​ភ្នំពេញៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា ស្ពាន​អាកាស​ទី​៦ ដែលជា​ចំណុចប្រសព្វ​រវាង​មហាវិថី​ «​សម្តេច​តេ​ជោ ហ៊ុន​ សែន​» មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​ ២៧១ គ្រោង​បើក​ឱ្យ​ដំណើរ​ការ​បណ្តោះអាសន្ន​ក្នុង​ដំណាក់​កាល​ទី​១ នៅ​រយៈពេល​ ៧៤ ​ថ្ងៃ​ទៀត ខណៈដែល​លោក​ក៏មាន គម្រោង​នឹង​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី ដើម្បី​ប្រសិទ្ធ​នាម​ស្ពាន​អាកាស​ថ្មី​នេះ​ថា «​ស្ពាន​អាកាស​មរតក​​តេ​ជោ​» ផងដែរ​។​


​លោក​បានប្រកាស​បែបនេះ នៅ​ថ្ងៃទី ​២៩ ខែមករា ក្នុង​ពិធី​ភ្ជាប់​ស្ពាន​អាកាស (​ខ្សែ​មេ​) ភ្ជាប់​ពី​មហាវិថី ​«​សម្តេច​ហ៊ុន សែន​» ទៅ​មហាវិថី​ព្រះមុនីវង្ស ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​។ ក្នុង​ពិធី​នោះ​លោក ឃួ​ង ស្រេង និង​តំណាង​ក្រុមហ៊ុន​សាងសង់​បាន​ចាក់​បេតុង​ចំ​កណ្តាល​ស្ពាន ជា​និមិត្តរូប​នៃ​ការតភ្ជាប់​ស្ពាន​ខ្សែ​មេ​ជា​ផ្លូវការ​។ 

​លោក​ ឃួ​ង ស្រេង ថ្លែងថា​៖ «​នេះ​ជា​ស្ពាន​អាកាស​ទី៦ ហើយ​ស្ពាន​នេះ​មាន​៣​ជាន់ ដោយ​យើង​គ្រោង​នឹងដាក់​ឈ្មោះថា ស្ពាន​អាកាស​មរតក​តេ​ជោ តែ​ខ្ញុំ​នឹង​ស្នើ​ទៅ​សម្តេច​ធិបតី​សិន​។ ស្ពាន​នេះ សម្រេចបាន​លើ​ការ​​សាងសង់ ក្នុងដំណាក់កាល​ទី១ ហើយ​ ៧៤​ ថ្ងៃ​ទៀត អាជ្ញាធរ​នឹង​ស្នើសុំ​គោលការណ៍​ទៅ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​សម្រួលការ​កក​​ស្ទះចរាចរណ៍​»​។ 


​ក្នុងដំណាក់កាល​ទី​១ ការសាងសង់​ស្ពាន​អាកាស​ព្រះមុនីវង្ស​ថ្មី​នេះ​បច្ចុប្បន្ន​សាង​សង់​បានសម្រេច​ប្រមាណ ​៨០​ ភាគរយ​ហើយ ហើយ​តាម​ផែន​ការគ្រោង​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មីនា ឆ្នាំ​ ២០២៤ ខាងមុខ​។ ចំណែក​ដំណាក់កាល​ទី២ គ្រោង​នឹង​បញ្ចប់​មុន​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំ ​២០២៥​។​

​លោក​ ឃួ​ង ស្រេង បញ្ជាក់ថា​៖ «​យើង​បញ្ចប់​ការសាងសង់​ទៅតាម​ពេល​កំណត់ ហើយ​ខ្ញុំ​សូម​ជម្រាប​ដែរ​ថា ស្ពាន​អាកាស​នេះ គឺជា​ការសាងសង់​ដោយ​វិស្វករ​ខ្មែរ​យើង​ជា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​នៅ​សាលា​តិច​ណូ​។ មិនមែន​ឱ្យតែ​ឃើញ​ធ្វើ​ស្ពាន សុទ្ធតែ​ជំនាញការ​ចិន​នោះទេ​។ មាន​ដែរ​អ្នកជំនាញការ​ចិន តែមាន​តិចតួច​ប៉ុណ្ណោះ​។ ដូច្នេះ នេះ​ជា​មោទនភាព​របស់​យើង​ដែរ​ដែល​យើង​មាន​និស្សិត​ជំនាញ​អាច​សាងសង់​ស្ពាន​អាកាស​របស់​ខ្លួនឯងបាន​»​។ 


​ទន្ទឹមគ្នានេះ លោក​ក៏បាន​លើកឡើង​ឱ្យដឹង​ដែរ​ថា ក្រៅពី​ស្ពាន​អាកាស​មរតក​តេ​ជោ​នេះ ជាការ​គិតគូរ​របស់​រាជ​រដ្ឋា​​ភិ​បាល អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​កសាង​ស្ពានបេតុង​ឆ្លងទន្លេ​បាសាក់​ថ្មី​មួយកន្លែង​ទៀត​គឺ​ស្ពាន​ព្រែកប្រា ដែល​ស្ពាន​នេះ​នឹង​ប្រើ​ប្រាស់​ថវិកាជាតិ​សម្រាប់​សាង​សង់​ផងដែរ​។

លោក​ថ្លែងថា​ «​ស្ពាន​ព្រែកប្រា​នេះ​នឹង​ផ្តល់​អត្ថ​​ប្រយោជន៍​ក្នុងការ​រំដោះ​ចរាចរណ៍ ពី​តំបន់​ព្រែកប្រា មក​ផ្លូវ​ ២១៧ បន្ត​មក​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ បន្តទៅ​ផ្លូវ​ល្បឿន​លឿន​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​»​។

​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នា​ក់​ងារ​អចលនវត្ថុ​កម្ពុជា បាន​សាទរ​ចំពោះ​ដំណឹង​នេះ ដោយ​លោក​រំពឹងថា ស្ពាន​អាកាស​ថ្មី​នេះ​ថ្វី​ដ្បិត​មិនទាន់​បញ្ចប់​ការសាងសង់​ចប់ ​១០០ ​ភាគរយ តែ​អាជ្ញាធរ​គ្រោង​អនុញ្ញាតឱ្យ​ដំណើរការ​បណ្តោះ​អាសន្ន អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ​ខណៈ​កន្លងទៅ​នៅ​ចំណុច​នេះ​មានការ​កកស្ទះ​ជាប្រចាំ ទោះបី​ជាមាន​ស្ពាន​អាកាស​ក្បាលថ្នល់ ​១ និង​ស្ពាន​កោះនរា​ហើយក៏​ដោយ​។​

​ទោះជា​យ៉ាងណា លោក​បាន​លើកឡើងថា បើទោះបី​ជាមាន​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ផ្លូវ​ច្រើនយ៉ាង​ណា​ក្តី​បើសិនជា​ការបើកបរ​រ​បស់​ពលរដ្ឋ​មិន​គោរព​ច្បាប់​ចរាចរណ៍ ជិះ​បញ្ច្រាស ឬ​ប្រជ្រៀត​វ៉ា​ជែង ដោយ​មិន​គោរព​ច្បាប់ នោះ​ការ​កកស្ទះ និង​គ្រោះថ្នាក់​នៅតែមាន​ដដែល​។​

​លោក​ សុខ​នី​ម ស្នើថា​៖ «​យើង​បាន​មើលឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋា​​ភិ​បាល​ជាពិសេស​អាជ្ញាធរ​រាជ​ធានី ក្នុងការ​សាងសង់​ហេ​ដ្ឋា​រ​ច​នា​សម្ព័ន្ធ​បាន​ច្រើន​។ ប៉ុន្តែ​យើង​ក៏​មើលឃើញ​ពី​ការបើកបរ​មិន​គោរព​ច្បាប់​របស់​ពលរដ្ឋ​ច្រើន​ដែរ​។ ខ្ញុំ​សូម​ស្នើឱ្យ​ពលរដ្ឋ​យើង​បើកបរ​ដោយមាន​ទំនួល​ខុសត្រូវ កុំ​ជិះ​បញ្ច្រាស កុំ​វ៉ា​ជែង​ដោយ​គ្មាន​របៀប​នាំ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​»​។​

​ក្នុងនាម​ជា​អ្នកជំនាញ​អចលន​ទ្រព្យ លោក សុខ​នី​ម បាន​មើលឃើញថា ស្ពាន​អាកាស​ថ្មី​នេះ ក៏​នឹង​រួមចំណែក​ជំរុញ​សកម្មភាព​មមាញឹក ផ្នែក​ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​តំបន់​ខណ្ឌចំការមន​និង​ខណ្ឌមានជ័យ​នេះ​ផងដែរ​។​

​សូមបញ្ជាក់ថា ស្ពាន​អាកាស​ទី ៦​ នេះ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី «​សម្តេច​តេ​ជោ ហ៊ុន​ សែន​», មហាវិថី​ព្រះមុនីវង្ស និង​ផ្លូវ​លេខ​ ២៧១ ក្នុង​មូលដ្ឋាន​ខណ្ឌចំការមន និង​ខណ្ឌ​មាន​​ជ័យ​។ តាម​គម្រោង​ស្ពាន​អាកាស​ទី ​៦ ​នេះ​ត្រូវ​ចំណាយ​ថវិកា​សាង​សង់​ប្រមាណ ៣៦​ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់ ​៣៦ ​ខែ​៕