ភ្នំពេញៈ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម «គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)» បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនពលរដ្ឋរស់នៅក្នុងខេត្តកំពតដោយឥតគិតថ្លៃ ជាង ៣ ៥០០ នាក់។
ពិធីចុះពិនិត្យព្យាបាលនេះត្រូវបានធ្វើឡើង កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ ដោយបានពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួតជូនដល់ប្រជាពលរដ្ឋប្រមាណ ៣ ៥១២ នាក់ ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ នេះបើយោងតាមរបាយការណ៍របស់ TYDA។
លោកស្រី ពេជ ចន្ទមុន្នី មានប្រសាសន៍ថា៖ «សម្ដេចតេជោហ៊ុន សែន,សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (ប៊ុន រ៉ានី) និងសម្តេចធិបតី (ហ៊ុន ម៉ាណែត) លោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ»។
លោកស្រីបន្ថែមថា ជាក់ស្ដែង TYDA បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀន«ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងជាង ១០ ឆ្នាំមកហើយ»។
បើយោងតាម TYDA ពលរដ្ឋដែលបានទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ទាំងអស់បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យជំនាញដែលបានចុះមកព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ ដោយមិនមានការបង់ថ្លៃអ្វីឡើយ។
លោក សុខ រដ្ឋា ដែលមានជំងឺក្រពះ និងពោះវៀនបានមកពិគ្រោះ និងពិនិត្យជំងឺជាមួយនឹងក្រុមគ្រូពេទ្យ TYDA ថ្លែងថា លោកពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលមានក្រុមគ្រូពេទ្យចុះមកពិនិត្យព្យាបាលដោយឥតគិតថ្លៃដូចនេះ។
លោកថា៖« ខ្ញុំត្រេកអរខ្លាំងណាស់ដែលបានឃើញជាក់ស្តែងចំពោះសម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានស្វែងយល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយនាំគ្រូពេទ្យមកពិនិត្យ និងព្យាបាលជំងឺឱ្យពួកយើងខ្ញុំដោយមិនគិតលុយ»។
លោកថា លោកខ្វះខាតថវិកាពុំមានលទ្ធភាពទៅមន្ទីរពេទ្យទេ ពេលឃើញក្រុមគ្រូពេទ្យចុះមកពិនិត្យ និងព្យាបាល លោកសប្បាយចិត្តខ្លាំងណាស់ហើយក៏សូមអរគុណដល់ក្រុមគ្រូពេទ្យផងដែរដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ។
លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថា គោលបំណងសំខាន់របស់ TYDA គឺការរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាលដើម្បីផ្ដល់សេវាសុខភាពជូនពលរដ្ឋដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្ដល់សេវាសុខភាពជូនពលរដ្ឋក្រីក្រដល់តាមទីជនបទ ដាច់ស្រយាល៕