ​។ 

លោក ហុក ពេជ្រ​ហោះ អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ដែល​ដឹកនាំ​កិច្ចប្រជុំ​នេះ បានឱ្យដឹងថា ក្នុងករណី​ម្ចាស់​សំណង់​មិន​ព្រម​រុះរើ តាម​ការណែនាំ​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​នោះ ក្រុមការងារ​ថ្នាក់​ខេត្ត​នឹង​ស្នើសុំ​ការសហការ​ពី​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត រួមជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​អនុវត្ត​វិធានការ​ច្បាប់ ដោយ​ឥត​លើកលែង​។ 

លោក​បាន​បញ្ជាក់ថា​៖ «​រាល់​ការសាងសង់​សំណង់​នានា ដែល​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​រំលោភ​ដី​សាធារណៈ (​សម្បត្តិ​សា ធារណៈ​) ឬ​រំលោភ​លើ​កម្មសិទ្ធិ​អ្នកដទៃ​ផ្សេងទៀត អាជ្ញាធរ​នឹង​ចុះ​ពិនិត្យ​អនុវត្ត​ច្បាប់ ដោយ​ឥត​លើកលែង​ឡើយ​»៕