លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៤​ នេះ ​ថា លោក​បានស្នើ​ដល់​ភាគី​វៀតណាម បើក​រោងចក្រ​ផលិត​ជី​កសិកម្ម នៅក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កសិករ​ទិញ​ជី​បាន​ក្នុងតម្លៃ​សមរម្យ និង​ដើម្បី​បង្កើន​ឱកាស​ការងារ​បន្ថែម​ដល់​ពលរដ្ឋ​កម្ពុជា​ផងដែរ​។​


ការស្នើ​របស់លោក​អភិបាលខេត្ត​កំពង់ស្ពឺ ធ្វើឡើង​អំឡុងពេល​លោក រួម​នឹង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈប្រតិភូ​ខេត្តកំពង់ស្ពឺ បាន​ទៅ​បំពេញ​ទស្សនកិច្ច​ខ្សែ​ច្រវាក់​ផលិតកម្ម​ជីធម្មជាតិ នៅ​រោងចក្រ NhàMáyPhânBónTrườngXuân​ក្នុង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២៤​។​

លោក វ៉ី សំណាង បាន​ប្រាប់​ឱ្យដឹងទៀតថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​វិញ​ឡុង​នេះ តែងតែ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅពេល​ជិត​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម ​មកដល់ ខណៈ​នៅពេល​ជិត​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ខាង​ភាគី​វៀតណាម​ក៏​អញ្ជើញ​មក​សួរសុខទុក្ខ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​ដូចគ្នា​។ លោក និង​ប្រតិភូ​ខេត្តកំពង់ស្ពឺ ក៏បាន​ស្នើ​ដល់​ខាង​វៀតណាម ឱ្យជួយ​សម្រួល​ដល់​ការរស់នៅ និង​រក​ទទួលទានរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ជាង ​២២​ ម៉ឺន​នាក់​ផងដែរ​។​


លោក​បាន​បន្ថែមថា នៅ​អំឡុងពេល​ទៅ​ទស្សនកិច្ច​ខ្សែសង្វាក់​ផលិតកម្ម​ជីធម្មជាតិ នៅ​រោងចក្រ​ជី​ក្នុង​ខេត្ត​វិញ​ឡុង លោក​ក៏បាន​ស្នើឱ្យ ខាង​វៀតណាម​បើក​រោងចក្រ​ផលិត​និង​កែច្នៃ​ជី​កសិកម្ម​នៅ​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​តាម​របាយការណ៍​រប​ស់រោង​ចក្រ​ផលិត​ជី​នៅ​ខេត្ត​វិញ​ឡុង​នេះ រោងចក្រ​បាន​នាំចេញ​ជី​ទៅ​លក់​នៅ​ខេត្តកំពង់ស្ពឺ យើង​ប្រមាណ​ ៣០០​ តោន ​ក្នុង​ឆ្នាំ​កន្លងទៅនេះ​។​ ដូច្នេះ ខ្ញុំ​ក៏បាន​ស្នើឱ្យ​ខាង​គាត់​សិក្សា​ឡើងវិញ​ទាក់ទង​នឹង​ជី​នេះ ដោយ​ប្តូរ​ពី​ការដឹក​យកទៅលក់ មកជា​បើក​រោងចក្រ​ផលិត​ជី​នៅ​ខេត្ត​យើង​វិញ​ព្រោះថា ខាងយើង​មាន​វត្ថុធាតុដើម​កសិក​ម្ម​ច្រើន ដែល​អាចឱ្យ​គាត់​កែច្នៃ​ធ្វើជា​ជី​កសិកម្ម​បាន ដូចជា លាមក​សត្វ ចំបើង និង​សំណល់​រុក្ខជាតិ​ផ្សេងៗ​ជាដើម សម្រាប់​បង្កើតជា​ជីសរីរាង្គ​»​។​


បើតាម​ការបញ្ជាក់​ពី​លោក វ៉ី សំ​ណាំង រោងចក្រ NhàMáyPhânBónTrườngXuân ប្រចាំខេត្ត​វី​ញ​ឡុង បាន​យល់ព្រម​ទទួលយក​សំណើ​របស់លោក ដោយ​សន្យាថា​នឹង​មក​សិក្សា​លម្អិត​បន្ថែម​លើ​ការបើក​រោងចក្រ​ផលិត​ជី​នេះ ក្រោយពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ចប់​។​

​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា កម្ពុជា​បាន​នាំចូល​ជី​កសិកម្ម​ពី​ក្រៅប្រទេស​ច្រើន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក ខណៈ​ការផលិត​ជី​កសិកម្ម​ក្នុងស្រុក​នៅមាន​តិចតួច​នៅឡើយ ដែល​បញ្ហា​នេះ​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​ថ្លៃដើម​ផលិត​របស់​កសិករ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក យ៉ង សាំង​កុមារ បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្រសួងកសិកម្ម ធ្លាប់​ជំរុញ​និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន ឱ្យមាន​ការផលិត​ជី​កសិកម្ម​នៅក្នុង​ស្រុក ដើម្បី​ផ្គត់ផ្គង់​ដល់​កសិករ និង​បាន​ណែនាំ​ដល់​ប្រជាកសិករ​ឱ្យ​រៀន​ពី​វិធី​ផលិត​ជី​តាមបែប​ធម្មជាតិ​ដោយ​ខ្លួនឯង ដើម្បី​កាត់បន្ថយ​ការចំណាយ​និង​ធ្វើឱ្យ​ដំណាំ​មាន​សុវត្ថិភាព​ក្នុងការ​បរិភោគ​ផងដែរ​។​

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​កសិកម្ម​របស់​យើង ដែល​ចុះ​ទៅតាម​ឃុំ​ផ្ទាល់​នាពេល​ខាងមុខនេះ នឹង​ជួយ​ដល់​កសិករ​ដោះស្រាយ​ពី​បញ្ហា​ជាច្រើន ក្នុងការ​ក៏មាន​ការរៀន​ផលិត​ជីសរីរាង្គ​ដោយ​ខ្លួនឯង​ផងដែរ​។​ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​កសិក​រ​ទៅលើ​ជី​កសិកម្ម និង​ថ្នាំ​សម្លាប់​សត្វល្អិត​»​។​

យោងតាម​របាយការណ៍​ពី​ក្រសួងពាណិជ្ជកម្ម​បានបង្ហាញ​ថា នៅក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​ កន្លងទៅ កម្ពុជា​បាន​នាំចូល​ជី​កសិកម្ម ពី​ក្រៅប្រទេស​ក្នុង​ទំហំ​ទឹកប្រាក់​ជិត​ ២៣៥​ លាន​ដុល្លារ កើនឡើង​ជាង​ ១៨​ ភាគរយ​,​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​សម្លាប់​ស្មៅ មានតម្លៃ​ទឹកប្រាក់​ជាង​ ១២០​ លាន​ដុល្លារ ថយចុះ​ជិត​៣០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២២៕