ស្វាយរៀងៈ ក្រសួង​សង្គមកិ​ច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ពិភាក្សា​ជា​មួយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀងក្នុង​ការ​រៀប​ចំ​គម្រោង​បង្កើតម​ជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិសម្បទា​ចំនួន​ ១ ​នៅក្នុង​ខេត្ត​​ជាប់​ព្រំដែន​នេះ ​សម្រាប់​ជួយ​ដល់​​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស។


លោក តូច ចាន់​នី អ្នក​នាំពាក្យ​ក្រសួង​សង្គម​កិច្ច បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ​២៩ ខែ​មករា​​​ថា ក្រសួង​កំពុង​ពិភាក្សា​ជាមួ​យ​ខាង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​មន្ត្រី​ពាក់​ព័ន្ធ​ផ្សេង​ទៀត ដើ​ម្បី​រៀប​ចំ​គម្រោង​បង្កើត​មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា ខេត្តស្វា​យរៀង។ បច្ចុប្បន្ន​នេះ ក្រសួង​មាន​មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទាជន​រង​គ្រោះ​ដោយ​​សារ​អំពើ​ជួញ​ដូរ​មនុស្ស ​មាន​តែ​ ១ ម​ណ្ឌល​ប៉ុណ្ណោះ​ ដែល​ស្ថិត​នៅក្នុ​ង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។ 

លោក តូច ចាន់នី ​បន្ត​ថា៖ «​​ការ​ជ្រើស​រើស​ខេត្ត​ស្វាយរៀង ដើម្បី​សាង​សង់​មជ្ឈ​មណ្ឌល​សំចត​បន្ថែម​ទៀត​នេះ ​​ដោយ​សារ​ខេត្ត​នេះ​ជាខេ​ត្ត​ព្រំដែន ជាប់​នឹង​ប្រទេស​វៀត​ណាម ហេតុ​នេះ​រាល់​ពេល​ដែ​ល​មាន​ករណី​ជង​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ម្ដងៗ គឺ​មិន​មាន​កន្លែង​ត្រឹម​ត្រូវ​សម្រាប់​ផ្ដល់​សេវា​ជូន​ជន​រង​គ្រោះ​ទាំង​នោះ​ឡើយ»​។


លោក​បន្ត​ថា​៖ «ខ្ញុំ​មិន​អាច​ប្រាប់​លម្អិត​បាន​ទេ ពី​គម្រោង​បង្កើត​មណ្ឌល​សំចត​ហ្នឹង ពីព្រោះ​វា​ស្ថិ​ត​ក្នុង​ដំណាក់​កាល​មួយ​កំពុង​ពិភាក្សា​គ្នា និង​ពិគ្រោះ​យោបល់​ជា​មួយ​អ្នក​ពាក់​ព័ន្ធ ប៉ុន្តែ​គ្រាន់​តែដឹ​ង​ថា​ មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា ខេត្ត​ស្វាយ​រៀង​ហ្នឹង គឺ​យើង​នឹង​គ្រោង​សាង​សង់​ឡើង​ដើម្បី​ជួយ​ដ​ល់​​ជន​ចំណាក​ស្រុក និងជ​ន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​»។​

​​សូមរំឭកដែរថា ​​មណ្ឌល​​សំចត និង​​ស្តារ​​នីតិ​​សម្បទា​ជន​រង​គ្រោះ ប៉ោយប៉ែត ​​បាន​​ដាក់​ឱ្យប្រើ​​ប្រាស់​​សម្រាប់​​ទទួល​​ព​លករ​ចំណាក​ស្រុក​ មក​ពី​ប្រទេស​ថៃដោយ​​កំណត់​​អត្ត​​សញ្ញាណ​កម្ម និ​ងផ្តល់​សេវា​សង្រ្គោះ​បឋម​ ក្នុងនោះ​មានទាំង​ផ្តល់​សេវា​ស្នាក់​នៅ​បណ្តោះ​អាសន្ន កា​រហូ​បចុក ថែទាំ​សុខភាព និងការ​អប់រំ​ប​ណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ជា​ដើម។ 


លោក តូច ចាន់នី បាន​បញ្ជាក់ប្រាប់ដែរថា ក្រៅ​ពី​បង្កើតមណ្ឌល​សំចត​ជួយជនរងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ហើយ ​ក្រសួង​ក៏​មាន​មណ្ឌល​សំចត​បណ្ដោះ​អាសន្ន​សម្រាប់​ជន​អនាថា​ស្ថិត​នៅរា​ជ​ធានី​ភ្នំពេ​ញ ខេត្ត​បាត់ដំបង និង​ខេត្តសៀមរាប​ផង​ដែរ​។

ជុំ​វិញ​ការ​បង្កើត​មណ្ឌល​សំចត​បន្ថែម​នេះ លោក អំ សំអាត នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ នៃ​អង្គ​ការ​ការ​ពារ​សិទ្ធិ​មនុស្ស​លី​កា​ដូ ក៏​បាន​​ថ្លែង​ថា កន្លង​មក​មជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា​សម្រាប់​ជួយ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស គឺនៅ​​មាន​ភាព​ខ្វះ​ខាត​ក្នុង​ផ្ដល់​សេវា​​ថែទាំ កិច្ចការ​ការ​ពារ និង​ផ្ដល់​កន្លែង​សុវត្ថិភាព​សម្រាប់​ជន​រង​គ្រោះ​ទាំង​នោះ​។ 

លោក​ថា ខេត្ត​ស្វាយ​រៀង គឺ​ជា​ចំណុច​ផ្ដើម​មួយ​ល្អ​ដែរ ក្នុង​ការ​សាង​សង់ម​ជ្ឈ​មណ្ឌល​សំចត និង​ស្តារ​នីតិ​សម្បទា​ជួយ​ជន​រង​គ្រោះ ​ព្រោះ​ដោយ​សារ​ខេត្ត​នេះមា​ន​ច្រក​ព្រំ​ដែន​ស្ថិត​នៅ​ជាប់ប្រ​ទេស​វៀត​ណាម ដូច្នេះ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស នឹង​ទទួល​បាន​សេវា​ការ​ពារ និង​ការ​ថែទាំ​សម្រាប់​ពួកគាត់​បាន​ទាន់​ពេល​វេលា​។ 

លោក​បាន​ថ្លែង​ថា​៖ « ការ​បង្កើត​មណ្ឌល​សំចត​ហ្នឹង វា​ជា​ការ​ចាប់​ផ្ដើម​មួយល្អ​ ក៏​ប៉ុន្តែ​សូម​ធ្វើ​យ៉ា​ងម៉េច​ឱ្យ​មណ្ឌល​ដែល​បាន​បង្កើត​មក​នេះ វា​នឹង​ក្លាយ​ជាម​ណ្ឌល​សម្រាប់​ការពា​រ និង​គាំ​ទ្រ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​ទៅ​ជន​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស​ ហើយ​ក៏​សង្ឃឹមដែរ​​ថា មណ្ឌលហ្នឹ​ង វា​ក៏មិ​ន​ក្លាយ​ទៅ​ជាម​ណ្ឌលមួ​យ​ដែល​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​របស់​ជន​រង​គ្រោះ​ផងដែ​រ​»​។

លោក អំ សំអាត ​បាន​បន្ថែម​ថា ​​ការ​បង្កើត​មណ្ឌល​សំចត​នេះ​ដែរ វា​ក៏​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល មិន​ថា​ ចំពោះ​ជន​រង​គ្រោះ​ដោយ​សារ​អំពើ​ជួញ​ដូរម​នុស្ស​នោះ​ទេ ប្រជាពល​រដ្ឋ​ទូទៅផ្សេង​ទៀត​ដែល​មាន​បញ្ហា គឺ​សុទ្ធ​តែអា​ច​មក​ទទួលសេវា​បណ្ដោះ​អាសន្ន​ពីម​ណ្ឌល​សំចត​ទាំង​នោះ​បាន​ផង​ដែរ​៕