​ភ្នំពេញៈ អន្តរក្រសួង និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​​មីន​កម្ពុជា​បានរៀបចំ​វេទិកា​សា​ធារ​ណៈ ដើម្បី​ស្តាប់​កង្វល់ សំណូមពរ និង​ដំណោះស្រាយ ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ខណៈ​ក្រុមការងារ​ជំនាញ​នឹង​បើក​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​នៅ​បាតទន្លេ នៅ ​២​​ ទីតាំង​បន្ថែមទៀត នៅក្នុង​ភូមិសាស្ត្រ ឃុំ​ព្រែក​សំបួរ និង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។​


​វេទិកាសាធារណៈ​ស្ដីពី​កិច្ច​​ប្រតិបត្តិការ បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ​បាន រៀបចំឡើង កាលពី​ថ្ងៃទី​ ២៨ ខែមករា ឆ្នាំ​ ២០២៤ ក្នុងស្រុក​លើកដែក ខេត្តកណ្តាល​ដោយមាន​ការចូលរួម​ពី​មន្ត្រី​នៃ​ក្រសួង​​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួង​រ៉ែ និង​ថាមពល រួម​នឹង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​។​

​លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ថ្លែង​នា​ពិធី​នោះ​ថា ការ​បោសសម្អាត​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម និង​នាវា​លិច​បាតទន្លេ មាន​សារៈសំខាន់​ក្នុងការ​ពង្រឹង​សន្តិសុខ​ជាតិ សុខ​សុវត្ថិភាព ការដឹកជញ្ជូន​ផ្លូវទឹក និង​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ ដែលជា​កត្តា​ចូល​​រួម​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​ផងដែរ​។​


​លោក​បាន​ថ្លែង​បញ្ជាក់ថា​៖ «​ប្រសិន​បើតាម​ផ្លូវទឹក តាម​ដង​ទន្លេ​មិនមាន​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក បាតទន្លេ និង​មាន​សុវត្ថិភាព​នោះ ប្រទេស​យើង​នឹងមាន​នាវា​ទេសចរណ៍​អន្តរជាតិ​ធំៗ​នឹង​នាំមក​នូវ​ទេសចរ​ចូលមក​ប្រទេស​កម្ពុជា​យើង​តាម​ដង​ទន្លេ និង​ការដឹក​​ជញ្ជូន​ផងដែរ​»​។​

​លោក ហេង រតនា បាន​បន្តថា ទន្ទឹមនឹងនេះ​សំណល់​យុទ្ធ​​ភណ្ឌ និង​បំណែក​នាវា​លិច​នៅ​បាតទន្លេ អាច​ប្រើប្រាស់​សម្រាប់​ដាក់តាំង​បង្ហាញ​ពី​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា​ផងដែរ​។​


​បើតាម​លោក ហេង រតនា បញ្ជាក់ថា​៖ «​នេះ​គឺ​កិច្ច​សហ​ប្រតិបត្តិការ ស្រង់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោយពី​របប​សង្គ្រាម​នេះ អ៊ីចឹង​ហើយ​! ត្រង់ចំណុច​នេះ​ដាច់ខាត​យើងទាំងអស់គ្នា​ត្រូវតែ​ចូលរួម​យក​គ្រាប់​ឱ្យអស់ ព្រោះ​យើង​នៅមាន​កន្លែង​ជា​​ច្រើន​ទៀត​ ដែល​ត្រូវយក​យុទ្ធ​ភណ្ឌ​ចេញ​»​។​

​លោក ម៉ុង សុគន្ធា​រ័ត្ន ប្រធាន​នាយកដ្ឋាន​កណ្ដាល ទទួលបន្ទុក​កងឯកភាព​បោសសម្អាត​មីន​ដើម្បី​អភិវឌ្ឍន៍ និង​អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោម​ទឹក បានលើកឡើង​ដែរ​ថា បញ្ហា​ទូទៅ​នៃ​នាវា​ទូក​លិច​ក្នុង​ទឹក និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​កម្ពុជា បាន​រង​ការវាយប្រហារ​ចំនួន ៣៨៤ លើក និង​ការទម្លាក់​គ្រាប់បែក​ធំៗ​ជាច្រើន​ប្រភេទ​។​ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ​។​​

មន្ត្រី CMAC រកឃើញគ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះនៅបាតស្ទឹងសែន​ ខេត្តកំពង់ធំ កាលពីឆ្នាំ ២០២២។ រូបថត CMAC

លោក​ថា ក្នុងនោះ​មាន ប្រភេទ KM ៨៤ ទម្ងន់ ៩២៥ ​គីឡូក្រាម​, KM៨៣ ទម្ងន់ ៤៥០ គីឡូក្រាម​, KM៨២ ទម្ងន់ ២៣០ ​គីឡូក្រាម ពី​យន្ត​ហោះ​ជាង ១០ ០០០ ​គ្រាប់ នៅតាម​ដង​ទន្លេ ក្នុង​ឆ្នាំ​ ១៩៦៩ ដល់​ឆ្នាំ​ ១៩៧៣​។ ក្នុងអំឡុង​សង្គ្រាម​ឆ្នាំ​ ១៩៧០ ដល់​ឆ្នាំ ​១៩៧៥ សង្គ្រាម​មានការ​បាញ់ប្រហារ​នាវា​ដឹក​គ្រាប់​ជា​​ច្រើន​នៅតាម​ដង​ទន្លេមេគង្គ​។​

​លោក ម៉ុង សុគន្ធា​រ័ត្ន បានឱ្យដឹង​ទៀតថា ជាក់ស្ដែង​នៅ​ភូមិ​កោះ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង អង្គ​ភាព​ស៊ីម៉ាក់​បាន​រកឃើញ និង​ស្រង់​គ្រាប់​មិនទាន់​ផ្ទុះ និង​មីន ចេញពី​នាវា​ដែល​បាន​បាញ់​លិច បាន​ចំនួន​សរុប ២១ ៥៥៦ ​គ្រាប់ និង​បំណែក​នាវា​ទម្ងន់ ២២១,៨០៤ គីឡូក្រាម​។​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​កណ្ដា​ល ទទួលបន្ទុក​កងឯកភាព​បោស​សម្អាត​មីន​ដើម្បី​អភិវឌ្ឍន៍ និង​អង្គភាព​ពិសេស​ប្រតិបត្តិការ​ក្រោម​ទឹក បាន​បង្ហាញថា ដោយសារ​ទំហំ​កិច្ចប្រតិបត្តិការ​បោសសម្អាត​យុទ្ធភណ្ឌ​មិន​​ទាន់​ផ្ទុះ និង​ស្រង់​នាវា​លិច​បាត​ទន្លេ មាន​វិសាលភាព​ធំធេង ក្រុមការងារ​បោសសម្អាត​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​របស់​អន្តរ​ក្រសួង​មាន​ផែនការ​ពង្រីក​កម្លាំង​ប្រតិបត្តិការ​របស់ខ្លួន​ចូល​ទីតាំង​ចំនួន​ ២ ​បន្ថែមទៀត​ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​ទីតាំង​ទី​១ ស្ថិតនៅ​ក្នុងភូមិ​ខ្ពប ឃុំ​ព្រែក​សំបួរ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដែលមាន​ផ្ទៃដី ១ ៦៩០ ០០០ ម៉ែត្រការ៉េ និង​ទី​តាំងទី​២ គឺ​ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ថ្មី ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដែលមាន​ផ្ទៃដី ៩៧ ៣៥០ ម៉ែត្រការ៉េ​។ ទីតាំង​ទាំង​ ២ ​នេះ ក្រុមការងារ​បានចាប់ផ្ដើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​ ២០២៣​។

ចំពោះ​ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទះ​ទាំង​ ២​ ទីតាំង​នេះ អង្គភាព​ស៊ីម៉ាក់ មាន​ផែនការ​ពង្រាយ​កម្លាំងរ​បស់​ខ្លួន​ប្រមាណ​ ១០០ ​នាក់ និង​កម្លាំង​នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាលជាតិ ចំនួន ១២​ នាក់​ទៀត ដោយ​ប្រើប្រាស់​សម្ភារ​បច្ចេកទេស​សំខាន់ៗ សម្រាប់​គាំ​ទ្រ​ដល់​កិច្ចប្រតិបត្តិការ​នេះ​៕