​ភ្នំពេញៈ មន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ឱ្យដឹងថា ស្រូវ​ស្រែប្រាំង​ជួប​បញ្ហា​ខ្វះ​ទឹក ត្រូវបាន​ជួយ​​សង្គ្រោះ តាមរយៈ​ការជីក​ស្តារ​ប្រឡាយ ការបើកទ្វារ​ទំនប់ទឹក ការបូមទឹក​ពី​ប្រភព​មេ​ចូល​ប្រឡាយ​រង និង​ការបូមទឹក​ដាក់ចូល​ក្នុង​ស្រែ​ជួយសង្គ្រោះ​ស្រូវ​បាន​ចំនួន​ ១០ ៧៧៧​ ហិកតា ស្មើនឹង ៣២,៦២ ​ភាគរយ នៃ​ផ្ទៃដី​ជួប​បញ្ហា​ខ្វះ​ទឹក​នៅ​ទូទាំងប្រទេស​។​


​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​​ ២៩ ខែមករា ឆ្នាំ​ ២០២៤​ ថា គិត​ត្រឹម​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២៤​ ផ្ទៃដី​ដាំ​ដុះ​ស្រូវ​រដូវ​ប្រាំង​សម្រេចបាន​ចំនួន ៧៥៣ ០២៣ ​ហិកតា​ស្មើនឹង​ ១៥០,៩៥​ ភាគរយ​នៃ​ផែនការ​ចំនួន ៤៩៨ ៨៥៨ ​ហិកតា លឿន​ជាង​ឆ្នាំ ​២០២៣ ចំនួន ២៣១ ៤៥៦ ​ហិកតា បើ​ធៀប​រយៈពេល​ដូចគ្នា ដែល​សម្រេច​បានត្រឹមតែ​ ៥២១ ៥៦៧​ ហិកតា​ប៉ុណ្ណោះ​។​

​ផ្ទៃដី​ដែល​បាន​ជួប​បញ្ហា​ខ្វះ​ទឹក​សរុប​មាន​ចំនួន​ ៣៣ ០៣៥​ ហិកតា​ស្មើនឹង​ ៤,៣៩​ ភាគរយ នៃ​ផ្ទៃដី​ដាំ​ដុះ​នៅ​រាជធានី ខេត្ត​ចំនួន ​១០​ រួមមាន ខេត្ត​ពោធិ៍​​សាត់​១៤ ៤០២​ ហិកតា​,​បាត់​ដំបង ៩ ៥៥៨ ​ហិកតា​, ព្រៃវែង ៣ ៦៥០ ​ហិកតា​, កំពង់ចាម ១ ៥០២ ​ហិកតា​,​កំពង់ឆ្នាំង​ ១២៨២ ​ហិកតា​, ត្បូងឃ្មុំ​ ១ ២១៨ ​ហិ​ក​តា​, កំពង់ធំ ៨៥០ ​ហិកតា​, កំពត ២៧៦ ​ហិកតា​, តាកែវ ២៤៧​ ហិកតា និង​ភ្នំពេញ ​៥០​ ហិកតា​។​


​កញ្ញា អ៊ឹម​ រចនា​ ថ្លែងថា​៖ «​ផ្ទៃ​ដី​ជួប​បញ្ហា​ខ្វះ​ទឹក​ដែល​ទទួល​បានការ​សង្គ្រោះ​នៅក្នុង​រាជធានី​ខេត្ត​ចំនួន​ ៩ រួមមាន ខេត្ត​បាត់​​ដំបង ​៤ ០៥៥ ​ហិកតា​, ព្រៃវែង​ ៣ ៦៥០​ ហិកតា​, កំពង់ចាម​ ១ ២២៩ ​ហិកតា​,​ត្បូងឃ្មុំ ៦៣៥ ​ហិកតា​, កំពង់ឆ្នាំង​ ៤៤០​ ហិកតា​, កំពត​ ២៧៦ ​ហិកតា​, តាកែវ​ ២៤៧ ហិកតា​, កំពង់ធំ ១៩៥​ ហិកតា និង​រាជធានី​ភ្នំពេញ ​៥០ ​ហិកតា​»​។​

​ក្នុងចំណោម​ផ្ទៃដី​ដែល​បាន​ជួយសង្គ្រោះ នៅតាម​បណ្តា​ខេត្ត​ទាំង​ ៩ ​នេះ ខេត្តបាត់ដំបង ក៏​ជា​ខេត្ត​ដែល​ត្រូវបាន​ជួយសង្គ្រោះ​លើ​បញ្ហា​ខ្វះខាត​ទឹក​នេះដែរ​។ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៩ ខែ​មករា​ថា ផ្ទៃដី​ជាង​ ៤ ​ពាន់​ហិកតា ក្នុងចំណោម​ផ្ទៃដី​ប៉ះពាល់​ដោយ​ការខ្វះខាត​ទឹក​ជិត​ ៦ ៥០០០ ​ហិកតា ដែល​ត្រូវបាន​អាជ្ញាធរខេត្ត​សហការ​ជាមួយ​ក្រសួង​ធន​ធាន​ទឹក និង​កសិកម្ម បាន​ជួយ​សង្គ្រោះ​ទាន់ពេលវេលា​។ 


​លោក​បន្តថា​៖ «​ខេត្តបាត់ដំបង​យើង នៅ​ខាង​ស្រុក​មោងឫស្សី មាន​បញ្ហា​ខ្វះខាត​ទឹក​ច្រើនជាងគេ បើ​ធៀប​នឹង​ស្រុក​ដទៃទៀត​ដោយ​សារ​ស្រុក​នេះ​នៅ​ឆ្ងាយ​ពី​ទំនប់​និង​ប្រព័ន្ ធធារាសាស្ត្រ​ដល់​ទៅ​ជាង​ ១០០​ គីឡូម៉ែត្រ​ឯណោះ​។ ប៉ុន្តែ​នៅពេល​ទំនប់​ស្ទាក់​ទឹក​ដូន​ទ្រី​សាងសង់​រួចហើយ​នៅ​ឆ្នាំក្រោយ វា​នឹង​លែងមាន​បញ្ហា​ខ្វះខាត​នៅ​ស្រុក​មោងឫស្សី​នេះ​ទៀតហើយ​។ មិន​ត្រឹមតែ​ស្រុក​មោងឫស្សី​នោះទេ ស្រុក​រុក្ខ​គិរី និង​ស្រុក​កោះ​ក្រឡ ក៏មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​វិញ​ដែរ​»​។​

​លោក ​សុខ លូ​ បន្ថែមថា ខេត្តបាត់ដំបង​មាន​ប្រព័ន្ធ​ធា​រា​​សាស្ត្រ​ធំៗ​ចំនួន​ ៤ ​សម្រាប់​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ផង និង​ជួយ​ដល់​ការស្រោចស្រព​ដំណាំ​របស់​ប្រ​​ជា​កសិករ​ផងដែរ ដែល​ទំនប់​ទាំង​​នោះ រួមមាន​៖ ទំនប់​សេក​សក​, ទំនប់​បឹង​កំពីងពួយ​, ទំនប់​ស្ទឹង​ប​វេ​ល និង​ទំនប់​បាសាក់ ដែល​សុទ្ធតែជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់ សម្រាប់​ការដាំដុះ​របស់​កសិករ មិន​បារម្ភ ពី​គ្រោះរាំងស្ងួត​។​

​ទោះយ៉ាងណា​លោក​អភិបាល​ខេត្ត​បាន​បន្ត​អំពាវនាវ​ថា​៖ «​សូម​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​ធនធាន​ទឹក ដោយ​ផ្អាក​ធ្វើស្រែ​ប្រាំង​លើក​ទី ​២ និង​ទី​ ៣ ​សិន ព្រោះថា យើង​មានការ​ខ្វះខាត​ទឹក ព្រោះ​ត្រូវ​ទុក​ទឹក​ដែល​នៅសល់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ប្រើ​សម្រាប់​ការចិញ្ចឹម​សត្វពាហនៈ​ជាដើម​»​។​

​លោក សុខ លូ បន្តថា៖ «​ដូច​យើង​បានឃើញ​ការជូនដំណឹង​កន្លងទៅ​ហើយដោយ​សារ​យើង​ទទួល​ឥទ្ធិពល​ពី​បាតុភូត​អែល​នី​ណូ​ទើប​នាំឱ្យ​ការរាំងស្ងួត​កាន់​​តែ​អូសបន្លាយ និង​ធ្ងន់​ទៅ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ ខណៈដែល​អាជ្ញាធរ​យើង​កំពុង​ខិតខំ​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​ទៀត​ចំពោះ​ស្រូវ​ដែល​រង​ផលប៉ះពាល់​»​។​

​បើតាម​ក្រសួងកសិកម្ម ផ្ទៃដី​ដែល​កំពុង​ខ្វះ​ទឹក និង​អាច​ប្រឈម​នឹង​ការខូចខាត​ឬ​ថមថយ​ទិន្ន​ផល​ក្នុងករណី​ពុំមាន​ភ្លៀង​កក់​ខែ ឬ​ពុំមាន​យន្តការ​ជួយសង្គ្រោះ​ណាមួយ​សរុប​មាន​ចំនួន ២០ ២១៨​ ហិកតា នៅ​ខេត្ត​ចំនួន​ ៦ រួមមាន​៖ ខេត្តពោធិ៍សាត់​ចំនួន ១២ ៣៦២​ ហិកតា​, បាត់ដំបង ចំនួន ៥ ៥០៣​ ហិកតា​, កំពង់​​ឆ្នាំង​ចំនួន ​៨៤២​ ហិកតា​,​កំពង់ធំ​ចំនួន ៦៥៥​ ហិកតា​, ត្បូងឃ្មុំ​ចំនួន ៥៨៣​ ហិកតា និង​ខេត្ត​កំពង់​ចាម ចំនួន ២៧៣ ហិកតា​។​

​ក្នុងនោះ​ផ្ទៃដី​ចំនួន ៧ ៧៣៤​ ហិកតា អាច​ខូចខាត​ទាំងស្រុង ដែលមាន​ខេត្តបាត់ដំបង​ចំនួន ៥ ៥០៣ ​ហិកតា និង​ខេត្ត​ពោធិ៍​សាត់​ចំនួន​ ២ ២៣១​ ហិកតា​៕